តៃវ៉ាន់​គ្រោង​ផលិត​​នាវាមុជទឹក​​ស្រប​ពេល​ចិន​​កំពុង​ឃ្លាំមើល​​មិន​ដាក់​ភ្នែក​

22-03-2017 4:26 pm 2733
នាវាមុជទឹក​ដែលតៃវ៉ាន់​កំពុងប្រើ​បច្ចុប្បន្ន

​តៃវ៉ាន់​គ្រោង​នឹង​ផលិត​នាវាមុជទឹក​ដោយ​ខ្លួនឯង​ជា​លើកដំបូង​នៅ​ឆ្នាំ​២០២៤​។​តៃវ៉ាន់​ថា​ពិតជា​មាន​សារៈសំខាន់ ដែល​ត្រូវ​មាន​នាវាមុជទឹក​មាន​សមត្ថ​ភាព​ខ្ពស់ ដាក់ពង្រាយ​នៅក្នុង​សមុទ្រ​ជុំវិញ​ដែន​កោះ ស្រប​ពេល​ចិន​កំពុង​ពង្រីក​អំណាច​យោធា​របស់​គេ​។​ម្យ៉ាង​នាវាមុជទឹក​របស់​តៃវ៉ាន់​ដែល​ទិញ​ពី​បរទេស​បួន​គ្រឿង ក៏​កាន់តែ​ចាស់​ណាស់​ហើយ ចាំបាច់​ត្រូវមាន​នាវាមុជទឹក​ថ្មី​ជំនួស​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន​បាន​និយាយថា ការផលិត​នាវាមុជទឹក​ជា​បញ្ហា​ចម្បង​សម្រាប់​តៃវ៉ាន់​។​លោកស្រី​សង្ឃឹមថា​អាច​ធានាបាន​នូវ​សុវត្ថិភាព និង​អភិវឌ្ឍ​ឧស្សាហកម្ម​យោធា​តាមរយៈ​គម្រោង​នេះ​។​

​ជា​ការកត់សម្គាល់ មាន​ប្រទេស​ជាច្រើន​ស្ទាក់​ស្ទើរនឹង​លក់​នាវាមុជទឹក​ទៅឲ្យ​តៃវ៉ាន់ បើទោះបី​តៃវ៉ាន់​មានលទ្ធភាព​ទិញ​ក៏ដោយ​។​មូលហេតុ​ដោយសារ​តែ​គោល​នយោបាយ​ចិន​តែ​មួយ​របស់​ទីក្រុង​ប៉េកាំង​។​ចិន​ចាត់ទុក​តៃវ៉ាន់​ជា​ខេត្ដ​របស់ខ្លួន ដូច្នេះ​តៃវ៉ាន់​គ្មាន​សិទ្ធិ​ផ្ដាច់ខ្លួន ឬ​ទាមទារ​ឯករាជ្យ​បានឡើយ​។​សកម្មភាព​នានា​មាន​នយោបាយ យោធា​ជាដើម បាន​ស្ថិតក្រោម​ការឃ្លាំមើល​របស់​ចិន​។​ចំពោះ​វិស័យ​យោធា ចិន​រឹតតែ​មិន​ចង់​ឲ្យ​តៃវ៉ាន់​ធ្វើ​ទំនើបកម្ម ដោយ​ខ្លាច​តៃវ៉ាន់​បះបោរ​ប្រឆាំង​។​

​ថ្មីៗ​នេះ​ចិន​បាន​ព្រមាន​ចំៗ​ទៅ​អាមេរិក គ្រាន់តែ​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ ជជែក​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិន បង្ហាញ​ជំហរ​ចង់​រឹតចំណង​មិត្ដភាព​ជា​មួយគ្នា​។​ចិន​ប្រាប់​អាមេរិក​កុំឲ្យ​បំពាន​គោល​នយោបាយ​ចិន​តែមួយ​។​តៃវ៉ាន់​ជា​ដែន​អធិបតេយ្យ​របស់​ចិន ហេតុ​នេះ​បើ​ចង់​រឹតចំណង​មិត្ដភាព ត្រូវ​ជជែក​ជាមួយ​ចិន​មិនមែន​តៃវ៉ាន់​ទេ​។​បើ​គាំទ្រ​តៃវ៉ាន់ ដូច​ចង់​ឲ្យ​កោះ​មួយ​នេះ​ផ្ដាច់ខ្លួន​ចេញពី​ចិន​អ៊ីចឹង​ដែរ​៕

 ពាក្យគន្លឹះ  តៃវ៉ាន់

ព័ត៌មានផ្សេងទៀត