កម្ពុជា​​ចាត់ទុក​ចិន​​ជា​ដៃគូ​​យុទ្ធសាស្ត្រ​​គ្រប់​ជ្រុងជ្រោយ​​

22-03-2017 1:43 pm 1418

លោក​ហោ ណាំហុង ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​ខាង​កម្ពុជា បាន​ដឹកនាំ​អង្គប្រជុំ​ផ្ទៃក្នុង​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២២ មីនា ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៤ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តររដ្ឋាភិបាល​កម្ពុ​ជា​-​ចិន ដែល​គ្រោង​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។​

 

​ថ្លែង​ក្នុង​ឱកាស​នោះ​លោក​ហោ ណាំហុង បញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​កម្ពុជា​-​ចិន គឺជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល គឺ​មិន​គ្រាន់តែ​បម្រើ​ផលប្រយោជន៍​ជា​មូលដ្ឋាន​សម្រាប់​ប្រជាជន​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ តែ​វា​ជាការ​រួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព ស្ថេរភាព និង​អភិវឌ្ឍន៍​សម្រាប់​តំបន់ ទាំងមូល​ដែរ​។

 

​ក្នុង​កិច្ចប្រជុំ​នេះ លោក​ហោ ណាំហុង បាន​លើក​បញ្ហា​សំខាន់ៗ​មួយចំនួន មក​ពិភាក្សា​មានដូចជា​៖

១.​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​៖ ពង្រឹង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ជា​ពិសេស​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ផ្លូវដែក ផ្លូវទឹក និង​ផ្លូវអាកាស​ធ្វើយ៉ាងណា​ឲ្យមាន​ការហោះ​ហើរ​ត្រង់​ពី​ចិន មក​កម្ពុជា ដើម្បី​ឲ្យមាន​ទេសច​រចិន កាន់តែ​ច្រើន​មក​កម្ពុជា​។ រួម​គ្នា​ជំរុញ “​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​” ដែល​មាន​សារៈសំខាន់ ជា​គន្លឹះ​សម្រាប់​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ចិន​។

 

២. វិស័យ​ថាមពល​៖ ស្នើ​ចិន ជួយ​កម្ពុជា រៀបចំ​ផែនការ​ថាមពល​ប្រើប្រាស់​ពន្លឺ​ថ្ងៃ ដែល​នឹង​មាន​តម្លៃថោក និង​ជា​ថាមពល​ស្អាត​។ លើកទឹកចិត្ត​ឲ្យ​សហគ្រា​សចិន​ចូលរួម​កសាង និង​ពង្រីក​បណ្តាញ​អគ្គិសនី​តាម​ជនបទ​។​

 

៣. វិស័យ​កសិកម្ម​៖ ស្នើ​ចិន​ជួយ​កម្ពុជា​បង្កើត​ផែនការអភិវឌ្ឍន៍​កសិកម្ម​តាម​បែប​ទំនើប បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​ដំណាំ​កៅស៊ូ​ធម្មជាតិ អង្ករ ដំឡូង​មី បន្លែ ផ្លែឈើ ពោត​។​ល​។ ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការ​ចិញ្ចឹមសត្វ និង​នេសាទ ដើម្បី​បង្កើន​កម្រិត​បច្ចេកវិទ្យា​ក​សិ​-​ឧស្សាហកម្ម ដើម្បី​នាំចេញ​ទៅ​បរទេស​។​

 

៤. ការកសាង​កំពង់ផែ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ និង​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះ សីហនុ​៖ គឺ​ពង្រីក​ការសាងសង់​កំពង់ផែ​សមុទ្រ ជាពិសេស​កំពង់ផែ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​ច្រមុះ នៃ​ការនាំចេញ​-​នាំចូល​ទំនិញ​។ លើកទឹកចិត្ត​សហគ្រាស​ចិន ដើម្បី​ធ្វើ​ការជំរុញ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ ឲ្យក្លាយ ទៅ​ជា​ទីតាំង​សំខាន់​សម្រាប់​សហគ្រាស​ចិន​ធ្វើ​ការវិនិយោគ​នៅ​កម្ពុជា​។​

 

៥. វិស័យ​វប្បធម៌​៖​លើកទឹកចិត្ត​ក្នុងការ​ធ្វើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌ ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ការទទួលស្គាល់​តម្លៃ​ស្នូល​នៃ​វប្បធម៌​បុរាណ និង​ទំនើប​របស់​ប្រទេស​កម្ពុជា និង​ចិន​។​

 

​និង​ទី​៦. វិស័យ​ទេសចរណ៍​៖ ជំរុញ​កិច្ចសហប្រតិបត្តិការ​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​លើ​វិស័យ​ទេសចរណ៍ ធ្វើយ៉ាងណា​ឲ្យមាន​ទេសច​រ​ចិន​ចំនួន​២​លាន​នាក់ មក​ទស្សនា​កម្ពុជា​ក្នុង​ឆ្នាំ​២០២០៕

 

​ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  កម្ពុជា-ចិន

ព័ត៌មានផ្សេងទៀត