បន្ទាប់ពីបញ្ចប់ផ្លូវថ្មើរជើង តាមមាត់ទន្លេចតុមុខ រហូតដល់បញ្ជរទេសចរណ៍មុខព្រះបរមរាជវាំង រួចរាល់កាលពីចុងឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ បានប្រជុំពិភាក្សាស្តីពីគម្រោងប្លង់ស្ថាបនា សួនច្បារ និងផ្លូវថ្មើរជើងតាមមាត់ទន្លេចាប់ពីមុខផ្សាររាត្រីដល់ស្ពានជ្រោយចង្វារ និងពីស្ពានកោះពេជ្រដល់ស្ពានក្បាលថ្នល់ ជាបន្តទៀត។
នៅព្រឹកថ្ងៃទី២១ មីនា នេះ លោកអៀង អូននី អភិបាលរង រាជធានីភ្នំពេញបាន ប្រជុំពិភាក្សាជាមួយអ្នកបច្ចេកទេសសិក្សាលម្អិតអោយបានម៉ត់ចត់ ទាំងប្លង់បច្ចេកទេស ការកំណត់ចំណីទន្លេ និងផលប៉ះពាល់មួយចំនួន។
ផ្លូវថ្មើរជើង តាមច្រាំងទន្លេដោយភ្ចាប់ ចាប់ពីផ្សាររាត្រីដល់ស្ពានជ្រោយចង្វារនេះ លាតសន្ធឹងតាមដងមាត់ច្រាំងទន្លេចតុមុខ ដែលមានប្រវែងសរុប ប្រហែល ១,៦០០ម៉ែត្រ។សាលារាជធានី បញ្ជាក់ថា គម្រោងស្ថាបនាផ្លូវថ្មើរជើងនេះ នឹងចូលរួមលើកសោភ័ណភាពរាជធានីភ្នំពេញ បានមួយកម្រិតទៀត និងសម្រួលដល់ការដើរកំសាន្ត ព្រមទាំងផ្តល់ជាទីធ្លាហាត់ប្រាណសាធារណៈដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅតាមដងទន្លេចតុមុខ៕
ដោយ៖ខាត់ សុធី