កម្ពុជា​​គ្រោង​នាំ​ផ្លែស្វាយ​​កែវ​រមៀត​​ទៅ​ក្រៅ​ប្រទេស​​ឲ្យបាន​​ជាង​១​ម៉ឺន​តោន​​នៅ​ចុង​ឆ្នាំ​២០១៧

20-03-2017 1:39 pm 9632


​យោង​តាម​ការព្យាករណ៍​របស់​លោក​អ៊ី​ន ឆៃ​វ៉ាន់​ប្រធាន​សមាគម​ផ្លែស្វាយ​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថានៅ​ចុងឆ្នាំ​២០១៧ ឬ​ដើមឆ្នាំ​២០១៨​កម្ពុជា នឹង​អាច​នាំ​ចេញ​ផ្លែស្វាយ​កែវ​រមៀត​បានជា​ង ១​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។ ​លោក​អ៊ី​ន  ឆៃ​វ៉ាន់​បានប្រាប់សារព័ត៌មានAkp នៅថ្ងៃទី២០​ខែមីនានេះថា មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ​នឹង​ចំណាយ​ទុន​ប្រមាណ​ពី ៤​ទៅ​៥​លាន​ដុល្លារ​ជា​ជំហាន​ដំបូង ដើម្បី​បង្កើត​រោងចក្រ រួម​ទាំង​ការប្រមូលទិញ​ផ្លែស្វាយ​កែវ​រមៀត ពី​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ​ឲ្យបាន​១​ម៉ឺន​តោន ដើម្បី​នាំចេញ​ទៅ​លក់​នៅ​ប្រទេស​កូរ៉េ​និង​ប្រទេស​បារាំង​។

 

កន្លងមក ការនាំ​ផ្លែស្វាយ​កែវ​រមៀត​ទៅកាន់​ប្រទេស​បារាំង និង​កូរ៉េ បាន​ជួបប្រទះ​នូវ​ឧបសគ្គ ដោយសារ​បញ្ហា​គុណភាព​និង​អនាម័យ​។ យ៉ាងណាក៏ដោយនៅ​ឆ្នាំ​នេះ​លែង​មាន​បញ្ហា​នេះ​ទៀតហើយ ដោយ​ក្រុមហ៊ុន​ម៉ៅ​លី​ហ្គើ​ស៊ី បាន​សហការ​ជាមួយ​ក្រុមហ៊ុន Hyundia មាន​ម៉ាស៊ីន​និង​ឧបករណ៍​ពិសោធន៍ រក​សារធាតុពុល​នៅក្នុង​ផ្លែស្វាយ​កែវ​រមៀត ដែល​ជា​បចេ្ចកវិទ្យា​ចុងក្រោយម​ក​ពី​ប្រទេស​ជប៉ុន​។ ឧបករណ៍​ទាំងនោះ មាន​តួនាទី​សម្លាប់​មេរោគ​ត្រឹម​តែ​រយៈពេល​៤​ម៉ោង ហើយ​ដាក់​ក្លាសេ​ឲ្យ​ត្រជាក់ ដើម្បី​រក្សា​គុណភាព​បាន​ល្អ​ស្រស់ ទើប​អាច​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​បាន​។​

ក្រុមហ៊ុន​នាំ​ស្វាយកែវ​រមៀត​លក់​លើ​ទីផ្សារ​បរទេស​នេះ នឹង​ទិញ​ផ្លែស្វាយ​កែវ​រមៀត ពី​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​នានា​ក្នុងតម្លៃ​មួយ​ដែល​ថ្លៃ​ជាង​តម្លៃ លើ​ទីផ្សារ​ក្នុង​តម្លៃ​ថេរ ព្រោះ​ភាគី​កូរ៉េ​បាន​សន្យាថា​នឹង​ជួយ​ភាគី​កម្ពុជា​ទាំង​បច្ចេកទេស​និង​រក្សា​ស្ថិរភាព​នៃ​តម្លៃ​ស្វាយ​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អាច​បន្ត​ដាំ​ស្វាយកែវ​រមៀត​ប្រកប​ដោយ​បច្ចេកទេស​ត្រឹមត្រូវ​និង​មិន​ប្រើ​គីមី​។

 

​គួរបញ្ជាក់​ថា រដូវ​ផ្លែស្វាយ​កែវ​រមៀត​កម្ពុជា អាច​ប្រមូល​ផល​ចាប់ពី​ខែតុលា​ដល់​ខែ​មេសា​។ យោង​តាម​ស្ថិតិ​ពី​ក្រសួង​កសិកម្ម តាមរយៈ​ពី​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ស្ពឺ​បានឲ្យដឹងថា ផ្លែស្វាយ​កែវ​រមៀត​សរុប​ជាង​៩០០០​តោន ត្រូវបាន​នាំ​ចេញ​ទីផ្សារ​អន្តរជាតិ​កាលពី​ឆ្នាំ​២០១៥​។​

 

​គួរ​ជម្រាបជូន​ថា គម្រោង​ទិញ​ផ្លែស្វាយ​កែវ​រមៀត​បានចាប់ផ្តើម​អនុវត្តន៍ ក្រោយ​ការចុះហត្ថលេខា លើ​កិច្ចសហប្រតិបត្តិការ រវាង​ក្រុមហ៊ុន​ម៉ៅ​លី​ហ្គើ​ស៊ី និង​ក្រុមហ៊ុន Hyundia Indo China PTE-LTD ដែល​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦​។ កិច្ចសហការ​នេះ​គឺ ដើម្បី​នាំ​ផ្លែស្វាយ​កែវ​រមៀត​ទៅកាន់​ប្រទេស​កូរ៉េ​និង​ទីផ្សារ​អន្តរជាតិ ដែល​នេះ​ជា​បំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ចុះ​អនុស្សរណៈ​ជាមួយគ្នា កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥​កន្លងទៅ​៕

 ពាក្យគន្លឹះ  ស្វាយកែវរមៀត

ព័ត៌មានផ្សេងទៀត