អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​​ព្រមាន​ចាត់ការ​​បុគ្គល​មួយ​រូប​​ដែល​​ប្រមាថ​​លោក​សុខ អាន​​

19-03-2017 10:57 am 41523

​លោក​ផៃ ស៊ីផា​ន អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី បានប្រតិកម្ម​នឹង​បុគ្គល​មួយ​រូប​ដែល​បាន​ប្រមាថ​លោក​សុខ អាន រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី​ដែល​ទើបនឹង​ទទួលមរណភាព​កាលពី​ពេល​ថ្មីៗ​នេះ​។ រូប​មួយ​សន្លឹក​ដែល​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម កាលពី​ថ្ងៃ​ទី ១៨ មីនា ឆ្នាំ​២០១៧ ដោយ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វ៊េ​សប៊ុក ឈ្មោះ Vanna Hay បាន​សរសេរ​ប្រមាថ​លោក​សុខ អាន​ជា​ភាសាបរទេស​ថា « R.I.H = Rest In Hell» ដែល​មានន័យ​ដាក់​បណ្ដាសារ​លោក​សុខ អាន​ឲ្យ​ចុះ​នរក​។

អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី​រូបនោះ បាន​បញ្ចេញ​ប្រតិកម្ម​លើ​បណ្ដាញ​សង្គម​នា​ព្រឹក​នេះ​ថា «​បន្ទាប់​ពី​បញ្ចប់​កម្មវិធី​បុណ្យសព​សម្តេច​វិបុល​បញ្ញា សុខ អាន ខ្ញុំ​នឹង​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ បុគ្គល​ឈ្មោះ Vanna Hay ដែល​បាន​ប្រមាថ​ជា​សា​ធា​រណះ ចំពោះ សម្តេច​វិបុល​បញ្ញា សុខ អាន ។ សូម​បងប្អូន ដែល​បាន​ស្គាល់​បុគ្គល​នេះ មេត្តា​ផ្តល់​ព័ត៌មាន មក​ខ្ញុំបាទ​»​។

បើ​តាម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដូច​គ្នា​នោះ បាន​ចូល​បញ្ចេញមតិ​តប​នឹង​លោក​ផៃ ស៊ីផា​ន ថា បុគ្គល​មួយ​រូប​នោះ ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។​

ជាមួយគ្នា​នោះ​លោក ផៃ ស៊ីផា​ន បាន​អះអាង​ថា «​នៅ​ទី​ណាក៏ដោយ គេ​ត្រូវ​ទទួលខុស ចំពោះមុខ​តុលាការ ហើយ​ស្ថានទូត​ខ្មែរ​ច្បាស់​ជា​សហការ​ក្នុង​ករណី​នេះ ការងារ​យុតិ​ធម៏ របស់​តុលាការ​»​។
​សូមជម្រាបថា លោក​សុខ អាន ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុ​ជា បាន​ទទួល​មរណភាព​ដោយ​រោគាពាធ នា​ម៉ោង​៦៖៣២​នាទី​ល្ងាច ថ្ងៃទី ១៥ មីនា ឆ្នាំ​២០១៧ នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។ សព​របស់លោក​ត្រូវបាន​ក្រុមគ្រួសារ​រៀបចំ​ធ្វើ​ពិធីបុណ្យ​តាម​ប្រពៃណី​ខ្មែរ នា​ភូមិគ្រឹះ​របស់​លោក​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ត្រូវបាន​បូជា​នា​ព្រឹក​ថ្ងៃទី ១៩ មីនា នៅ​មុខ​វត្តបុ​ទុម​វ​តី​៕

 ពាក្យគន្លឹះ  លោកសុខ អាន

ព័ត៌មានផ្សេងទៀត