តៃវ៉ាន់​​បង្ហាញ​របាយការណ៍​​យោធា​​ដើម្បី​ទប់ទល់​​នឹង​​ការកើនឡើង​​យោធា​ចិន​

17-03-2017 4:00 pm 6159
រូបភាព​ក្បួនយោធារបស់តៃវ៉ាន់

​តៃវ៉ាន់​បានបង្ហាញ​របាយការណ៍​ស្ដីពី​យុទ្ធសាស្ដ្រ​ការពារជាតិ​ថ្មី​របស់​ខ្លួន ដោយ​ប្ដេជ្ញា​នឹង​ពង្រឹងសមត្ថភាព​ការពារជាតិ ដើម្បី​ប្រឆាំង​ការកើនឡើង​នូវ​វិស័យ​យោធា​របស់​ចិន​។​តៃវ៉ាន់​បាន​ពិនិត្យ​លើ​វិស័យ​ការពារ​ជាតិ​រាល់​បួន​ឆ្នាំ​ម្ដង ហើយ​បាន​បង្ហាញ​ទៅ​សភា​កាលពី​ថ្ងៃ​ទី​១៦​មីនា​។​នេះ​ជា​លើកដំបូង​ដែល​តៃវ៉ាន់​បាន​រាយការណ៍​ទៅ​សភា គិត​តាំង​ពី​ប្រធានាធិបតី​ថ្មី​លោក​ស្រី​Tsai Ing-wen​មកពី​គណបក្ស​គាំទ្រ​ប្រជាធិបតេយ្យ ស្បថ​ចូលកាន់​តំណែង​កាលពី​ខែ​ឧសភា​ឆ្នាំមុន​។​

​របាយការណ៍​បាន​និយាយថា ចិន​មិនបាន​បោះបង់​ចោល​លទ្ធភាព​នៃ​ការប្រើប្រាស់​កម្លាំង​ប្រឆាំងនឹង​តៃវ៉ាន់​ទេ​។​ចិន​បាន​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារជាតិ​របស់​គេ​យ៉ាង​ឆាប់រហ័ស ចំណាយ​លើ​ការធ្វើ​ទំនើបកម្ម​សម្ភារៈ​យោធា​។​ចិន​ក៏​មាន​សមត្ថភាព​ដើម្បី​បិទ​ផ្លូវ​តៃវ៉ាន់​រួចទៅហើយ និង​ចង់​ត្រួតត្រា​លើ​ដែន​កោះ​មួយ​នេះ​ទៀត​។​

ទន្ទឹម​នឹង​ការកើនឡើង​សមត្ថភាព​យោធា​ចិន របាយការណ៍​ស្ដីពី​យុទ្ធសាស្ដ្រ​ការពារ​ជាតិ​តៃវ៉ាន់​បានបង្ហាញ​ពី​ការ​បំពាក់អាវុធ​ថ្មីៗ​ទំនើបៗ ដូចជា​ប្រភេទ​យន្ដហោះ​ចម្បាំង​បំបាំងកាយ យន្ដហោះ​ដែល​ប្រព័ន្ធ​រ៉ា​ដា​ពិបាក​ចាប់​សញ្ញា​បាន​ជាដើម​។​អាជ្ញាធរ​តៃវ៉ាន់​ក៏​សន្យា​ដោះស្រាយ​បញ្ហា​សង្គ្រាម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​ផងដែរ​។​ក្រៅពីនេះ​នៅ​មាន​កម្មវិធី​សម្រាប់​អភិវឌ្ឍ​វិស័យ​ការពារ​ជាតិ មាន​គោលបំណង​ជំរុញ​ការផលិត​នាវាមុជទឹក​នៅក្នុង​ស្រុក និង​ផលិត​ឧបករណ៍​ផ្សេងៗ​ទៀត​ជំរុញ​ការគាំទ្រ​ដល់​វិស័យសេដ្ឋកិច្ច​តៃវ៉ាន់​។​

​សូមបញ្ជាក់​ថា ក្នុង​របាយការណ៍​បាន​កត់សម្គាល់​ពី​ចិន​នៅ​តែ​រក្សា​ផលប្រយោជន៍​ក្នុង​ការត្រៀម​យោធា និង​កំពុង​គំរាមកំហែង​ផ្នែក​យោធា​ដោយ​ប្រើ​យន្ដហោះ​ចម្បាំង​និង​នាវាចម្បាំង​។​ដូច្នេះ​រដ្ឋាភិបាល​របស់​លោកស្រី​Tsai នឹង​ពិនិត្យមើល​ឡើងវិញ​ឲ្យបាន​ឆាប់​បំផុត​ដែរ​នូវ​យុទ្ធសាស្ដ្រ​ការពារជាតិ​៕

 ពាក្យគន្លឹះ  តៃវ៉ាន់

ព័ត៌មានផ្សេងទៀត