កូរ៉េខាងត្បូង​៖​​ចិន​នៅ​តែ​យល់ច្រឡំ​​លើ​ការដំឡើង​​ប្រព័ន្ធ​​ការពារ​មី​ស៊ី​ល​

16-03-2017 4:06 pm 2775
សម្ភារៈ​ជាផ្នែក​នៃប្រព័ន្ធការពារមីស៊ីលTHAAD​ដែលបញ្ជូនមកដល់កូរ៉េខាងត្បូង

​អនុ​រដ្ឋមន្ដ្រីការបរទេស​កូរ៉េខាងត្បូង​លោក​Lim Sung-nam បាន​និយាយ​នៅ​ថ្ងៃ​ទី​១៦​មីនា​នេះ​ថា ការជំទាស់​រហូត​ចង់​ចាត់វិធានការ​សងសឹក​នឹង​កិច្ចព្រមព្រៀង​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​លTHAAD​អាមេរិក​នៅ​កូរ៉េ​ខាងត្បូង ដោយសារតែ​ខ្វះ​ការយល់ដឹង​ពី​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​។​

​ក្រុមហ៊ុន​របស់​កូរ៉េ​ខាងត្បូង បានគិត​ថា​ចិន​ដែល​កំពុងតែ​សងសឹក​កូរ៉េខាងត្បូង​នៅក្នុង​ប្រទេស​ចិន ព្រោះតែ​ជំទាស់​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​។​ចិន​មើលឃើញថា​ប្រព័ន្ធ​រ៉ា​ដា​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដ៏​មាន​អានុភាព​នេះ  អាច​គំរាមកំហែង​ដល់​សន្ដិសុខ​របស់​ខ្លួន​។​

លោក​Lim Sung- nam​បាន​ឆ្លើយ​នឹង​សំណួរ​របស់​សមាជិកសភា​ថា ប្រទេស​កូរ៉េខាងត្បូង​បាន​ពន្យល់​ដល់​ប្រទេស​ចិន ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដើម្បី​ប្រឆាំង​ការគំរាមកំហែង​ពី​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ ប៉ុន្ដែ​ចិន​យល់​មិន​ច្បាស់​ត្រង់​ចំណុច​នេះ​ឡើយ​។​ចំណែក​រដ្ឋមន្ដ្រី​ការពារជាតិ​កូរ៉េខាងត្បូង​បាន​ថ្លែង​ក្នុង​សភា​ដែរ​ថា ការព្រួយបារម្ភ​របស់​ចិន​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ទេ​។​

​សូមបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​ទីតាំង​សម្រាប់​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល អាមេរិក​បាន​បញ្ជូន​សម្ភាៈ ជា​ផ្នែក​នៃ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល មកដល់​ទឹកដី​កូរ៉េខាងត្បូង​ជា​បណ្ដើរៗ​ហើយ​។​ការបញ្ជូន ក៏​ឆ្លើយតប​នឹង​ការបាញ់​មី​ស៊ី​ល​ជា​ច្រើន​គ្រាប់​ក្នុង​ពេល​ថ្មីៗ​របស់​កូរ៉េ​ខាងជើង ដោយ​មាន​ធ្លាក់​ក្នុង​ដែនទឹក​ជប៉ុន​ផងដែរ​។​ជប៉ុន​ប្រតិកម្ម​យ៉ាងខ្លាំង​លើ​ការ​ធ្វើ​តេស្ដ​មី​ស៊ី​ល​ជា​ថ្មី​របស់​កូរ៉េខាងជើង ព្រោះ​បាន​បង្ក​អស្ថេរភាព​នៅក្នុង​តំបន់ និង​រំលោភ​លើ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​។​

​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​THAAD តាម​ការគ្រោងទុក​អាមេរិក​និង​កូរ៉េខាងត្បូង​នឹង​ដំឡើង​នៅ​កូរ៉េ​ខាងត្បូង​ក្នុង​ឆ្នាំ​២០១៧​នេះ​គ្មាន​ផ្លាស់ប្ដូរ​ឡើយ​។​អាមេរិក​បាន​បញ្ជាក់ថា ទោះបី​បច្ចុប្បន្ន​កូរ៉េខាងត្បូង​កំពុង​ជួប​វិបត្ដិ​នយោបាយ ដោយ​ប្រធានាធិបតី​ត្រូវ​ទម្លាក់​ចេញពី​តំណែង ប៉ុន្ដែ​គ្មាន​ការកែប្រែ​កិច្ចព្រមព្រៀង​ឡើយ ព្រោះ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​តាំងពី​មុន​កើត​ភាពចម្រូងចម្រាស​ម្ល៉េះ​៕

 ពាក្យគន្លឹះ  កូរ៉េខាងត្បូង

ព័ត៌មានផ្សេងទៀត