ក្រោយទទួលដំណឹងមរណភាពរបស់សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ថ្នាក់ដឹកនាំកំពូលៗរដ្ឋាភិបាល បានផ្ញើលិខិតរំលែកមរណទុក្ខ ដល់លោកស្រី អាន្នី សុខ អាន និងក្រុមគ្រួសារនៃសព។ លោកសាយ ឈុំ ប្រមុខរដ្ឋស្តីទី បានសម្តែងការសោកស្តាយ អាឡោះអាល័យជាទីបំផុត ជាមួយលោកស្រីជាភរិយា និងក្រុមគ្រួសារចំពោះការបាត់បង់ លោកសុខ អាន ដែលជាអ្នកដឹកនាំដ៏ឆ្នើមមួយរូប របស់ប្រជាជាតិខ្មែរ។
ប្រមុខរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានផ្ញើសាររំលែកទុក្ខ ដោយបានសរសេររៀបរាប់ថា មរណភាពរបស់ លោកសុខ អាន គឺជាការបាត់បង់ឧត្តមស្វាមី ប្រកបដោយភក្តីភាពបំផុត ចំពោះភរិយា ហើយក៏ជាការបាត់បង់លោកឪពុក និងជីតាពោរពេញ ដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួតចំពោះ បុត្រាបុត្រី បុត្រាបុត្រីប្រសា និងចៅៗទាំងអស់ជាស្រឡាញ់។ លើសពីនេះទៀត នេះក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនដ៏ឆ្នើម របស់ជាតិមួយរូប ដែលបានបំរើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានធ្វើពលិកម្មសព្វបែបយ៉ាង។ ជាមួយគ្នានេះ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមរំលែកទុក្ខផងដែរ។ ក្រៅពីនេះ ក៏មានថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបផ្សេងទៀត សុទ្ធតែបានបង្ហាញនូវការសោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារនៃសព។
សពលោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីកំពុងតម្កល់ នៅគេហដ្ឋានរបស់លោក បន្ទាប់ពីត្រូវបានដឹកនាំយន្តហោះ មកដល់កម្ពុជានៅវេលាម៉ោង៥ព្រឹកថ្ងៃទី១៦ មីនានេះ។ សព ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ស្ថិតនៅផ្ទះលេខ៧០ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ពិធីបុណ្យធ្វើឡើង ក្រោមការគ្រប់គ្រងដោយគណៈកម្មការរៀបចំបុណ្យសព ដែលរដ្ឋាភិបាលបានសម្រេចបង្កើត ដឹកនាំដោយលោកប៊ិន ឈិន។
គួរបញ្ជាក់ថា លោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៦៖៣២នាទីល្ងាច នាថ្ងៃទី១៥ ខែមីនា នៅមន្ទីរពេទ្យក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។ ដោយៈសៅ វិសាល