ភ្លាមៗក្រោយទទួលដំណឹងមរណភាព រដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យសពលោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី។
គណៈកម្មការរៀបចំបុណ្យសពនេះ ដឹកនាំដោយ លោកប៊ិន ឈន ជាប្រធាន និង សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត។
គណៈកម្មការនេះ ត្រូវបានបែងចែកជាអនុគណកម្មការជាច្រើនទៀត ដើម្បីគ្រប់គ្រងកម្មវិធីបុណ្យ ដូចជា ខាងពិធីសាសនា ពិធីផ្លូវការនៅគេហដ្ឋាន និងពិធីដង្ហែសពទៅឈាបនដ្ឋាន ដឹកនាំដោយលោកហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។ អនុគណៈកម្មការ ពិធីការ បដិសណ្ឋារកិច្ច និងព័ត៌មាន ដឹកនាំដោយលោកណូ សម្បុក ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។ អនុគណៈកម្មការ សន្តិសុខ ដឹកនាំដោយលោកនេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ដឹកនាំដោយលោកជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច។
សូមបញ្ជាក់ថា លោកសុខ អាន រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី បានទទួលមរណភាព នៅវេលាម៉ោង១៨៖៣២នាទី នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះ នៅមន្ទីរពេទ្យ ក្នុងក្រុងប៉េកាំង ប្រទេសចិន ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ៕ ដោយៈសៅ វិសាល