កើតនៅថ្ងៃទី ១៦ខែមេសាឆ្នាំ ១៩៥០ លើនៃទឹកដីស្រុកគិរីវង្ស នៃខេត្តតាកែវ នៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ លោកឧបនាយករដ្ឋមន្ត្រី សុខ អានគឺឥស្សរជននយោបាយជាន់ខ្ពស់មួយរូប ក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ជាការកត់សម្គាល់ លោកគឺជាឥស្សរជនជាន់ខ្ពស់ទី៨ ដែលទទួលបានងារ «សម្តេច» នោះគឺនៅក្នុងថ្ងៃទី១៣ ពោលមុនពេលលោកទទួលមរណៈភាព២ថ្ងៃ លោកត្រូវបានព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី ផ្តល់គោរមងារជា សម្តេចវិបុលបញ្ញា។
លោកសុខ អានធ្លាប់ធ្វើជានាយកសាលា នៃវិទ្យាល័យមួយ នៅក្នុងស្រុកគិរីវង់ បន្ទាប់ពីលោកបានបញ្ចប់ការសិក្សាថ្នាក់អនុវិទ្យាល័យនៅឆ្នាំ១៩៦៧ និងបានក្លាយជាគ្រូបង្រៀននៅឆ្នាំ១៩៦៩។ធ្វើជានាយកសាលាបានតែមួយរយៈ លោកបានបន្តការសិក្សានៅសាលាជាន់ខ្ពស់មួយ ដែលមានឈ្មោះថា Ecole Normale ដោយសិក្សាលើផ្នែកភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងសង្គមវិទ្យា រហូតកំឡុងឆ្នាំ១៩៧២ លោកទទួលបានសញ្ញាបត្រជាន់ខ្ពស់គរុកោសល្យ។
ជីវិតនយោបាយរបស់លោកគឺចាប់ផ្តើមនៅឆ្នាំ១៩៨០ នោះគឺជាពេលវេលា ដែលលោក បម្រើការជាលេខាធិការផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកាលណោះ លោកហ៊ុន សែន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស។
នៅឆ្នាំបន្តបន្ទាប់ពោលគឺនៅឆ្នាំ ១៩៨១ លោកទទួលតំណែងជាអគ្គលេខាធិការនៃក្រសួងការបរទេស និងនៅក្នុងឆ្នាំ ១៩៨៣ ជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្ដិភាពជាតិកម្ពុជា។ រហូតដល់ឆ្នាំ ១៩៨៥ លោកត្រូវបានតែងតាំង ជាឯកអគ្គរដ្ឋទូតរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសឥណ្ឌានិងត្រឡប់មកវិញក្នុងឆ្នាំ ១៩៨៨ ត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីក្រសួងការបរទេស។ នៅឆ្នាំ១៩៩១ គឺជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃឧត្តមក្រុមប្រឹក្សាជាតិគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកទំនាក់ទំនងសម្រាប់ការផ្សះផ្សាជាតិ ដំណើរការសន្តិភាពនៅកម្ពុជា។
លោកសុខ អានបានជាប់ឆ្នោតតំណាងរាស្ត្រមណ្ឌលខេត្តតាកែវបន្ទាប់ពីការបោះឆ្នោត ដែលបានរៀបចំឡើងដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជាឆ្នាំ ១៩៩៣ និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកការិយាល័យរដ្ឋាភិបាល នីតិកាលដំបូង។ ចាប់តាំងពីឆ្នាំ១៩៩៨ មកលោកគឺជាទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងពី២០០៤ត្រូវបានដំឡើងឋានៈជាឧបនាយករដ្ឋមន្ត្រីដល់បច្ចុប្បន្ន។
លោកសុខ អាន ត្រូវបានគេផ្តល់ងារថា "ជាអ្នកការទូតប្រកបដោយវិជ្ជាជីវៈខ្ពស់ប្រកបដោយភាពថ្លៃថ្នូរ" នៅក្នុងវិស័យចរចា បញ្ហាព្រំដែនសមុទ្រ និងវិស័យសហប្រតិបត្តិការណ៍ជាមួយនិងរដ្ឋាភិបាលថៃ ក្នុងកាលៈទេសៈវិវាទនៃការដាក់ប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។
ដោយឡែកក្នុងជួរគណបក្ស នៅឆ្នាំ ១៩៩១ លោកសុខ អាន បានបម្រើការងារជានាយកខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា មុនពេលត្រូវបានតែងតាំងជាសមាជិកនៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជននៅក្នុងខែកក្កដាឆ្នាំ ១៩៩២ ហើយលោកត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សប្រជាជនកម្ពុជាក្នុងខែមករាឆ្នាំ ១៩៩៦។
ប៉ុន្មានឆ្នាំចុងក្រោយនេះ លោកត្រូវបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) នៅក្នុងកិច្ចប្រជុំលើកទី ១៣ នៅ ខេត្តយូណានប្រទេសចិន ហើយនៅក្នុងខែកញ្ញាឆ្នាំ ២០១៤ លោកត្រូវបានគេបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងទីតាំងថ្មីរបស់អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ និងបន្ទាប់មកនៅឆ្នាំ២០១៥ នៅទីក្រុង Vladivostok លោកត្រូវបានជាប់ឆ្នោតជាប្រធាននៃក្រុមប្រឹក្សាវប្បធម៌ ICAPP ។ ចុងក្រោយនៅឆ្នាំ ២០១៣ ក្នុងអំឡុងមហាសន្និបាតលើកទី៤ នៃអ្នកប្រជាធិបតេយ្យនិយមកណ្តាលអាស៊ីប៉ាស៊ីភិចអន្តរជាតិ (CAPDI) នៅឥណ្ឌូនេស៊ីលោកត្រូវបានជាប់ជាអនុប្រធានជាន់ខ្ពស់នៃ CAPDI ។
គួរបញ្ជាក់ថាលោកសុខ អានគឺជាអ្នកនយោបាយកម្ពុជាកំពូលមួយរូបក្នុងជួរគណបក្សប្រជាជនកម្ពុជា។ ដែលបានបម្រើការនៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៩៣ មក ដោយទទួលមុខងារជាទេសរដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី។ លោកសុខ អាន បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី អាន្នី សុខ អាន និងមានកូន៥នាក់ ក្នុងនោះកូនស្រី១នាក់ កូនប្រុស៤នាក់ ដែលសុទ្ធសឹងមានតំណែងខ្ពស់និងសមាសភាពក្នុងជួររដ្ឋាភិបាល។ តួយ៉ាងលោកលោក សុខ ពុទ្ធីវុធ កូនទី២ ជាកូនប្រសាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានតំណែងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ និងជាប្រធានក្រុមហ៊ុននាំចេញអង្ករសោម៉ា។
កូនទី៣គឺលោកសុខ សូកានគឺជាតំណាងរាស្ត្រមណ្ឌលតាកែវ ។
កូនទី៤នោះគឺលោកសុខ សូកេន ដែលត្រូវជាកូនប្រសាររបស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ទើបតែត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋ លេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងកូនប្រុសពៅ លោក សុខ សង្វារ គឺជាអគ្គនាយករងអាជ្ញាធរជាតិអប្សរា៕