ចិន​ប្រកាស​​មិន​ចង់​​ធ្វើសង្គ្រាម​​ពាណិជ្ជកម្ម​​ជាមួយ​​អាមេរិក​ទេ​

15-03-2017 4:17 pm 3109
​នាយករដ្ឋមន្ដ្រី​ចិន​លោក​Li Keqiangពេលធ្វើសន្និសីទកាសែត

​នាយករដ្ឋមន្ដ្រី​ចិន​លោក​Li Keqiang បាន​និយាយ​នៅ​ថ្ងៃ​ទី​១៥​មីនា​ថា ទីក្រុង​ប៉េកាំង​មិន​ចង់​ឃើញ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​ជា​មួយ​អាមេរិក​ទេ ហើយ​បាន​ជំរុញ​ឲ្យមាន​ការពិភាក្សាគ្នា ដើម្បី​សម្រេច​ឲ្យបាន​នូវ​មូលដ្ឋាន​រួម​។​លោកនាយក​រដ្ឋមន្ដ្រី​បានឲ្យដឹងថា ចិន​មិន​ចង់​ឃើញ​សង្គ្រាម​ផ្ទុះ​ឡើង​ឡើយ ព្រោះ​វា​មិន​បាន​ផ្ដល់​ផល​ចំណេញ ភាពត្រឹមត្រូវ ឬ​ភាព​ល្អ​ប្រសើរ​សម្រាប់​ប្រទេស​ទាំង​ពីរ​ទេ​។​

​នៅក្នុង​សន្និសីទ​កាសែត​លោក​Li​បាន​ថ្លែង​ទៀតថា “​ក្ដីសង្ឃឹម​របស់​យើង​ទៅលើ​ភាគី​ចិន​មិន​ថា​មាន​អ្វី​កើតឡើង​ក៏ដោយ យើង​សង្ឃឹមថា​អាច​បន្ដ​ការផ្លាស់ប្ដូរ​ទៅ​មុខ​ក្នុង​ទិសដៅ​វិជ្ជមាន​។​យើង​អាច​មាន​វិធីសាស្ដ្រ​ផ្សេងគ្នា ប៉ុន្ដែ​ខ្ញុំ​ជឿជាក់​ថា​អ្វី​ជា​ភាពខុសគ្នា​យើង​អាច​យកមក​អង្គុយ​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​។​រឿង​ដែល​មិន​អាច​ដោះស្រាយបាន​ភ្លាមៗ យើង​អាច​ផ្អាក​ទុក​ដោះស្រាយ​នៅ​ពេល​ក្រោយ​ទៀត​។​”

​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​ចុះផ្សាយ​ថា លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​និង​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង នឹង​ជួប​គ្នា​ក្នុង​រដ្ឋ​Florida​នៅ​ខែ​ក្រោយ ប៉ុន្ដែ​មិន​ទាន់​ដឹង​ថា​ថ្នាក់ដឹកនាំ​ទាំង​ពីរ​នឹង​ជជែក​គ្នា​លើ​បញ្ហា​អ្វី​ខ្លះ​ទេ​។​លោក​ត្រាំ​កន្លងមក​ធ្លាប់បាន​វាយប្រហារ​លើ​ប្រទេស​ចិន រាប់​ចាប់ពី​បញ្ហា​ពាណិជ្ជកម្ម​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​អ្វី​ដែល​លោក​ជឿជាក់​ថា​ជា​ភាព​ខ្វះខាត​របស់​ចិន ក្នុង​ការទប់ស្កាត់​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​សូមបញ្ជាក់​ថា  អាមេរិក​គឺជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​ក្នុង​ពិភពលោក រីឯ​ចិន​គឺជា​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទី​ពីរ​។​មហិច្ឆតា​ចិន​ទោះ​មិន​ចង់​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក ប៉ុន្ដែ​ចិន​ក៏​ចង់​ឈ្នះ​អាមេរិក​ធ្វើ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​ក្នុង​លោក​ដែរ​។​គោលបំណង​ចិន​មិនទាន់​ទទួលបាន​ជោគជ័យ​ឡើយ ព្រោះ​អាមេរិក​នៅ​តែ​ខ្លាំង ហើយ​ក៏​ដឹង​មុន​ពី​ចេតនា​របស់​ចិន​ខាង​ផ្នែក​សេដ្ឋកិច្ច​នេះ​។​តើ​ថ្ងៃ​អនាគត​ចិន​អាច​ទម្លាក់​អាមេរិក​ពី​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​ក្នុង​លោក​បាន​ទេ​?​តើ​អាមេរិក​មាន​យុទ្ធសាស្ដ្រ​យ៉ាង​ណា​ទប់ទល់​ជាមួយ​ចិន​?

 ពាក្យគន្លឹះ  ចិន-អាមេរិក

ព័ត៌មានផ្សេងទៀត