ជាការឆ្លើយតបនឹងពាក្យចចាមអារាមមួយចំនួន ពាក់ព័ន្ធនឹងដំណឹងស្ថានភាពជំងឺ លោកសុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ថាមានសភាពទ្រុឌទ្រោមខ្លាំង ហើយបានទទួលមរណភាពនោះ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានច្រានចោល នូវព័ត៌មានចចាមអារាមនេះ នៅលើទំព័ហ្វេសប៊ុក កាលពីថ្ងៃទី១២ មីនា។
លោក ផៃ ស៊ីផាន បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំសូមច្រានចោលនូវព័ត៌មានដែលលើកឡើងថា ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានទទួលមរណភាព។ នៅក្នុងកាលៈទេសៈនេះ ខ្ញុំទទួលបានព័ត៌មានពីសមាជិកក្រុមគ្រួសាររបស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ អាន បានប្រាប់ថាជារឿងមិនពិតនោះទេ។ នេះគ្រាន់តែជា ពាក្យចរចាមអារាមតាមបណ្តាញផ្សព្វផ្សាយសង្គម Socail Media តែប៉ុណ្ណោះ ដែលតែងតែប្រមាថ ដល់អាយុជីវិតថ្នាក់ដឹកនាំកំពូល ក្នុងរយៈពេលកន្លងមក»។
តាមការចុះផ្សាយ របស់សារព័ត៌មាន ក្នុងស្រុកមួយ ដែលបានស្រង់សម្តីមន្ត្រីជាន់ខ្ពស់មួយរូប ដែលស្និទនឹងក្រុមគ្រួសារលោកសុខ អាន បានឲ្យដឹងថា នៅពេលនេះ ស្ថានភាពជម្ងឺរបស់លោកសុខ អាន មានភាពល្អប្រសើរ ហើយត្រូវបាន បញ្ជូនចេញពីមន្ទីរពេទ្យប្រទេសបារាំង មកព្យាបាលនៅប្រទេសសិង្ហបុរី វិញ។ ការផ្លាស់ប្តូរកន្លែងព្យាបាលនេះ គឺដើម្បីងាយស្រួលក្នុងការសុំយោបល់ និងការសម្រេចចិត្ត ពីមន្ត្រីក្រោមឱវាទលើកិច្ចការអ្វីមួយ ព្រោះនៅប្រទេសសិង្ហបុរី នៅជិតប្រទេសកម្ពុជា ងាយស្រួលធ្វើដំណើរ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ គេមិនដឹងថា លោកសុខ អាន កើតមានជម្ងឺអ្វីនោះទេ ខណៈកាលពីអំឡុងឆ្នាំ២០១២ លោក មានជម្ងឺគ្រួសក្នុងតំរងនោម ប៉ុន្តែបានទទួលការព្យាបាលដោយជោគជ័យ នៅក្រៅប្រទេស៕ ដោយៈសៅ វិសាល