ព្រះអង្គ​ប៊ុត ប៊ុនតិញ​​នឹង​មិន​អាច​ចូល​បំភ្លឺ​​ជា​លើក​ទី​៣​ ជុំវិញ​បណ្តឹង​​លោក​ម៉ម សូណង់ដូ​​

11-03-2017 2:57 pm 4618

​បណ្តឹង​របស់​លោក​ម៉ម សូណង់ដូរ ប្តឹង​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ​ពាក់ព័ន្ធ​នឹង​ករណីប​រិ​ហារកេរ្តិ៍​ជា​សាធារណៈ ដែល​បាន​ស្ងាត់បាត់​មួយរយៈ ពេលនេះ ត្រូវបាន​លោក ស្រី ម៉ាក​នី ព្រះរាជអាជ្ញារង​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៧​នេះ បាន​ចេញ​ដីកា​កោះហៅ​ជា​លើក​ទី​៣ ឲ្យ​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ មីនា ឆ្នាំ​២០១៧ ខាងមុខ​។​

 

​កាល​ពី​កោះហៅ​លើក​ទី​១ និង​លើក​ទី​២ ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ មិន​បាន​និមន្ត​ទៅ​សាលាដំបូង​តាម​ដីកា​រកោះ​នោះទេ ដោយ​ព្រះអង្គ​ធ្លាប់​បាន​បញ្ជាក់ថា រឿង​ក្តីក្តាំ​នេះ​ធ្វើ​ខុស​នីតិវិធី​។​

បើ​តាម​ការបញ្ជាក់​ពី​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ តាមរយៈ​សារ​អេឡិចត្រូនិច ពី​ក្រៅ​ប្រទេស ប្រាប់​ដល់​វិទ្យុ​វាយោ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ មីនា​នេះ ថា​ការកោះហៅ​ព្រះអង្គ​នៅ​លើក​ទី​៣​នេះ​ហាក់បីដូចជា​មាន​ការរៀប​ចំ​ទុក​ជា​ស្រេច ដែល​អាច​ជា​គម្រោង​គំរាមកំហែង​មិន​ចង់ឱ្យ​ព្រះអង្គ​និមន្ត​ទៅ​ប្រទេស​របស់​ព្រះអង្គ​វិញ​តែ​ប៉ុណ្ណោះ ព្រោះ​ការកោះហៅ​នេះ ធ្វើឡើង​ក្នង​ពេលដែល ព្រះអង្គ​ទើបតែ​និមន្ត ចេញ​ក្រៅ​ស្រុក​ដើម្បី​ធ្វើ​កិច្ចការ ដែល​បាន​គ្រោង​ទុកជា​យូរ​មកហើយ​នោះ​។

ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ បញ្ជាក់ថា ព្រះអង្គ​មិន​អាច​បែងភាគ​ឱ្យ​មាន​រូប​ពីរ​បាន​ទេ​ដូច្នេះ​មានន័យ​ថា នៅ​ថ្ងៃ​ទី​១៧ ខែ​មីនា​នេះ ព្រះអង្គ​មិន​អាចមាន​លទ្ធភាព​និមន្ត​ចូល​ទៅ​តុលាការ ដើម្បី​បំភ្លឺ​ចំពោះមុខ ព្រះរាជអាជ្ញា​បាន​ឡើយ​។ តែ​ព្រះអង្គ​បញ្ជាក់​បន្ថែម​ទៀត​ថា បើ​ទោះជា​បែបណា ព្រះអង្គ​នឹង​និមន្ត​ចូល​ស្រុក​ខ្មែរ​វិញ​ក្រោយ​បញ្ចប់​កិច្ចការ​របស់​ព្រះអង្គ​នៅ​អាមេរិក​នេះ​។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​ទី​ថ្ងៃទី​១៧ មីនា ខាងមុខនេះ ព្រះអង្គ​នឹង​រក​មេធាវី​ឱ្យ​ចូល​ទៅ​បំភ្លឺ​ជំនួស បើ​អាច​ធ្វើទៅបាន​។

 

​សូមបញ្ជាក់​ថា លោក​ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិតេយ្យ ដែល​ពី​មុន​ក៏​ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង ដូច​ព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ ដែរនោះ បាន​ដាក់ពាក្យ​ប្តឹង​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ កាលពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦ ដោយ​ទាមទារ​សំណង​ជំងឺ​ចិត្ត​១​ម៉ឺន​រៀល ដោយ​ចោទប្រកាន់​ព្រះ​តេជគុណ​ថា «​បរិហារកេរ្តិ៍​»​។ ក្នុង​បណ្តឹង​នោះ លោក ម៉ូ​ម សូ​ណង់ ដូ សំណូមពរ​តុលាការ​ពិចារណា​ជំរុញ​ឲ្យមាន​ការ​ផ្សឹកព្រះ​តេជគុណ​ប៊ុត ប៊ុនតិញ ផងដែរ​។​

លោក ម៉ម សូណង់ដូ បាន​ចោទ​ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ ថា​មាន​សង្ឃដីកា​បរិហារ​ចោទប្រកាន់​លោក​ថា ការចាកចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ទៅ​បង្កើត​គណបក្ស​ថ្មី កន្លង​ទៅ​នោះ ដោយសារតែ​មិន​បាន​ធ្វើ​ជា​តំណាងរាស្ត្រ នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ដូចដែល​លោក​បាន​ទាមទារ​៕

ដោយ​៖​ខាត់ សុធី​


ព័ត៌មានផ្សេងទៀត