ចិន​សុំ​ឲ្យ​កូរ៉េ​ខាងជើង​​ឈប់​ធ្វើ​តេស្ដ​មី​ស៊ី​ល​​រីឯ​អាមេរិក​-​កូរ៉េខាងត្បូង​​ឈប់​ធ្វើ​សមយុទ្ធ​

08-03-2017 3:42 pm 4602
ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង(ឆ្វេង)និងការធ្វើសមយុទ្ធរួមគ្នា​របស់អាមេរិក​កូរ៉េខាងត្បូង

​ដោយសារ​តែ​បារម្ភ​ពី​ការបង្ក​ភាព​តានតឹង​របស់​កូរ៉េខាងជើង​ម្ដង​ហើយ​ម្ដងទៀត​នៅលើ​ឧបទ្វីប​កូរ៉េ ចិន​បាន​អំពាវនាវ​ឲ្យ​រដ្ឋ​នុយក្លេអ៊ែរ​មួយ​នេះ បញ្ឈប់​ការ​ធ្វើ​តេស្ដ​អាវុធ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​តទៅទៀត​។​ចំណែក​កូរ៉េខាងត្បូង គួរ​ឈប់​ធ្វើ​សមយុទ្ធ​រួម​គ្នា​ហើយ​ស្វែងរក​កិច្ចពិភាក្សា​ជំនួស​វិញ​។​

​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​០៦​មីនា បាន​ធ្វើតេស្ដ​មី​ស៊ី​ល​បួន​គ្រាប់​ចូលទៅ​ក្នុង​សមុទ្រ ដើម្បី​ឆ្លើយតប​នឹង​ការធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​កូរ៉េខាងត្បូង​ជាមួយ​អាមេរិក ដែល​កូរ៉េខាងជើង​ចាត់ទុក​ជា​ការរៀបចំ​ធ្វើសង្គ្រាម​។​

មើល​ឃើញ​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ ចិន​បាន​ស្នើសុំ​ថា ជំហាន​ដំបូង​សម្រាប់​កូរ៉េ​ខាងជើង​ត្រូវ​ផ្អាក​រាល់​ការ​ធ្វើ​តេស្ដ​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល ហើយ​សម្រាប់​អាមេរិក​និង​កូរ៉េខាងត្បូង​វិញ​ក៏​ផ្អាក​ដូចគ្នា​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ទ្រង់ទ្រាយ​ធំ​របស់​គេ​។​ដូច្នេះ​ការ​ផ្អាក​សកម្មភាព​ទាំងសងខាង អាច​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រឡប់​រក​តុ​ចរចា​វិញ​បាន​។​នេះ​បើ​តាម​ការលើកឡើង​របស់​រដ្ឋមន្ដ្រីការបរទេ​ស​ចិន​។​

លោក​បន្ដថា ការ​ឱប​អាវុធ​នុយក្លេអ៊ែរ​មិន​នាំមក​នូវ​សន្ដិសុខ​ទេ ការប្រើប្រាស់​កម្លាំង​យោធា​ក៏​មិនមែន​ជា​ជម្រើស​ល្អ​ដែរ​។​ប៉ុន្ដែ​ដរាបណា​នៅ​មាន​កិច្ចចរចា នោះ​ក៏​នៅតែ​មាន​សង្ឃឹម​ក្នុង​ការស្វែងរក​សន្ដិភាព​ដែរ​៕

 ពាក្យគន្លឹះ  ចិន

ព័ត៌មានផ្សេងទៀត