ចិន​៖​​ជប៉ុន​ត្រូវតែទទួលស្គាល់​ការពិត​​ហើយ​ហ៊ាន​ប្រឈមមុខ​​ជាមួយ​ចិន​

08-03-2017 3:07 pm 2942
រដ្ឋមន្ដ្រីការបរទេសចិនលោកវ៉ាង យី

​ជប៉ុន​ត្រូវតែ​សម្ដែង​កាយវិការ​សមរម្យ​បោះបង់​ចោល​ក្ដីបារម្ភ​ផ្ដេសផ្ដាស ត្រូវ​ប្រឈមមុខ​ជាមួយ​នឹង​ការពិត ដែល​ថា​ប្រទេស​ចិន​ចាប់ផ្ដើម​ងើប​ឡើងវិញ​ហើយ និង​ត្រូវ​ផ្លាស់ប្ដូរ​ឈានទៅរក​ចំណង​មិត្ដភាព​ល្អប្រសើ​រ ចៀសវាង​ការវិល​ទៅរ​កដាន​ចាស់​ដូច​ក្នុង​ប្រវត្ដិសាស្ដ្រ​ទៀត​។​នេះ​ជា​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រី​ការបរទេស​ចិន​លោក​វ៉ាង យី​នៅ​ថ្ងៃទី​០៨​មីនា​។​

​នៅ​ឆ្នាំ​២០១៧​នេះ​ជា​ខួប​ទី​៨០​នៃ​ការប៉ះទង្គិច​គ្នា​នៅ​ជាយក្រុង​ប៉េកាំង ដែល​បាន​បង្ក​ជា​សង្គ្រាម​រវាង​ចិន​ជាមួយ​ជប៉ុន ហើយក៏​ជា​ខួប​ទី​៤៥​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំ​ពីរ​ផងដែរ​។​លោក​វ៉ាង​បាន​ថ្លែង​ក្នុង​ពេល​ធ្វើ​សន្និសីទកាសែត​ថា ខួប​ទាំងពីរ​នេះ​ជា​តំណាង​ដល់​ផ្លូវ​ពីរ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ចិន​-​ជប៉ុន​។​នោះ​គឺ​ផ្លូវ​សន្ដិភាព​មួ​យ​និង​ផ្លូវ​សង្គ្រាម​មួយ​។​

“​នៅក្នុង​ប្រទេស​ជប៉ុន មាន​ប្រជាជន​មួយចំនួន​នៅតែ​មិនទាន់​ចែកដាច់​រវាងផ្លូវ​ទាំងពីរ​នេះ ហើយ​មាន​ខ្លះ​ចង់​ងាក​ទៅរក​ផ្លូវ​អតីតកាល​វិញ​។​យើង​សង្ឃឹមថា ប្រជាជន​ស្រឡាញ់​សន្ដិភាព អាច​យល់​ទិសដៅ​ឆ្ពោះទៅមុខ​។​តាមពិតទៅ យើង​មាន​ឆន្ទៈ​ចង់​បង្កើន​ទំនាក់ទំនង​ជាមួយ​ជប៉ុន ដើម្បី​ផលប្រយោជន៍​ប្រជាជន​ប្រទេស​ទាំង​ពីរ ប៉ុន្ដែ​ភាគី​ជប៉ុន​ត្រូវតែ​ព្យាបាល​ជំងឺ​ព្រួយបារម្ភ​របស់​ខ្លួន ហើយ​មាន​ទស្សនៈ​សមរម្យ ទទួលយក​ការពិត​ថា​ប្រទេស​ចិន​កំពុង​បន្ដ​អភិវឌ្ឍ និង​ចាប់ផ្ដើម​រស់​ឡើងវិញ​ហើយ​។​”​នេះ​បើ​តាម​ការ​បញ្ជាក់បន្ថែម​របស់​លោក​វ៉ាង យី​។​

​សូម​រម្លឹកថា ទំនាក់ទំនង​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​និង​ទី​បី​ក្នុង​ពិភពលោក​នេះ បាន​តានតឹង​នឹង​គ្នា​ដោយសារតែ​ជម្លោះ​ជុំវិញ​សង្គ្រាម​ក្នុង​ប្រវត្ដិសាស្ដ្រ ជម្លោះ​ដែន​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងកើត និង​ជុំវិញ​បញ្ហា​ធំៗ​មួយចំនួនទៀត​៕

 ពាក្យគន្លឹះ  ចិន-ជប៉ុន

ព័ត៌មានផ្សេងទៀត