កញ្ចប់​ថវិកា​វិស័យោ​ធា​ចិន​​ក្នុង​ឆ្នាំ​២០១៧​​នៅ​តែ​កើនឡើង​តិច​

04-03-2017 12:35 pm 3213
កងទ័ពចិនពេលដើរដង្ហែក្បួនក្នុងថ្ងៃរម្លឹកខួប៧០ឆ្នាំនៃការបញ្ចប់សង្គ្រាម​លោកលើកទីពីរ

​រយៈពេល​ពីរ​ឆ្នាំ​ជាប់​គ្នា​ហើយ ដែល​កញ្ចប់​ថវិកា​ចំណាយ​លើ​វិស័យ​យោធា​របស់​ចិន​កើនឡើង​តិច​បំផុត​។​កាលពី​ឆ្នាំមុន ចិន​បាន​បង្កើន​កញ្ចប់​ថវិកា​យោធា​តែ​៧.៦​ភាគរយ​ប៉ុណ្ណោះ ដែល​នេះ​ជា​ចំនួន​តិច​បំផុត​គិត​ពី​ឆ្នាំ​២០១០​មក​។​ដោយឡែក​ក្នុង​ឆ្នាំ​២០១៧​នេះ​វិញ ចិន​បាន​បង្កើន​កញ្ចប់​ថវិកា​ចំណាយ​ក្នុង​វិស័យ​យោធា​តែ​ប្រមាណ​៧​ភាគរយ​ទេ តិច​ជាង​ឆ្នាំ​២០១៦​ហើយក៏​ជា​ចំនួន​តិច​បំផុត​ក្នុង​ឆ្នាំ​២​គិត​តាំងពី​ឆ្នាំ​២០១០​។​

​ចំពោះ​តួលេខ​ពិតប្រាកដ​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​០៥​មីនា នៅពេល​កិច្ចប្រជុំសភា​ប្រចាំឆ្នាំ​របស់​ចិន​ចាប់ផ្ដើម​។​ការបង្កើន​កញ្ចប់​ថវិកា​លើ​វិស័យ​យោធា​បាន​តិចតួច​ដូច្នេះ ដោយសារតែ​ពាក់ព័ន្ធ​នឹង​បញ្ហា​សេដ្ឋកិច្ច ព្រោះ​សេដ្ឋកិច្ច​ចិន​កើនឡើង​ស្ដួចស្ដើង​ដែរ​។​

​ប៉ុន្ដែ​យ៉ាងណា​ក៏ដោយ អ្នកនាំពាក្យ​សភា​ចិន​អ្នកស្រី​Fu Ying​បានបញ្ជាក់​ថា ចិន​នៅ​តែ​ត្រូវការ​ជា​ចាំបាច់​ការការពារ​ប្រឆាំង​នឹង​ការជ្រៀតជ្រែក​ជម្លោះ​។​លោកស្រី​មិន​បាន​បញ្ជាក់​ច្បាស់លាស់​ទេ ប៉ុន្ដែ​បាន​សំដៅលើ​ការអះអាង​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​សមុទ្រ​ចិន​ខាងកើត ដែល​បាន​បង្ក​ភាព​វឹង​វរ​ដល់​ស្ថានភាព​ក្នុង​តំបន់ ហើយ​ថែមទាំង​ទទួល​ការរិះគន់​ពី​ទីក្រុង​វ៉ាស៊ីនតោន​ទៀត​។​

អ្នកស្រី​Fu​ថា​ចិន​សូម​អំពាវនាវ​ឲ្យ​ដោះស្រាយ​បញ្ហា​ដោយ​សន្ដិភាព​តាមរយៈ​ការចរចា​។​ក្នុងពេល​ជាមួយគ្នា ចិន​ត្រូវ​ពង្រឹងសមត្ថភាព​ការពារ​ដែន​អធិបតេយ្យ ផលប្រយោជន៍ និង​សិទ្ធិ​របស់​ខ្លួន​។​

​សូមបញ្ជាក់​ថា កញ្ចប់​ថវិកា​វិស័យ​យោធា​ចិន​កាលពី​ឆ្នាំមុន​មាន​ចំនួន​៩៥៤.៣៥​ពាន់​លាន​យន់ ស្មើ​នឹង​ប្រមាណ​១៣៨.៤០​ពាន់​លាន​ដុល្លារ​អាមេរិក​។​ដោយឡែក​បើ​គិត​ពី​អាមេរិក​វិញ លោក​ដូណាល់ ត្រាំ​ទើបតែ​ប្រកាស​ស្នើ​បង្កើន​ប្រមាណ​១០​ភាគរយ ធ្វើឲ្យ​កញ្ចប់​ថវិកា​យោធា​អាមេរិកត្រូ​វ​ចំណាយ​គឺ​៦០៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​អាមេរិក​ក្លាយជា​ប្រទេស​មាន​អំណាច​យោធា​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​៕

 ពាក្យគន្លឹះ  ចិន

ព័ត៌មានផ្សេងទៀត