កម្ពុជា​-​ឡាវ​ បង្កើត​ផែនការ​​គ្រប់គ្រង​ជលផល​​រួមគ្នា​​ក្នុង​ដែន​​ទឹកសាប​​ទន្លេមេគង្គ ​និង​សេកុង​​

01-03-2017 3:34 pm 1803

​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​២៨ កុម្ភៈ ឆ្នាំ​២០១៧ របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​(MRC) បានឱ្យដឹងថា អ្នកឯកទេស​ជលផល​មកពី​ប្រទេស​ទាំង​ពីរ ដែល​ជា​សមាជិក​នៃ​គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន ពិភាក្សា​អំពី ជំហាន​ចាំបាច់​នានា សម្រាប់​ការរៀបចំ​ផែនការ​រួមមួយ ដើម្បី​គ្រប់គ្រង​ត្រី​ចំនួន ៥​ប្រភេទ ដែល​ជា​ប្រភេទ​ត្រី ធ្វើ​ចរាចរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​នៅ​ក្នុង​ទន្លេ​ទាំងពីរ​នេះ​។

 

​សេចក្ដីប្រកាស​ព័ត៌មាន បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការ​គ្រប់គ្រង​រួមគ្នា ដែល​រៀបចំឡើង​នៅក្រោម​គម្រោង​គ្រប់គ្រង ជលផល​នៅ​ទន្លេមេគង្គ និង​ទន្លេសេកុង របស់​គណៈកម្មកា​រ​ទន្លេមេគង្គ ភាគី​ទាំងពីរ​បាន​ពិភាក្សា​ពី​ធាតុ​សំខាន់ៗ ដែល​ជា​ស្នូល​នៃ​ផែនការ​គ្រប់គ្រង ដែល​រួម​ទាំង​វិធានការ​សម្រាប់​គ្រប់គ្រង​ប្រភេទ​ត្រី​នី​មួយៗ​ផងដែរ​។

 

​ប្រទេស​ទាំង​ពីរ​នឹង​បន្ត​កែលម្អ​សេចក្តីព្រាង​ផែនការ​គ្រប់គ្រង​ជលផល​រួមគ្នា​នេះ តាមរយៈ​សិក្ខាសាលា ពិគ្រោះ​យោបល់​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន ដើម្បី​ស្វែងយល់​ពី​ទស្សនៈ និង​តម្រូវការ​របស់​អ្នកពាក់ព័ន្ធ​នានា​។​

បើ​តាម​លោក Chanthachit Amphaychit អគ្គនាយករង​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​ឡាវ បញ្ជាក់ថា ផែនការ​គ្រប់គ្រង​រួម​នេះ នាំឲ្យ​ប្រទេស​ទាំង​ពីរ​ធ្វើការ​ជាមួយគ្នា ដើម្បី​រួមគ្នា​គ្រប់គ្រង​ធនធាន​ជលផល​នៃ​ប្រទេស​ទាំង​ពីរ ឱ្យបាន​កាន់តែ​ប្រសើរ​ជាង​មុន ដែល​នឹង​រួមចំណែក ក្នុង​ការបង្កើន​បរិមាណ​ត្រី​។

 

​សូមបញ្ជាក់​ថា មាន​ត្រី​ស​ចំនួន​៥​ប្រភេទ ដែល​ត្រូវបាន​គេ​ចាត់ទុកជា​តំណាង ឱ្យ​សុខ​ភាព​នៃ​ប្រព័ន្ធ​ជលផល​ទឹកសាប ក្នុង​ទន្លេមេគង្គ និង​ទន្លេសេកុង រួមមាន ត្រី​ពោ  ត្រី​កែ  ត្រី​ព្រួល  ត្រី​ប៉ា​ស៊ី​អ៊ី និង​ត្រី​ប្រា​កណ្តុរ​។ ត្រី​ប្រភេទ​នេះ ភាគច្រើន​មាន​ទំហំ​តូច និង​មធ្យម ចំណែក​ផល​ត្រី​ដែល​មាន​ទំហំ​ធំ មាន​ការថយចុះ​គួរឱ្យកត់សម្គាល់​។ អ្នកជំនាញ​បាន​លើកឡើង​ថា ការកើនឡើង​នៃ​ការនេសាទ ការប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់ និង​ការរេចរឹល​ទីជម្រក គឺជា​ការគំរាមកំហែង​ចម្បង​ចំពោះ​ប្រភេទ​ត្រី​ទឹកសាប​ទាំងនេះ​។

 

​លោក​ឆេង ផែន ប្រធាន​ស្តីទី​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ធនធាន​ជលផល​ទឹកសាប នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កម្ពុជា មានប្រសាសន៍ថា តាមរយៈ​ផែនការ​គ្រប់គ្រង​រួម​នេះ យើង​សង្ឃឹមថា នឹង​អាច​ដោះស្រាយ​បញ្ហា​ប្រឈម​នានា និង​អាច​ស្តារ​ធនធាន​ត្រី​ទាំង ៥ ប្រភេទ​នេះ ឡើងវិញ ដែល​នឹង​ជួយ​ទ្រទ្រង់​សន្តិសុខ​ស្បៀង ផ្តល់​ឱកាស​កាន់តែ​ច្រើន​ជាង​មុន​សម្រាប់​ការនេសាទ និង​ជួយ​ឱ្យ​ធនធាន​ត្រី​ទឹកសាប​ក្នុង​ទន្លេមេគង្គ និង ទន្លេ​សេកុង មាន​ភាពល្អប្រសើរ​។

 

​ប្រទេស​ទាំង​ពីរ នឹង​ពិនិត្យ​ឡើងវិញ​នូវ​យន្តការ​សម្របសម្រួល​ឆ្លង​ដែន​ដែល​មាន​ស្រាប់ និង​កំណត់​ពី​តម្រូវការ​ទិន្នន័យ និង​ព័ត៌មាន​នៅ​ថ្នាក់ជាតិ សម្រាប់​ការរៀបចំ​ឯកសារ​យន្ត​ការ​រួមមួយ​។​ប្រទេស​ទាំង​ពីរ គ្រោង​ជួប​ប្រជុំ​គ្នា​ម្តងទៀត​នៅ​ដើម​ខែ​ឧសភា ដើម្បី​បន្ត​រៀបចំ​កិច្ច​ផ្តួចផ្តើម​ទាំងនេះ បន្ថែមទៀត​។

 

​គម្រោង​នេះ អនុវត្ត នៅ​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ពោល​គឺ ស្ទឹងត្រែង និង​ក្រចេះ​នៃ​ប្រទេស​កម្ពុជា និង ខេត្ត​ចំប៉ា​សាក់ និង អត្តា​ពើ នៃ​ប្រទេស​ឡាវ ដែល​ត​ភ្ជាប់​ដោយ អាង​ទន្លេ​ទាំងពីរ​នេះ​។ នេះ​ជា​គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​ទាំង ៥ សម្រាប់​តំបន់​ជាប់​ព្រំដែន​ដែល​ឧបត្ថម្ភ​ដោយ​ធនាគារពិភពលោក នៅក្រោម​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​៕

 

​ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  កម្ពុជា-ឡាវ

ព័ត៌មានផ្សេងទៀត