រយៈពេល​១១​ឆ្នាំ​កម្ពុជា​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​UN​ជាង​៤០០០​នាក់​

28-02-2017 5:03 pm 684

​ក្នុង​រយៈពេល​១១​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៧​នេះ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង រក្សា​សន្តិភាព ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ ចំនួន​៤,៣៦៧​នាក់ ក្នុងនោះ​មាន​ស្ត្រី​១៦៧​នាក់​។ នេះ​បើ​តាម​របាយការណ៍ ក្រសួង​ការបទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​។​

​របាយការណ៍ ដែល​បាន​បង្ហាញ នៅក្នុង​ពិធី​បើក​សន្និបាត បូកសរុប​ការងារ ឆ្នាំ​២០១៦ និង​លើក​ទិសដៅ​បន្ត សម្រាប់​ការអនុវត្ត​នៅ​ឆ្នាំ​២០១៧ នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ «​ចាប់ពី​ឆ្នាំ​២០0៦ ដល់​ឆ្នាំ​២០១៧ កម្ពុជា​បាន​បញ្ជូន​កងកម្លាំង ចូលរួម​ថែរក្សា​សន្តិភាព​ពិភពលោក ក្រោម​ក្របខ័ណ្ឌ អ​.​ស​.​ប មាន​ចំនួន​៤.៣៦៧​នាក់ (​ស្ដ្រី ១៦៧​នាក់​) នៅ​ប្រទេស ៨៖ ម៉ាលី ស៊ូ ដង ស៊ូដង ខាងត្បូង អា​ហ្វិក​កណ្ដាល ស៊ី​ប ស៊ី​រី និង​ឆាដ​»​។​

​កាលពី​អំឡុង​ដើម​ខែ​មករា ឆ្នាំ​២០១៧ កងកម្លាំង​យោធា​មួក​ខៀវ ក្នុង​កងឯកភាព​ជំនាញ​វិស្វកម្ម​ចំនួន ១៨៤ នាក់​ក្នុងនោះ​មាន​ស្ត្រី ១៦ នាក់ ត្រូវបាន​បញ្ជូន​ទៅ​បេសកកម្ម​សន្តិភាព រយៈពេល​មួយ​ឆ្នាំ​នៅ​សាធារណរដ្ឋ​លី​បង់​។ បច្ចុប្បន្ន​កម្ពុជា​មាន​ក​ង​កម្លាំង​ជិត ១០០០​នាក់ បាន​នឹង​កំពុង​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ទាំង​៨​ខាងលើ​។​

​សូមបញ្ជាក់​ថា ក្នុង​កិច្ចសហប្រតិបត្តិការ ជាមួយ​អង្គការ​សហប្រជាជាតិ​នេះ ក្រសួងការបរទេស បានឲ្យដឹងថា កម្ពុជា​បាន​ដាក់​បេក្ខភាព ជា​អនុប្រធាន​សម័យប្រជុំ​មហាសន្និបាត អ​.​ស​.​ប លើក​ទី​៧ សម្រាប់​អាណត្តិ ចាប់ពី ខែ​កញ្ញា ឆ្នាំ​២០១៨ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៩ និង​នៅក្នុង​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​សង្គម អ​.​ស​.​ប ECOSDC ក្នុង​អាណិ​ត្តិ ឆ្នាំ​២០១៨​ផងដែរ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  កងទ័ពមួកខៀវ

ព័ត៌មានផ្សេងទៀត