កម្ពុជា​ថា​​នឹង​រក​ដំណោះស្រាយ​ ខណៈ​ឡាវ​​បន្ថែម​កម្លាំង​​៤០០​នាក់​​រារាំង​​មិនឲ្យ​​ធ្វើ​ផ្លូវ​ក្រ​វាត់​​ព្រំដែន​​

20-02-2017 11:28 am 5559
រូបភាពពីfbនគរបាលជាតិ

​យោង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ផ្លូវការ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ​បាន​បញ្ជាក់​ឲ្យដឹង​នៅ ថ្ងៃទី​១៩ កុម្ភៈ ថា ភាគី​កម្ពុជា និង​ឡាវ នឹង​ជួប​គ្នា​ក្នុង​ចន្លោះ​ចាប់ពី​ថ្ងៃ​ទី​២០ រហូត​ដល់​ថ្ងៃ​ទី​២៧ កុម្ភៈ ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ការ​ឈូសឆាយ​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​កម្ពុជា​។​

 

​បើ​តាម​អង្គភាព វរៈ​ការពារ​ព្រំដែន​១០១ ឲ្យដឹងថា ទាហាន​ឡាវ នៅ​បន្ត​បន្ថែម​កម្លាំង​មក​បន្ទាត់​ព្រំដែនជាង​៤០០​នាក់ ដោយ​ពង្រាយ​ចាប់ពី​ចំណុច​ប៉ុស្តិ៍​វរៈ​២១ ត្រើយម្ខាង​ទន្លេសេសាន​អូរ​កុះ ​ដល់​អូរ​តា​ឡាវ​ទឹកដី​ឡាវ និង​កម្លាំង​មួយចំនួន​ទៀត​មក​ឈរ​ជើង​លើដី​កម្ពុជា ប្រដាប់​ដោយ​អាវុធ ចូល​មក​រារាំង​មិន​ឲ្យ​ទា​ហ៊ាន និង​កងវិស្វកម្ម​កម្ពុ​ជា​ធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន ចំណុច​អូ​តា​ឡាវ​ខេត្តស្ទឹងត្រែង​នោះឡើយ​។​

 

​គិតពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​១៩ កុម្ភៈ​នេះ រយៈពេល​ចំនួន​១១​ថ្ងៃ​កន្លង​មក​ហើយ ដែល កម្លាំង​ទាហាន​ខេត្ត​អា​តតះ​ពឺ របស់​ឡាវ​ជាច្រើន​នាក់​បាន​បន្ត​រារាំង​ការស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​តាម​ព្រំដែន​កម្ពុជា ចំណុច​អូ​តា​ឡាវ ក្នុង​ភូមិសាស្ត្រ​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ។ បន្ទាប់​ទាហាន​ឡាវ​បន្ថែម​កម្លាំង ភាគី​កម្ពុជា ក៏​រៀបចំ​កម្លាំង​ការពារ​ព្រំដែន រួមមាន​កម្លាំង​ទាហាន​វរៈ​ការពារ​ព្រំដែន​១០១ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៧០១ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កម្លាំង​យោធភូមិ​ភាគ​១ រួម​នឹង​កម្លាំង​កងវិស្វកម្ម ចុះ​ធ្វើ​ការណែនាំ​ដល់​ទាហាន​ឡាវ ហាម​មិន​ឲ្យ​នាំ​អាវុធ​ចូល​មក​ក្នុង​ដែនដី​កម្ពុជា​។​ប៉ុន្តែ​បើ​ទោះជា​បែបនេះ ទាហាន​ឡាវ មិន​អើពើ​នឹង​សំណូមពរ​របស់​ភាគី​កម្ពុជា​ទេ​។ ចំណែក​ខាង​កម្លាំង​កងវិស្វកម្ម​កម្ពុជា ក៏​បាន​ស្នើសុំ​ថ្នាក់លើ​កម្ពុជា ដើម្បី​ថែម​កម្លាំង​ជាបន្ទាន់ ដើម្បី​បន្ត​ស្ថាបនា​ផ្លូវ​នេះ​។​

 

​សូមបញ្ជាក់​ថា បើ​ផែនការ ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន គិត​ចាប់ពី​ចំណុច​ដុង​ក្រឡរ ក្រុង​ស្ទឹងត្រែង ដល់​ចំណុច​អូ​តា​ឡាវ ស្រុក​សៀម​ប៉ាង​មាន​២៥៧​គីឡូម៉ែត្រ តែ​ទើបនឹង​អនុវត្ត​បាន​ជាង​១៥០​គីឡូម៉ែត្រ ប៉ុណ្ណោះ ដោយ​ចាប់ផ្ដើម​ក្នុង​ឆ្នាំ​២០១៥​។​

គួរ​ជម្រាប​ថា ភាព​តានតឹង​នៅតាម​ព្រំដែន​កម្ពុជា​-​ឡាវ​មិនសូវ​ផ្ទុះ​ឡើង​ដូច​នៅតាម​ព្រំដែន​កម្ពុជា​-​វៀតណាម​នោះ​ទេ ពោល​គឺ​យូរៗ​មាន​ម្ដង​ប៉ុណ្ណោះ តួ​យ៉ាង​នៅក្នុង​ខែ​មេសា​ឆ្នាំ​មុន នៅពេល​កងកម្លាំង​កម្ពុ​ជា​បាន​រារាំង​រថយន្តយោធា​ឡាវ​ដែល​ធ្វើការ​សាងសង់​បន្ទាយរ​បស់​គេ មិន​ឱ្យ​ប្រើប្រាស់​ផ្លូវ​ដែល​កាត់​តាម​ទឹកដី​កម្ពុជា​៕

 

​ដោយ​៖​ខាត់ សុធី​

 ពាក្យគន្លឹះ  ព្រំដែនកម្ពុជា-ឡាវ

ព័ត៌មានផ្សេងទៀត