រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកប្រាក់ សុខុន បានថ្លែងប្រាប់ទៅកាន់មន្ត្រីរដ្ឋាភិបាលប្រទេសកាណាដា អំពីផលលំបាកផ្នែកហិរញ្ញវត្ថុលើសកម្មភាពបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះនៅកម្ពុជាបច្ចុប្បន្ន។
ក្រសួងការបរទេសបានផ្សព្វផ្សាយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នៅថ្ងៃនេះ ឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Donica Pottie ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ប្រមុខការទូតកម្ពុជារូបនេះ បានលើកឡើងពីសមិទ្ធិផលធំធេងក្នុងការបោសសម្អាតមីននៅក្នុងប្រទេស តាមរយៈអាជ្ញាធរមីន និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ ប៉ុន្តែទន្ទឹមនឹងនោះ លោកប្រាក់ សុខុន បញ្ជាក់ថា កម្ពុជាក៏កំពុងប្រឈមបញ្ហាកង្វះខាតផ្នែកហិរញ្ញវត្ថុ ហើយស្នើសុំឲ្យកាណាដាពិនិត្យលទ្ធភាពផ្តល់ការជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់សកម្មភាពបោសសំអាតមីននៅកម្ពុជា។
ការស្នើនេះធ្វើឡើងបន្ទាប់ពីប្រទេសកាណាដាដែលជាប្រទេសផ្តល់ជំនួយដ៏សំខាន់លើវិស័យមីន បានបញ្ឈប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជាអស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយធ្វើឱ្យសកម្មភាពបោះសម្អាតបានជួបបញ្ហាប្រឈម។ ឆ្លើយតបនឹងសំណើរបស់កម្ពុជា លោកស្រីឯកអគ្គរដ្ឋទូតកាណាដា បានសន្យាថា នឹងរិះរកមធ្យាបាយបញ្ជុះបញ្ជូលឲ្យរដ្ឋាភិបាលរបស់ខ្លួនផ្តល់ជំនួយដល់កម្ពុជាឡើងវិញ ខណៈដែលរដ្ឋាភិបាលកាណាដា បានបញ្ឈប់កម្មវិធីផ្តល់ជំនួយតាំងពីឆ្នាំ២០០២មក។
គួររំឭកថា កន្លងទៅអាជ្ញាធរមីនកម្ពុជាបានអះអាងថា កម្ពុជាត្រូវការថវិកា៣៦០លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំបន្ថែមទៀត ដើម្បីបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះឱ្យអស់នៅលើដី ដែលនៅសេសសល់ប្រមាណជាង១៦៤០គីឡូម៉ែត្រក្រឡា នៅទូទាំងប្រទេស៕