នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ បានបានយាងដល់ទឹកដីអង្គរខេត្តសៀមរាបហើយ ដើម្បីគង់ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចាក់បញ្ចាំងភាពយន្ត «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ»។ «មុនដំបូងខ្មែរក្រហម សម្លាប់ប៉ារបស់ខ្ញុំ» ដែលដឹកនាំផលិតដោយលោកស្រី Angelina Jolie នឹងត្រូវបញ្ជាំងនាចុងសប្តាហ៍នេះ។
តាមគម្រោង ព្រះរាជវត្តមានរបស់ព្រះអង្គទាំងទ្វេនៅលើទឹកដីអង្គរខេត្តសៀមរាបនេះ ព្រះអង្គនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីកាត់ឫសសីមាព្រះវិហារវត្តស្វាយដង្គំ ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប និងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធខ្សែភាពយន្តខ្នាតអន្តរជាតិរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ»។
«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ជាខ្សែភាពយន្តបែបប្រវត្តិសាស្ត្រ ដែលរំឭកអំពីប្រវត្តិដ៏ជូរចត់នៃរបបវាលពិឃាត ដឹកនាំផលិតដោយលោកស្រី Angelina Jolie ជាតារា និងជាផលិតករដ៏ល្បីរបស់ Hollywood នឹងត្រូវចាក់បញ្ចាំងជាលើកដំបូងបង្អស់នៅលើវាលស្មៅនៃព្រះលានជល់ដំរី ដែលជាអតីតរាជធានីដ៏ឧត្តុង្គឧត្តម នាកំឡុងសតវត្សទី៩ដល់ទី១៥ នាថ្ងៃទី១៨-១៩ ខែកុម្ភៈ ឆ្នាំ២០១៧។
បើតាមការឱ្យដឹងពីមន្ត្រីជំនាញភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកដែលត្រូវអញ្ជើញចូលរួមទស្សនាខ្សែភាពយន្តនេះ គឺក្រៅមន្ត្រីរាជការ និងមន្ត្រីទូតគ្រប់ប្រទេស គឺមានប្រជាពលរដ្ឋដែលបានចូលរួមសម្តែង និងក្រុមបច្ចេកទេស ដែលបានចូលរួមផលិតភាពយន្តកន្លងមក។ ហើយការចូលទស្សនា គឺត្រូវបានកំណត់តាមចំនួនលិខិតដែលបានអញ្ជើញប៉ុណ្ណោះ មិនត្រូវបានបើកឲ្យចូលទស្សនាដោយសេរីឡើយ។
គួរជម្រាបថា ខ្សែភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវបានថតនៅក្នុងទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាពិសេស តំបន់រមណីយដ្ឋានអង្គរ ក៏ជាផ្នែកមួយដ៏សំខាន់ដែលខ្សែភាពយន្តបានផ្តិតយកទិដ្ឋភាពជា ប្រវត្តិសាស្ត្រមួយចំនួនធំ។ ដូចនេះហើយបានជាផលិតករភាពយន្តសម្រេចចិត្តជ្រើសរើសយករមណីយដ្ឋានអង្គរ ជាទីតាំងចាក់បញ្ចាំងមុនដំបូងបំផុត ដែលជាពិធីសម្ពោធផ្លូវការមុននឹងខ្សែភាពយន្តនេះចាក់បញ្ចាំងនៅរោង ភាពយន្តផ្សេងៗទៀត៕