ប្រមុខការទូតកម្ពុជា បានរំឭកដល់តំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) ឲ្យយកចិត្តទុកដាក់គោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ការរំឭកជាថ្មីនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារសម្រាប់ឆ្នាំថ្មីរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងតំណាងOHCHR នៅថ្ងៃទី១៤ កុម្ភៈ។
យោងតាមសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងកសាងការជឿទុកចិត្តរវាងភាគីទាំងពីរ លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរំឭកដល់លោកស្រីវ៉ាន់ហ៊ី លី (Wan Hea-Lee) តំណាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស អ.ស.ប ប្រចាំកម្ពុជា (OHCHR) ឲ្យយកចិត្តទុកដាក់គោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយជៀសវាងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ស្របតាមការកំណត់នៅក្នុងមាត្រា២(៧) នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
មាត្រា២(៧) នៃធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងបទដ្ឋាននៃការប្រតិបត្តិសម្រាប់រដ្ឋការអន្តរជាតិ បានកំណត់ថា “មន្ត្រីរដ្ឋការអន្តរជាតិទាំងអស់មានកាតព្វកិច្ចត្រូវរក្សាទំនាក់ទំនងដ៏ល្អបំផុត ជាមួយរដ្ឋាភិបាល ហើយត្រូវជៀសវាងសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់ទំនាក់ទំនងនេះ។ មន្ត្រីរដ្ឋការអន្តរជាតិ មិនត្រូវជ្រៀតជ្រែកចូលនយោបាយ ឬកិច្ចការរបស់រដ្ឋាភិបាលឡើយ។ ការទិះតៀន ឬការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលពីសំណាក់មន្ត្រីរដ្ឋការអន្តរជាតិ ទោះបីមានលក្ខណៈជាបុគ្គល ឬជាក្រុមក៏ដោយ វាជាប្រការដែលមិនអាចទទួលយកបានឡើយ។”
លោកស្រីវ៉ាន់ហ៊ី លី គូសបញ្ជាក់ថា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សបានចាត់ទុកថា ឆ្នាំថ្មីនេះគឺជាការចាប់ផ្តើមនៃដំណាក់កាលថ្មីមួយ នៃការពង្រឹងឡើងវិញនូវកិច្ចសហប្រតិបត្តិការ និងជំនឿទុកចិត្តរវាងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ផ្អែកតាមបំណងរបស់តំណាង OHCHR លោកប្រាក់ សុខុន ចង់ឲ្យមានជំនួបពិគ្រោះជាទៀងទាត់រយៈពេលបីខែម្តង ទៅតាមភាពចាំបាច់នៃការងារ។
គួរជម្រាបថា នេះគឺជាការជួបពិភាក្សាការងារលើកទីមួយ រវាងប្រមុខការទូតកម្ពុជាជាមួយតំណាង OHCHR បន្ទាប់ពីមានការចុះហត្ថលេខា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លើអនុស្សារណៈ (MOU) រវាងរដ្ឋាភិបាលកម្ពុជា និងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស ដើម្បីឲ្យអង្គការអន្តរជាតិមួយនេះ បន្តការងាររបស់ខ្លួន សម្រាប់រយៈពេល២ឆ្នាំទៀត។
មុននឹងឈានដល់ការចុះអនុស្សរណៈអនុញ្ញាតឲ្យអង្គការសហប្រជាជាតិ អាចបន្តដាក់ការិយាល័យសិទ្ធិមនុស្សនៅកម្ពុជាជាថ្មីនេះ លោកប្រាក់ សុខុន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ បានផ្ញើលិខិតទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ព្រមានបញ្ឈប់កិច្ចប្រតិបត្តិការការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅកម្ពុជា ប្រសិនបើមន្ត្រីនៃការិយាល័យនេះ បន្តធ្វើសកម្មភាពរបស់ខ្លួនដែលរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា៕
ការជួបពិភាក្សាការងារលើកទីមួយ រវាងលោកប្រាក់ សុខុន ជាមួយលោកស្រីWan Hea-Lee ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួង (រូបថតពី៖AKP)