អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃទី១២កុម្ភៈ បានស្នើឲ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ បើកិច្ចប្រជុំពិភាក្សាបន្ទាន់ក្រោយការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងជាថ្មី។ជាការធ្វើតេស្ដលើកដំបូងចាប់តាំងពីលោកដូណាល់ ត្រាំស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិក។ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិត្រូវជួបពិភាក្សានៅថ្ងៃទី១៣កុម្ភៈនេះហើយ។
កូរ៉េខាងជើងបានប្រកាសថា បានធ្វើតេស្ដមីស៊ីលដោយជោគជ័យ តាមការបញ្ជារបស់លោកគីម ជុងអ៊ុន។មីស៊ីលបានបាញ់កាលពីម៉ោងប្រមាណ៧.៥៥នាទីព្រឹកថ្ងៃអាទិត្យទី១២កុម្ភៈ ពីមូលដ្ឋានទ័ពអាកាសBanghyonស្ថិតក្នុងខេត្ដភាគខាងលិចទីក្រុងព្យុងយ៉ាង ឆ្ពោះទៅតំបន់ភាគខាងកើតប្រទេសគឺសំដៅទៅសមុទ្រជប៉ុន។មីស៊ីលបានហោះចម្ងាយប្រមាណជា៥០០គីឡូម៉ែត្រមុនធ្លាក់ចូលក្នុងសមុទ្រ។
ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើងពេលនេះ បន្ទាប់ពីជប៉ុនប្រតិកម្មយ៉ាងខ្លាំងពីការធ្វើតេស្ដមុនៗ ហើយលោកអាបេនាយករដ្ឋមន្ដ្រីជប៉ុន បាននិយាយពេលធ្វើសន្និសីទកាសែតនៅរដ្ឋFloridaសហរដ្ឋអាមេរិកជាមួយលោកដូណាល់ ត្រាំថា សកម្មភាពកូរ៉េខាងជើងពិតជាទង្វើមិនអាចអត់ទ្រាំបាន។លោកដូណាល់ ត្រាំក៏គាំទ្រ១០០ភាគរយដល់នាយករដ្ឋមន្ដ្រីជប៉ុន។
កូរ៉េខាងត្បូងវិញក៏ប្រតិកម្មនឹងកូរ៉េខាងជើងដូចគ្នា ហើយបញ្ជាក់ថាការធ្វើតេស្ដមីស៊ីលនៅពេលនេះ ក្នុងគោលបំណងចង់ទាក់ទាញឲ្យពិភពលោក ចាប់អារម្មណ៍ពីសមត្ថភាពនុយក្លេអ៊ែរនិងមីស៊ីលរបស់គេ។បើតាមការសន្និដ្ឋានរបស់កូរ៉េខាងត្បូង ទង្វើរបស់កូរ៉េខាងជើងគឺជាផ្នែកមួយឆ្លើយតបនឹងរដ្ឋបាលថ្មីរបស់អាមេរិក ដែលនៅតែមានជំហររឹងមាំប្រឆាំងនឹងកូរ៉េខាងជើងដូចរដ្ឋបាលមុន៕