អ្នកបើកបរ​យានយន្ត​​ក្នុង​ភាព​ស្រវឹង​​ត្រូវ​​ជាប់​ពន្ធនាគារ​​

07-02-2017 3:21 pm 1891

​មាត្រា ៧៧​ថ្មី នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បានចែង​ថា ជន​ណា​បើកបរ​យានយន្ត​នៅពេល​ដែល​ខ្លួន​ស្ថិតនៅ​ក្នុង​ភាពស្រវឹង ដោយ​មាន​ជាតិ​អាល់កុល​ចាប់ពី ០,៤០​មី​លី​ក្រាម​ក្នុង​មួយ​លីត្រ​ខ្យល់ ឬ​ចាប់ពី ០,៨០​ក្រាម​ក្នុង​មួយ​លីត្រ​ឈាម​ឡើងទៅ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៨​សែន​រៀល ទៅ ៤​លាន​រៀល​។​

​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ត្រូវបាន​ព្រះមហាក្សត្រ​កម្ពុជា​ឡាយព្រះហស្ថលេខា​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ដើមឆ្នាំ​២០១៧​នេះ​។ មាត្រា​មួយចំនួន​ដែល​បាន​កែប្រែ​នៅក្នុង​ច្បាប់​នេះ បាន​រឹតបន្តឹង​ជាង​មុន​ទៅលើ​បទ​ល្មើស​៖ បើកបរ​យានយន្ដ​ក្នុង​ភាពស្រវឹង​, បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ និង​អ្នកបើកបរ​គ្មាន​បណ្ណ​សម្គាល់​យានយន្ត​។​

​បើ​តាម​មាត្រា ៧៥​ថ្មី បាន​កំណត់​ថា ជន​ដែល​បើក​យានយន្ដ​គ្មាន​បណ្ណ​បើកបរ ឬ​ក្នុង​រយៈពេល​ដែល​បណ្ណ​បើ​កបរ​ត្រូវបាន​ដកហូត ឬ​ព្យួរទុក ក៏ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៨​សែន​រៀល ទៅ ៤​លាន​រៀល​។ រីឯ មាត្រា ៨២​ថ្មី បានចែង​ថា ជន​ណា​ប្រើប្រាស់​យានយន្ត​ដោយ​គ្មាន​បណ្ណ​សម្គាល់​រថយន្ត ឬ​គ្មាន​ផ្លាក​លេខ​សម្គាល់​រថយន្ត ត្រូវ​ផ្តន្ទា​ជាប់​ពន្ធនាគារ​ពី​៦​ថ្ងៃ ទៅ​១​ខែ និង​ពិន័យ​ជា​ប្រាក់​ពី ៨​សែន​រៀល ដល់​៤​លាន​រៀល​។​

​នៅក្នុង​បទល្មើស​ទាំងបី​ខាងលើនេះ ប្រសិន​បើ​ម្ចាស់​យានយន្ដ​នោះ​នៅតែ​មិន​រាងចាល ហើយ​ប្រព្រឹត្ត​បទល្មើស​ដដែល ក្នុងអំឡុងពេល​៦​ខែ គិត​ចាប់ពី​ការពិន័យ​អន្តរការណ៍​លើក​មុន​។ មិនតែប៉ុណ្ណោះ ច្បាប់​ថ្មី​នេះ ក៏​តម្រូវឲ្យ​អ្នករួមដំណើរ​ទាំងអស់​ដែល​ជិះ​កៅអី​ខាងក្រោយ​នៃ​រថយន្ត ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ដែរ​។​

​គួរបញ្ជាក់​ថា កាលពីដើមឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រង់​មាត្រា​៨, ៤០, ៤១, ៤៧, ៤៨, ៧៥, ៧៧, ៨២ និង​មាត្រា​៩០​។ ខ្លឹមសារ​ច្បាប់​ទាំង​៩​មាត្រា​នេះ ទាក់ទង​នឹង​ការលុបចោល​បណ្ណ​បើកបរ​ប្រភេទ​ក​១ ការផ្ទេរកម្មសិទ្ធិ​យានយន្ត ការ​បើកបរ​ដោយ​គ្មាន​បណ្ណ​បើកបរ ការប្រើប្រាស់​យានយន្ត​ដោយ​គ្មាន​បណ្ណ​សំគាល់ និង​ស្លាក​លេខ ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​ការពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ទាំង​អ្នកបើកបរ និង​អ្នករួមដំណើរ​។​

​ការសម្រេច​កែប្រែ​ច្បាប់​ចរាចរណ៍​ឡើងវិញ ត្រូវ​បាន​រដ្ឋាភិបាល អះអាងថា ធ្វើឡើង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​លំបាក​ក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បន្ទាប់​ពី​ច្បាប់​នេះ​បាន​ដាក់ឱ្យ​ប្រើប្រាស់ តាំងពី​ដើម​ឆ្នាំ​២០១៦៕

ព័ត៌មានផ្សេងទៀត