​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​​៤​រូប​​ស្ម័គ្រចិត្ត​​ប្រកាស​​ទ្រព្យសម្បត្តិ​​តាម​​ប្រព័ន្ធ​​អ៊ី​ន​​ធើ​​ណេត​​

02-02-2017 3:47 pm 1756
សមាសភាពមន្ត្រីគណបក្សសង្គ្រោះជាតិទាំង៤រូប ដែលបានប្រកាសទ្រព្យសម្បត្តិ

​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​បួនរូប ស្ម័គ្រចិត្ត​ចូលរួម​ប្រកាស​ទ្រព្យសម្បត្តិ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេត ដែល​ផ្សព្វផ្សាយ​ដោយ​អង្គការ​គណនេយ្យភាព​កម្ពុជា​។ បើ​តាម​លិខិត​ដែល​វិទ្យុ​វាយោ​ទទួល​បាន​ឱ្យដឹងថា មន្ត្រី​បក្សប្រឆាំង​ទាំង​បួន​នាក់​នោះ រួមមាន​៖ លោក​កែវ ហ៊ាង អនុប្រធាន អនុគណៈកម្មាធិការ​កិច្ចការ​បោះឆ្នោត និង​នីតិកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ​, លោក​ងួន សា​វីន មេឃុំ​ព្រៃ​ឃ្មុំ​, លោក​ប៉ុល យ៉ាន មេឃុំ​ក្រាំង​អំពិល និង​លោក​​​ចាន់ លី​ណា បេក្ខជន​ក្រុមប្រឹក្សាឃុំ​ក្រាំង​អំពិល​។ អ្នក​ទាំង​បួន​ជា​មន្ត្រី​មូលដ្ឋាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពត​។

លោក​កែវ ហ៊ាង មន្ត្រី​ប្រតិបត្តិ​មួយ​រូប​របស់​បក្ស​ប្រឆាំង បាន​លើកឡើង​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយ​អង្គការ​គណនេយ្យ​ភាព​កម្ពុជា​ថា ការធ្វើ​បែប​នេះ ដើម្បី​ជា​គំរូ​ដល់​មន្ត្រី​សាធារណ​ផ្សេងទៀត ក្លាហាន​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់ខ្លួន​។ បន្ថែម​ពី​នេះ លោក​ក៏​បាន​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​សុចរិត​ភាព​តាមរយៈ​ការចូលរួម​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​....​។​
សំឡេង​លោក​កែវ ហ៊ាង​៖

​បើ​តាម​លិខិត​របស់​អង្គការ​គណនេយ្យភាព​កម្ពុជាដដែល បានឱ្យ​ដឹង​ដែរ​ថា ក្រៅ​តែ​ពី​មន្ត្រី​គណបក្សនយោបាយ ក៏​មាន​គ្រូបង្រៀន​ពីរ​រូប​ទៀត​ចូលរួម​ប្រកាស​ទ្រព្យសម្បត្តិ​ដែរ​។ អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ បញ្ជាក់ថា ទោះបីជា​គ្រូបង្រៀន មិន​ត្រូវបាន​ច្បាប់​ប្រឆាំង​អំពើពុករលួយ​តម្រូវ​ឲ្យ​ប្រកាស​ទ្រព្យសម្បត្តិ​ក្តី ប៉ុន្តែ​ពួកគាត់​យល់ឃើញថា ពួកគាត់​ក៏​មាន​តួនាទី​ចូលរួម​ធ្វើអំពើ​សុចរិត បង្ហាញ​គំរូ​ល្អ​ប្រឆាំង​អំពើពុករលួយ​ដោយ​ចាប់ផ្តើម​ពី​ខ្លួនឯង​សម្រាប់​ក្មេងជំនាន់ក្រោយ​។​

​គិត​ត្រឹម​ចុងឆ្នាំ​២០១៦ មាន​មនុស្ស​ជាង​៤០​នាក់ បាន​ស្ម័គ្រចិត្ត​ប្រកាស​ទ្រព្យសម្បត្តិ​ខ្លួន​ជា​សា​ធាណរៈ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណែត​។ លោក​គុយ មាស​សំណាង ប្រធាន​អង្គការ​គណនេយ្យភាព​កម្ពុជា ប្រាប់ឱ្យដឹង​ថា យុទ្ធនាការ​នេះ​មិនទាន់​ទទួលបាន​លទ្ធផល​វិជ្ជមាន​ក្នុង​ការសហការ​ជាមួយ​ស្ថាប័ន​រដ្ឋាភិបាល និង​រដ្ឋសភា​នៅ​ឡើយ​។ លោក​អះអាង​ថា លោក​តែងតែ​បាន​ស្នើ​ម្តង​ហើយ​ម្តងទៀត ទៅកាន់​ថ្នាក់ដឹកនាំ​បក្សនយោបាយ ជាពិសេស​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រកាស​ទ្រព្យសម្បត្តិ​ជា​សាធារណៈ​។

​នៅថ្ងៃនេះ វិទ្យុ​វាយោ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​កឹម សុខា​បាន​ទេ​។​

​គួរ​ជម្រាប​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​លិម គឹមយ៉ា និង​លោក​សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ជា​អ្នកនយោបាយ​លើកដំបូង ដែល​បាន​ប្រកាស​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ជា​សាធារណៈ​ជាមួយ​អង្គការ​គណនេយ្យ​ភាព​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត