ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​៣៦៦​នាក់​ត្រូវបាន​ជួយសង្គ្រោះ​មក​កម្ពុជា​វិញ​

01-02-2017 4:50 pm 682

​ស្របពេល​ដែល​ស្ថានភាព​សេដ្ឋកិច្ច និង​នយោបាយ ក្នុងប្រទេស​កម្ពុជា​មាន​ការប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយឆ្នាំ នៅ​ឆ្នាំ​២០១៦​នេះ សកម្មភាព​ជួញដូរ​មនុស្ស និង​បទ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ នៅតែ​មាន​សកម្មភាព​ដែលនាំឱ្យ​មាន​ការប៉ះពាល់​ដល់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ និង​មាន​ភាពអយុត្តិធម៌​លើ​មនុស្ស​ជាច្រើន ដែល​ជា​ជនរងគ្រោះ ដោយ​អំពើ​ជួញដូរ​មនុស្ស​។ នេះ​បើ​តាម​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៣១ ខែ​មករា​ឆ្នាំ​២០១៧ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៦ ស្ដី​ពី​ការជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​នៅ​បរទេស បានឱ្យដឹងថា ក្រសួង​បាន​ជួយ​សម្រួល​ពលរដ្ឋ​ខ្មែរ​សរុប​ចំនួន​៨១៥​នាក់​ឱ្យ​បាន​ត្រឡប់​មក​ប្រទេស​កំណើត​វិញ ដោយ​ក្នុង​នោះ​៣៦៦​នាក់ ជា​ជនរងគ្រោះ​ដោយ​ការជួញដូរ​មនុស្ស​។ 

​ពលរដ្ឋ​ខ្មែរ​ដែល​វិលត្រឡប់​ពី​ប្រទេស​វៀតណាម​មាន​ចំនួន​២៣១​នាក់ ដោយ​៨​នាក់​ត្រូវបាន​គេ​នាំ​ទៅ​យក​ប្ដី​ចិន និង​២​នាក់​រង​ការជួញដូរ​ផ្លូវភេទ​។ ចំណែក​ម៉ាឡេស៊ី មាន​ពលរដ្ឋ​ខ្មែរ​២៧២​នាក់ ដោយ​ក្នុង​នោះ​៥៩​នាក់​ត្រូវបាន​គេ​ជួញដូរ​ពលកម្ម និង​មាន​ម្នាក់​រង​ការជួញដូរ​ផ្លូវភេទ​។ ប្រទេស​ថៃ មាន​ពលរដ្ឋ​១៣៩​នាក់ ដែល​បាន​បញ្ជូន​មក​ស្រុកកំណើត​វិញ ក្នុងនោះ​១១០​នាក់ ចូល​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ ២២​នាក់​ចូល​ទៅ​កាប់​ឈើ និង​០៥​នាក់​ត្រូវបាន​ថៅកែ​បំពាន​។ ប្រទេស​ឥណ្ឌូនេស៊ី មាន​ចំនួន​៧៨​នាក់ ដែល​៧៦​នាក់​សុទ្ធតែ​ជា​ពលករ​ខុសច្បាប់ និង​ស្ត្រី​មា្ន​ក់​ដែល​មាន​កូនស្រី​មួយ ត្រូវបាន​គេ​បោក​យក​ទៅ​រៀបការ​។ រីឯ​ប្រទេស​ចិន មាន​ពលរដ្ឋ​៦៥ នាក់ ក្នុងនោះ​៤១​នាក់​ជា​ស្ត្រី​រងគ្រោះ​ដោយ រៀបការ​ប្ដី​ចិន ៩​នាក់​រស់នៅ​ខុសច្បាប់ និង​១៤​នាក់​ត្រូវ​គេ​បោក​យក​ទៅ​រៀន​។​

លោក​យ៉ា ណាវុ​ធ នាយក​ប្រតិបត្តិ​អង្គការ​ខា​រ៉ា​ម បាន​ប្រាប់​វិទ្យុ​វាយោ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​មួយចំនួន មិន​បាន​ស្នើសុំ​ការអន្តរាគមន៍​ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​នៅ​បរទេស​ឡើយ ដោយ​ពួកគេ​ចំណាកស្រុក​តាមរយៈ​មេខ្សល់​។  ការស្រាវជ្រាវ​របស់​លោក​បានឱ្យដឹងថា ពលករ​ខ្មែរ​ភាគច្រើន​ចូល​ធ្វើការ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ និង​ប្រទេស​ម៉ាឡេស៊ី ច្រើន​ជា​គេ​។ ចំណែក​មួយ​ចំនួន​ទៀត​ពលរដ្ឋ​ខ្មែរ​ទៅ​បរទេស​ក្នុងនាម​ជា​អ្នក​ទេសចរណ៍ ប៉ុន្តែ​ដល់​ពេល​កំណត់​ផុត​ទិដ្ឋាការ ពួក​គេ​គេចខ្លួន​ដើម្បី​ធ្វើការ​នៅ​ទីនោះ​តែម្ដង​..........

​សំឡេង​៖

​ប្រធាន​អង្គការ​ខា​រ៉ា​ម រូបនេះ​បាន​ឱ្យ​ជា​យោបល់​ថា ដើម្បី​កុំឱ្យ​មាន​ការ​ចំណាកស្រុក​ខុសច្បាប់​បន្តទៀត កត្តា​ចម្បង​ត្រូវ​បង្កើត​ការងារ​ក្នុង​ស្រុក​ឱ្យបាន​ច្រើន និង​ត្រូវ​ពង្រឹង​ច្បាប់​អន្តោប្រវេសន៍​ឱ្យមាន​ប្រសិទ្ធិភាព ដើម្បី​រឹតបន្ដឹង​ចំពោះ​ជន​បរទេស​ដែល​ចូលមក​ស្វែងរក​ការងារ​នៅ​កម្ពុជា​។​

​ដើម្បី​ដោះស្រាយ​បញ្ហា​ទាក់ទង​នឹង​ការធ្វើ​ទុក​បុក​ម្នេញ​លើ​ពលរដ្ឋ​ចំណាកស្រុក ជាពិសេស​ពលករ​ខ្មែរ  រដ្ឋាភិបាល​កម្ពុជា​គួរ​ស៊ើបអង្កេត​ឲ្យ​តឹងរ៉ឹង និង​មាន​ការយកចិត្តទុកដាក់​លើ​ដំណើរការ​កាត់ទោស អ្នក​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​មនុស្ស និង​ការផ្ដន្ទាទោស​ដាក់ទណ្ឌកម្ម លើ​អ្នក​ដែល​ជួញដូរ​កម្លាំង​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ ជាពិសេស​លើ​ស្ត្រី និង​កុមារ​។ លើសពីនេះ​នឹង​មាន​ការផ្តន្ទាទោស​ចំពោះ​មន្ត្រី​ដែល​ចូលរួម​សមគំនិត​ឃុបឃិត​ជាមួយ​ជនល្មើស​៕
(​ដោយ​៖ គីម ចាន់​ចាវ​)

 ពាក្យគន្លឹះ  ការជួញដូរមនុស្ស

ព័ត៌មានផ្សេងទៀត