ក្រសួង​ពាណិជ្ជកម្ម​​ប្រកាស​ពន្យា​ពេល​​នាំ​ចេញ​អង្ករ​​និង​សន្លឹក​ថ្នាំជក់​​ស្ងួត​​ទៅ​​វៀតណាម​​

01-02-2017 1:59 pm 1162
ទំនិញ​ដែលត្រូវនាំចូល​ទៅប្រទេស​វៀតណាម​

​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រកាស​ជូនដំណឹង​ដល់​ផលិត​ករ និង​អ្នក​នាំ​ចេញ​ទាំង​អស់ ឲ្យបាន​ជ្រាបថា ក្រសួង​នឹង​ពន្យា​ពេល ចំពោះ​ការ​ដាក់​ពាក្យ​ស្នើសុំ​នាំ​ចេញ​មុខ​ទំនិញ​ថ្នាំជក់ និង​អង្ករ​ទៅកាន់​ប្រទេស​វៀតណាម នៅក្រោម​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃ​ផ្សាយដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។​

​ក្រសួង​ពាណិជ្ជកម្ម​ក៏​បាន​អំពាវនាវ​ឲ្យ បងប្អូន​ផលិតករ និង​អ្នក​នាំចេញ ដែល​បាន​កំពុង​ប្រកប​អាជីវកម្ម​ទាក់ទង​មុខទំនិញ​សន្លឹក​ថ្នាំជក់​ស្ងួត និង​អង្ករ មេត្តា​រួសរាន់​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញា​បណ្ណ​នាំចេញ នៅ​ក្រសួង​ពាណិជ្ជកម្ម (​នាយកដ្ឋាន​នាំចេញ​-​នាំចូល​) ឲ្យបាន​ទាន់​ពេលវេលា​។​

កាលពី​ចុងឆ្នាំ​២០១៦​កន្លងទៅ វៀតណាម បានអនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចូល​សន្លឹក​ថ្នាំជក់​ស្ងួត និង​អង្ករ ដោយ​ឥត​បង់ពន្ធ​ជា​រៀងរាល់ឆ្នាំ​។ យោង​តាម​ខ្លឹមសារ​នៃ​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទស​ទាំង​ពីរ​បានឲ្យដឹងថា ភាគី​កម្ពុជា​យល់ព្រម​ផ្ដល់​ភាព​អនុ​ក្រោះ​ពន្ធ ០% (​សូន្យ​ភាគរយ​) នូវ​មុខទំនិញ​ចំនួន ២៩​បន្ទាត់​ពន្ធ​ដល់​ភាគី​វៀតណាម ហើយ​ភាគី​វៀតណាម​យល់ព្រម​អនុគ្រោះ​ពន្ធ​ពន្ធ ០% (​សូន្យ​ភាគរយ​) នូវ​មុខទំនិញ​ចំនួន ៣៩ បន្ទាត់​ពន្ធ​ដល់​កម្ពុជា​វិញ ដោយ​រួម​បញ្ចូល​នូវ​មុខទំនិញ​អង្ករ​ចំនួន ៣០​ម៉ឺន​តោន​ជា​រៀងរាល់ឆ្នាំ និង​សន្លឹក​ឆ្នាំ​ជក់​ស្ងួត​ចំនួន ៣​ពាន់​តោន សម្រាប់​ឆ្នាំ​២០១៦-២០១៧​។

គួរ​ជម្រាប​ថា កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទស​ទាំង​ពីរ ធ្វើឡើង​រវាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​២៦ តុលា ឆ្នាំ​២០១៦​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។ ពិធី​ចុះហត្ថលេខា​នេះ​ធ្វើឡើង​ក្នុងឱកាស​ប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ​សហប្រតិបត្តិការ អាយ៉េ​យ៉ាវ៉ា​ឌី ចៅ​ផៅ​យ៉ា​មេគង្គ (ACMECS) លើក​ទី​៧ និង​កិច្ចប្រជុំ​កំពូល CLMV លើក​ទី​៨ ព្រមទាំង​កិច្ចប្រជុំ​វេទិកា​ពិភពលោក​ស្ដីពី​តំបន់​មេគង្គ​៕  

 ពាក្យគន្លឹះ  កម្ពុជា-វៀតណាម

ព័ត៌មានផ្សេងទៀត