កម្ពុជាគ្រោងសាងសង់រថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស (AGT, Automated Guideway Transit) នៅរាជធានីភ្នំពេញ ដែលជាប្រព័ន្ធដឹកជញ្ជូនសាធារណៈមួយ រួមចំណែកយ៉ាងធំក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ និងជួយឲ្យកំណើនសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ មានការរីកចម្រើន។
លោកម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់វិទ្យុវាយោឲ្យដឹងនៅថ្ងៃទី១ ខែកុម្ភះ នេះថា វាគ្រាន់តែជាគំនិតផ្ដួចផ្ដើមមួយតែប៉ុណ្ណោះ ដំណើរការសាងសង់យ៉ាងណានោះ នៅមិនទាន់មាននៅឡើយទេ។ ប៉ុន្តែបើរាជធានីភ្នំពេញ មានរថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស ដូចប្រទេសជប៉ុនមែននឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ……………..
សំឡេងលោកម៉េត មាសភក្ដី៖
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ លោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន JICA និងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរខណ្ឌ ដើម្បីពិភាក្សាពីការសិក្សានៃដំណើរការរថភ្លើងធុនស្រាល AGT ក្នុងរាជធានីភ្នំពេញនេះ។ ក្នុងនោះលោកស៊ុយ សេរិទ្ធ បានស្នើឲ្យទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន ត្រូវសិក្សាឱ្យបានច្បាស់លាស់លើគម្រោងដែលបានស្នើនេះ ដើម្បីជួយសម្រួលចរន្ដចរាចរណ៍ និងបន្ថយការកកស្ទះ ដោយត្រូវគិតពីហេដ្ឋារចនាសម្ព័ន្ធ ការងារបច្ចេកទេស និងការផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ។
សូមបញ្ជាក់ថា គម្រោងសាងសង់រថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស ក្នុងរាជធានីភ្នំពេញនេះ គឺជាការស្នើរបស់ទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុន JICA ពីព្រោះថា រថភ្លើងធុនស្រាលស្វ័យប្រវត្ដិលើអាកាស(AGT, Automated Guideway Transit)ជាមធ្យោបាយដឹកជញ្ជូនសាធារណៈមួយ ដែលទីក្រុងមួយចំនួនរបស់ប្រទេសជប៉ុន បានកំពុងប្រើប្រាស់ តាមរយៈទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិនៃប្រទេសជប៉ុននេះ៕
ដោយ៖សេង បារាំង