មន្ទីរ​បរិស្ថាន​មើលមិនឃើញ​សំរាម​លើ​ភ្នំ​គូលែន​ដែល​ជា​ចំណី​ចក្ខុ​​អួត​អ្នក​ទេសចរណ៍​​

31-01-2017 5:29 pm 2937

​សំរាម​ជាច្រើន​ត្រូវបាន​គេ​ចាក់​គរ បង្អួតរាង​នៅលើ​បរិវេណ​រមណីដ្ឋាន ប្រវត្តិសាស្ត្រ​ភ្នំ​គូលែន ខេត្តសៀមរាប ដោយ​បាន​ទាក់ទាញ​ភ្នែក​ទេសចរណ៍​ជាច្រើន ឲ្យ​រិះគន់​មន្ទីរ​បរិស្ថាន​ខេត្ត និង​ភាគី​ពាក់ព័ន្ធ ថា​មិន​យកចិត្តទុកដាក់ និង​ថា​ប្រហែល​ជា​ទំនេរ​គ្មាន​ការងារ​ធ្វើ​ទេ ទើប​បណ្ដោយ​ឲ្យ​សំរា​មបន្ត​រីក​ស្គុះស្គាយ​បែបនេះ​ទៅ​វិញ​។

​លោក​សេង រដ្ឋា អ្នក​នាំ​ភ្ញៀវ​ទេសចរណ៍ ដែល​ជា​ញឹកញាប់​នាំ​ភ្ញៀវ​ទៅកាន់​រមណីដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​គូលែន បាន​ប្រាប់​វិទ្យុ​វាយោ​ឲ្យដឹងថា សំរាម​នៅ​ទី​នោះ​គឺ​បណ្ដាល​មក​ពី​ម្ចាស់​ភោជនីយដ្ឋាន និង​អ្នកលក់​វត្ថុ​អនុស្សាវរីយ នៅ​តំបន់​នោះ​ជា​អ្នក​ចាក់គរ ហើយ​អាជ្ញាធរ​ពុំ​មាន​សមត្ថកិច្ច​គ្រប់គ្រង​ឲ្យបាន​ល្អ​។ លោក​រដ្ឋា បានឲ្យដឹង​ទៀត​ថា​បញ្ហា​សំរាម​នៅ​ទីនោះ មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ លោក​បាន​ឃើញ​យូរ​ឆ្នាំ​មកហើយ បូក​រួម​ទាំង​ការ​ចាក់គរ​ជា​បន្តបន្ទាប់​ទៀត ទើប​ធ្វើឲ្យ​បរិមាណ​សំរាម​ចេះ​តែ​ច្រើន​ឡើងៗ​។   

សំឡេង​លោក​សេង រដ្ឋា​៖

ជាការឆ្លើយតប លោកនួន មុន្នី ប្រធានមន្ទីរបរិស្ថាន​ខេត្ត​សៀមរាបថ្មី ដែលគ្រោងនឹងឡើងកាន់ដំ​ណែង​នាដើម​ខែកុម្ភៈខាងមុខនេះ បានឲ្យដឹងថា ការទុកដាក់សំរាមលើភ្នំមិនមែនជារឿង​ងាយស្រួល​​ដូចនៅ​​ទីទំនាបនោះទេ ហើយម្យ៉ាងបញ្ហាសំរាមនៅទីនោះពុំមានប៉ះពាល់ដល់អ្នកទេសចរណ៍ដែលទៅកំសាន្ត នោះទេ។ ប្រធានមន្ទីរបរិស្ថានថ្មីរូបនេះបានបញ្ជាក់ថា លោកនឹងពិភាក្សាជាមួយអង្គការយូណេស្កូ និងភាគីពាក់ព័ន្ធ ដោយ​គ្រោងបង្កើតឡដើម្បីដុតសំរាមនៅលើភ្នំតែម្ដង។

សំឡេងលោកនួន មុន្នី​៖

ភ្នំ​គូលែន​ស្ថិត​នៅក្នុង​ស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ារិន ចំងាយ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ប្រហែល ២៥​គីឡូម៉ែត្រ​ពី​ប្រាសាទ​បន្ទាយស្រី​។ បច្ចុប្បន្ន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​គូលែន ត្រូវ​បាន​រដ្ឋាភិបាល ផ្ដល់​សិទ្ធិ​ឲ្យ​សណ្ឋាគា​រស៊ី​ធី​អង្គរ ជា​អ្នកទទួល​បន្ទុក​លក់​សំបុត្រ​ចូល​ទស្សនា យ៉ាងណាក៏ដោយ ថ្វី​ត្បិត​សណ្ឋាគារ​ស៊ី​ធី​អង្គរ ជា​អ្នកទទួល​បន្ទុក​នៅ​តំបន់​នោះ ក៏ប៉ុន្តែ​មន្ទីរ​បរិស្ថាន​គប្បី​ចេះ​ទើសភ្នែក ដាស់តឿន​ដល់​អ្នក​ពាក់​ពន្ធ័ ឲ្យ​ចេះ​ទទួលខុសត្រូវ លើ​បញ្ហា​គ្រប់គ្រង​សំរាម ឲ្យមាន​ប្រសិទ្ធភាព៕

(ប្រភពរូបពី៖ ហ្វេសប៊ុកឈ្មោះ កូសាំងសុីន កម្ពុជាក្រោម ជាដែនដីរបស់ខ្មែរ)

 ពាក្យគន្លឹះ  សំរាម

ព័ត៌មានផ្សេងទៀត