លោក​ត្រាំ​​និង​លោកពូ​ទីន​​ព្រមព្រៀង​​ដាក់​​ការប្រឆាំង​​ភេរវកម្ម​​ជា​បញ្ហា​​អទិភាព​

29-01-2017 12:14 pm 4818
លោកត្រាំអំឡុងពេលនិយាយទូរស័ព្ទនៅសេតវិមាន

លោក​ត្រាំ​និង​លោកពូ​ទីន បាន​ស្គាល់​គ្នា​តាំង​ពី​លោក​ត្រាំ មិន​ទាន់​ក្លាយជា​ប្រធានាធិបតី​ម្ល៉េះ​។ លោក​ត្រាំ​ជា​អតីត​អ្នកជំនួញ​ល្បីឈ្មោះ​មួយរូប​ធ្លាប់​ទទួលបាន​ពាន ដែល​ផ្តល់​ដោយ​រុស្ស៊ី ក្នុងន័យ​បញ្ជាក់​ពី​មិត្តភាព​។ ប៉ុន្តែ​ការពិភាក្សា​កាលពី​ថ្ងៃ​សៅរ៍ គឺជា​ការជជែក​គ្នា​ផ្លូវការ​និង​លើកទីមួយ ក្នុងនាម​លោក​ត្រាំ​ជា​ប្រធានាធិបតី​អាមេរិក ហើយ​ការពិភាក្សា​លើក​នេះ មិនមែន​ពាក់ព័ន្ធ​នឹង​ជំនួញ​ដូច​គ្រា​មុនៗ​ទៀត​ទេ​។ ក្នុងនាម​ជា​ប្រធានាធិបតី​មាន​ឥទ្ធិពល​ដូចគ្នា ការពិភាក្សា​បាន​លើកឡើង​បញ្ហា​មួយចំនួន​ដែល​កើតឡើង​នៅ​ជុំវិញ​ពិភពលោក​។​

បើ​តាម​ការ​ឲ្យដឹង​ពី​រុស្ស៊ី ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​សង្កត់ធ្ងន់​ថា ការចូលរួម​កិច្ចខិតខំ​ប្រឹងប្រែង នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ការគំរាមកំហែង ភេរវកម្ម​អន្តរជាតិ​គឺជា​រឿង​អទិភាព​កំពូល​។​ប្រធានាធិបតី​ទាំងពីរ ក៏​បាន​និយាយ​ផងដែរ អំពី ការបង្កើត​នូវ​ការសម្របសម្រួល​ដ៏​ពិតប្រាកដ​មួយ រវាង​រុស្សី​និង​អាមេរិក ក្នុង​គោលបំណង​យកឈ្នះ​ឲ្យបាន​លើ​ក្រុម​សកម្មប្រយុទ្ធ​IS និង​ក្រុម​សកម្មប្រយុទ្ធ​ផ្សេងទៀត​នៅក្នុង​ប្រទេស​ស៊ី​រី​។

 

​សម្រាប់​រុស្ស៊ី​ដែល​គាំទ្រ​ប្រធានាធិបតី​ស៊ី​រី​ស្រាប់ បាន​សម្រេច​ចិត្ត​ហើយ​ថា​នឹង​កម្ចាត់​ក្រុម​ឧទ្ទាម​ដែល​ប្រឆាំង​នឹង​លោក​បា​ហ្សា​អាល់​អាសាត​ប្រធានាធិបតី​ស៊ី​រី​។ ការសម្រេចចិត្ត​របស់​រុស្ស៊ី​បែបនេះ គឺ​ផ្ទុយ​ពី​រដ្ឋបាល​អាម​រិកមុន​ដឹកនាំ​ដោយ​លោក​អូ​បា​ម៉ា ដែល​បាន​គាំទ្រ​ពួក​ឧទ្ទាម​ប្រឆាំង​ប្រធានាធិបតី​ស៊ី​រី​។ ពួក​ឧទ្ទាម​នេះ​បាន​ជួយ​អាមេរិក​ក្នុង​ការចូលរួម​ប្រឆាំង​ក្រុម​សកម្មប្រយុទ្ធ​IS​ដែរ​។

 

​យ៉ាងណាក៏ដោយ គេ​មិន​ទាន់​ដឹងថា​រដ្ឋាភិបាល​អាមេរិក​ថ្មី សម្រេច​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​នៅឡើយ​ទេ ពីព្រោះ​សេត​វិមាន​អាមេរិក​មិនទាន់​ទម្លាយ​ព័ត៌មាន​ច្បាប់​លាស់ ពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​ទ្វេរ​ភាគី​តាម​ទូរស័ព្ទ​នោះ​នៅឡើយ​។ ពោល គ្រាន់​តែ​ចេញ​សេចក្តីថ្លែងការណ៍​ខ្លី​មួយ​ថា បន្ទាប់ពី​បាន​ជួប​ជជែក​គ្នា ប្រធានាធិបតី​ទាំងពីរ មាន​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង ថា​អាច​មាន​ការផ្លាស់ប្តូរយ៉ា​ង​ឆាប់រហ័ស ដើម្បី​ដោះស្រាយ​អំពី​ភេរវកម្ម និង​បញ្ហា​​ផ្សេងទៀត​។ ភាគី​ទាំងពីរ​នឹង​រៀបចំ​ឲ្យ​ការជួប​គ្នា​ដោយ​ផ្ទាល់ ​នៅ​ពេល​ខាងមុខ​បន្ថែមទៀត និង​ទាក់ទង​គ្នា​ឲ្យបាន​ទៀងទាត់​ផងដែរ​។​

សូមបញ្ជាក់​ថា ការសន្ទនា​រវាង​លោក​ត្រាំ​និង​លោកពូ​ទីន​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សៅរ៍ ​បាន​ជជែក​លើ​របៀបវារៈ​សំខាន់ៗ​មួយចំនួន​ដូចជា ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម បញ្ហា​ប្រទេស​នៅ​មជ្ឈិមបូព៌ា ជម្លោះ​អារ៉ាប់​-​អ៊ីស្រាអែល យុទ្ធសាស្ត្រ​ស្ថេរភាព​ការ​មិន​រីកសាយ​អាវុធ​និង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ប្រទេស​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង និង​ស្ថានភាព​នៅ​ប្រទេស​អ៊ុ​យក្រែន​៕

 ពាក្យគន្លឹះ  ត្រាំ-ពូទីន

ព័ត៌មានផ្សេងទៀត