កក​ស្ទះ​​ចរាចរណ៍​​បង្ក​​ឲ្យ​​ការ​កក​ស្ទះ​​សំរាម​​កាន់​តែ​​ធ្ងន់ធ្ងរ​

27-01-2017 5:02 pm 4028

​ជារឿយៗ​គេ​តែងតែ​ឮ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ត្អូញត្អែ ពី​ការគ្រប់គ្រង​កាក​សំណល់​រឹង ឬ​សំរាម ដែល​ជា​មធ្យម​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​ទាំងមូល បាន​បន្សល់​ទុក​សំរាម​ប្រមាណ​ជិត​២០០០​តោន​ក្នុង​១​ថ្ងៃៗ​។ បរិមាណ​នេះ​ទំនង​មិន​នៅ​ថេរ​ឡើយ ពោលគឺ​អាច​នឹង​កើនឡើង​បន្ថែម​ទៀត​នៅពេល​ខាងមុខ​។ យ៉ាងណា​គេ​សង្កេតឃើញថា សំរាម​នៅ​ភ្នំពេញ​សព្វថ្ងៃ​នៅតែ​មាន​ការ​កំណើន និង​ការកកស្ទះ​ដដែល​។

មាន​កត្តា​ជាច្រើន​ដែល​បង្ក​ភាពស្មុគស្មាញ លំបាក​ដោះស្រាយ​បញ្ហា​សំរាម​នៅ​រាជធានី​ភ្នំពេញ កត្តា​ទាំង​នោះ​មានដូចជា ទីលាន​ចាក់សំរាម​ដែល​នៅ​ពេល​បច្ចុប្បន្ន​មានតែ​មួយ​កន្លែង មិន​អាច​ផ្ទុក​សំរាម​បាន​ច្រើន​ឡើយ​។ សេវា​ដឹកជញ្ជូន​សំរាម​នៅ​មាន​តិច គឺមាន​តែ​ក្រុមហ៊ុន​ស៊ិន​ទ្រី​មួយ​ប៉ុណ្ណោះ ដែល​មិន​អាច​ឆ្លើយតប​នឹង​កំណើន​សំរាម​សព្វថ្ងៃ​បាន​។ មួយវិញទៀត​ការយកចិត្តទុកដាក់រ​បស់​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាពិសេស​សាលា​រាជធានី​ភ្នំពេញ​ម​នៅមានកម្រិត​ទាប​នៅឡើយ​។ ជា​ការលើកឡើង​របស់​លោក​សន ជ័យ អ្នកសម្របសម្រួល​ប្រព័ន្ធ​គណនេយ្យភាព​សង្គម ដែល​បាន​ប្រាប់​វិទ្យុ​វាយោ​នៅ​ថ្ងៃទី​២៦ មករា នេះ​។

​បញ្ហា​ទាំងនេះ​មិនមែន​ជា​រឿង​ថ្មី​ទេ ប៉ុន្តែ​អ្វី​ដែល​ថ្មី​នោះ​គឺ​លោក​សន ជ័យ​មើលឃើញថា ការដឹកជញ្ជូន​នៅ​រាជធានី​ភ្នំពេញ​មាន​ការលំបាក លំបាក​ដោយសារ​បញ្ហា​ស្ទះ​ចរាចរ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ ដែល​ធ្វើ​ឲ្យ​ការដឹកជញ្ជូន​មាន​ភាពយឺតយ៉ាវ​។

​ជា​ដំណោះស្រាយ​លោក​សន ជ័យ​ចង់​ឲ្យ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​ពង្រីក​ទីលាន​ចាក់សំរាម​ឲ្យបាន​ច្រើន សម្រួល​ការដឹក​ជញ្ជូន​សំរាម​ឲ្យមាន​ទាន់ពេលវេលា និង​ជាពិសេស​គឺ​ត្រូវ​បើក​ឲ្យមាន​ក្រុមហ៊ុនដឹក​ជញ្ជូនផ្សេង​បន្ថែមទៀត ដើម្បី​កុំឲ្យ​មាន​ការកកស្ទះ​សំ​រាមកាន់​តែ​ច្រើន​ទៀត​……

សំឡេង​លោក​សន ជ័យ​៖

​បញ្ហា​គ្រប់គ្រង​សំរាម​នេះ ធ្លាប់​ត្រូវបាន​លោក​អភិបាល​សាលា​រាជធានី​ភ្នំពេញ​ត្អូញត្អែ​ថា មាន​ភាពស្មុគស្មាញ និង​លំបាក​ក្នុង​ការគ្រប់គ្រង​ខ្លាំងណាស់​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា ថ្មីៗ​នេះ​សាលា​រាជ​ធា​នៅ​ភ្នំពេញ​បាន​ផ្ទេរ​ការគ្រប់គ្រង​សំរាម​មក​តាម​ខណ្ឌ​នីមួយ​ជា​អ្នកទទួលខុសត្រូវ​វិញ ដើម្បី​ឲ្យ​ការងារ​នេះ​មាន​ប្រសិទ្ធភាព​។ ក៏​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី គេ​នៅតែ​សង្កេតឃើញថា សំរាម​នៅ​តែ​កកស្ទះ​ស្ទើ​គ្រប់​ទីកន្លែង​នៅ​រាជធានី​ភ្នំពេញ​ដដែល​៕

ដោយ៖ ធុច ធារ៉ា

 ពាក្យគន្លឹះ  សំរាម

ព័ត៌មានផ្សេងទៀត