​នគរបាល​ចោទថា​​ឃុបឃិត​​ដោះលែង​​ចោរប្លន់​​ប្រដាប់​អាវុធ ​តែ​មន្ត្រី​តុលាការ​​បដិសេធ​​

27-01-2017 12:15 pm 4043

​មន្ត្រីនគរបាល​មួយរូប​បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​តុលាការ​ក្រុងភ្នំពេញ ជុំវិញ​ការអនុវត្ត​ទោស​លើ​សំណុំរឿង​ចោរប្លន់​ប្រដាប់អាវុធ​។ ជា​ករណី​ខ្មាន់កាំភ្លើង​បាន​ប្លន់ និង​បាញ់​សម្លាប់​បុរស​ម្នាក់​នៅ​ជិត​ផ្សារ​សុ​វណ្ណា កាលពី​សប្ដាហ៍​មុន ដែល​ធ្វើឲ្យ​កក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ហើយ​ត្រូវបាន​ចាប់ខ្លួន និង​បង្ហាញ​មុខ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​។

​រឿងរ៉ាវ​នេះ មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ​ទូច បូ​ភាព បាន​បញ្ជាក់​លើ​គណនី​ហ្វេ​សប៊ុក​របស់​ខ្លួន​ថា «​ពួក​ខ្ញុំ​ទើបតែ​ចាប់ខ្លួន​ថ្ងៃ​មុន​សោះ ប្លន់​ឡាន​Camry 07 ពី​កំពង់ចាម មក​ភ្នំពេញ​។ មិនទាន់បាន​២​ឆ្នាំ​ស្រួលបួល​ផង ចេះ​សីល្ប៍​ហែក​ទ្វារ​គុគ​ចេញ​បាត់​»​។ នគរបាល​រូបនេះ​ថា «​ទោស​ស្រាល​ពេក​ត្រឹមតែ​បទល្មើស​ប្លន់​ដោយ​ប្រើ​អាវុធ បើ​ទោស​ធ្ងន់ គឺ​ពួក​ឆក់​ត្រី​យក​ទៅ​ស៊ី​ដើម្បី​រស់​។ កងកម្លាំង​ម្នាក់ៗ គ្មាន​បាន​ដេក​ពួន អី​ទេ​ទម្រាំ​ចាប់បាន ស្រាប់តែ​ពេល​ពួក​អស់លោក​ជញ្ជីង​គាត់​ចេញ​ពី​ឱប​ស្រី​ក្នុង karaoke មក​យក​ប៊ិច​ស៊ីញ៉េ​ខ្វាច់ ដោះលែង​អស់ ឃឹម​អី​ទៀត​ស្រែ​ខ្មុក ចឹង​បាន​ជា​ពួកគាត់​ចាយ​លុយ​ដូច​ក្រដាស ជិះ​៥៧០ នៅ​សុទ្ធតែ​ស្វីល​ឡា ចិញ្ចឹម​ស្រីក្មេង​៤-១០​នាក់​លេង​»​។​

​ក្រោយ​មាន​ការចោទប្រកាន់​ដូច្នេះ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​បកស្រាយ​ថា​៖ ជនល្មើស​ឈ្មោះ​អ៊ុំ សួស្តី ហៅ​ក្បាល​ធំ ជា​ទណ្ឌិត​ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​៨​ឆ្នាំ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស​។ កំឡុងពេល​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ ទណ្ឌិត​រូបនេះ​បាន​សុំ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ ហើយ​បាន​រត់គេចខ្លួន​នៅ​ពេល​បញ្ជូន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​។ តុលាការ​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ទណ្ឌិត​រូប​នេះ​មក​អនុវត្ត​ទោស ហើយ​កំពុង​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​មក​ដល់ពេលនេះ ស្រាប់តែ​ទណ្ឌិត​រូប​នេះ​បង្ហាញ​ខ្លួន និង​ប្រព្រឹត្ត​បទល្មើស​ថ្មី​បន្ថែមទៀត​។​

​ការបញ្ជាក់​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដូច្នេះ គឺ​ដកស្រង់​ចេញពី​ទំព័រ​ហ្វេ​សប៊ុ​លោក​គឹម សន្តិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ហើយ​គេ​ចាត់ទុកថា ការលើកឡើង​របស់​មន្ត្រីនគរបាល​ខាងលើ​បង្ក​ឲ្យមាន​ការ​ភន្ត័ច្រឡំ​ពី​សាធារណជន​ទៅ​លើកា​រ​អនុវត្តទោស​ក្នុង​សំណុំរឿង​កន្លងមក​។​

​គួរបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៧​កន្លងទៅ មាន​ករណី​តាម​ប្លន់​ដល់​មុខផ្ទះ ស្ថិតនៅ​ក្បែរ​ផ្សារ​សុ​វណ្ណា ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ បើ​តាម​ឃ្លីប​វីដេអូ​ដែលថ​តជាប់​សកម្មភាព​បាញ់​ប្លន់​យ៉ាង​សាហាវ​នេះ ឃើញថា ក្រុម​ជនល្មើស​មាន​គ្នា​៣​នាក់ បានធ្វើ​សកម្មភាព​ប្លន់ និង​បាញ់​ជនរងគ្រោះ​ជិះរ​យន្ត​GS300 នៅ​ជិត​ផ្សារ​សុ​វណ្ណា បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ នៅ​ហ្នឹង​កន្លែង និង​នារី​២​នាក់ របួសស្រាល​និង​ធ្ងន់​។ នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ជនសង្ស័យ​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​ដកហូត​បាន​អាវុធ​ចំនួន ៣​ដើម និង​វត្ថុតាង​មួយចំនួនទៀត ខណៈ​ម្នាក់ទៀត​កំពុង​រត់គេចខ្លួន​៕

ព័ត៌មានផ្សេងទៀត