មាន​ឃ្លាំង​ស្តុក​​និង​ឡ​សម្ងួត​​គ្រប់គ្រាន់ តើ​កម្ពុជា​​សម្រេច​គោលដៅ​​នាំចេញ​អង្ករ​​១​លាន​តោន​​បាន​ឬទេ​?​

26-01-2017 3:49 pm 1768

​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​កង្វះ​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ​ដែល​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ក្នុង​ការបង្កើន​គុណភាព​ស្រូវ អង្ករ​សម្រាប់​វិនិយោគ​នាំចេញ​ទៅ​កាន់​ទីផ្សា​របរ​ទេស ពិសេស​ប្រទេស​ចិន ដែល​សន្យា​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើន​ជាងគេ​នោះ ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​សម្រេច​ឲ្យ​ធនាគារ​ស្រូវ​របស់​លោក​ឧកញ៉ា​ភូ ពុយ ឈ្នះ​ការដេញថ្លៃ សាងសង់​ឃ្លាំង​ស្តុក​ស្រូវ ដែល​មាន​សមត្ថភាព ស្តុក​បាន​២០​ម៉ឺន​តោន និង​ឡ​សម្ងួ​តស្រូវ អាច​សម្ងួ​តបាន​៣០០០​តោន​ក្នុង​មួយថ្ងៃ នៅ​ខេត្ត​បាត់ដំបង​។​

 

​បញ្ហា កង្វះ​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ គឺជា​បញ្ហា​ប្រឈម​ធំ​បំផុត​នៅក្នុង​វិស័យ​ស្រូវ​អង្ករ ពិសេស​ប៉ះពាល់​ខ្លាំង​ដល់ កសិករ ព្រោះ​ពេល​រោង​ម៉ាស៊ីនកិនស្រូវ​ខ្វះ​កន្លែង​ស្តុក និង​ឡ​សម្ងួត ពួកគេ​មិន​អាច​លក់​ផលិតផល​របស់​ខ្លួន​ទាន់ពេលវេលា​ទេ​។​

ការសាងសង់​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ ដែល​រដ្ឋាភិបាល​កម្ពុជា ដាក់​ឲ្យ​ដេញថ្លៃ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ ដែល​ទទួលបាន​សិទ្ធិ​សាងសង់​ដោយ​ធនាគារ​ស្រូវ​នេះ នឹង​ត្រូវ​ចំណាយ​ទុន ប្រមាណ​១០​លាន​ដុល្លារ ដើម្បី​លើកកម្ពស់​ផលិតកម្ម​ស្រូវ និង​គោលនយោបាយ​នាំចេញ​អង្ករ​របស់​កម្ពុជា​។​

 

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ បញ្ជាក់ថា មាន​ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន​៤ បាន​ដាក់​ពាក្យ​ដេញថ្លៃ​លើ​គម្រោង​សាងសង់​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​សម្ងួន​នេះ ដែល​រួមមាន ធនាគារ​ស្រូវ​របស់​លោក​ឧកញ៉ា​ភូ ពុយ​, ក្រុមហ៊ុន​ឃែត​ថ​ល ហ្វូដ អ៊ិន​វេស​មេន អ៊ី​ម​ផ​ត ខូ​អិល​ធី​ឌី​, រោង​ម៉ាស៊ីនកិនស្រូវ អ៊ីង​វណ្ណ​ម៉ៅ និង​ក្រុមហ៊ុន ANDURIZ (Cambodia) Sarl​។​ក្រុមហ៊ុន​ទាំង​៤​នេះ ត្រូវ​វាយតម្លៃ​ជា​ឯករាជ្យ ដោយ​ក្រុមហ៊ុន Mekong Strategic Partner ដើម្បី​ត្រួតពិនិត្យ គុណ​វុឌ្ឍ មុន​នឹង​សម្រេច​ដាក់ ជូន​ក្រុមប្រឹក្សាភិបាល​ធនាគារ​អភិវឌ្ឍន៍ជនបទ​។ ប៉ុន្តែ​លទ្ធផល​ចុងក្រោយ បាន​ធ្លាក់​ទៅលើ ធនាគារ​ស្រូវ​។​

 

​បើ​តាម​លោក​ឧកញ៉ា ភូ ពុយ បាន​ថ្លែង​ប្រាប់​អង្គភាព Fresh News នៅ​ថ្ងៃ​ទី​២៦ ខែ​មករា​នេះ​ថា បន្ទាប់ពី​ទទួលបាន​គោលការណ៍​នេះ លោក​រំពឹង​ថា នឹង​ចាប់ផ្តើម​សាងសង់​នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧ ខាងមុខនេះ ហើយ​គ្រោង​នឹង​បញ្ចប់ នៅ​ចុងឆ្នាំ​២០១៧​នេះ ដើម្បី​ឲ្យទាន់​រដូវ​ប្រមូល​ផល​។​លោក​ថា ឃ្លាំង​ស្កុកស្រូវ និង​ឡ​សម្ងួត​នេះ នឹង​រួមចំណែក​ជួយ​ដល់​កសិករ ដែលជា​អ្នក​ផលិត​ស្រូវ កុំឲ្យ​មាន​ការរាំងស្ទះ ដូច​ពេល​កន្លង​ទៅ និង​ក៏​ជា​ការរួមចំណែក ដល់​រោង​ម៉ាស៊ីន​កិនស្រូវ និង​អ្នក​នាំចេញ ក្នុង​ការគាំទ្រ​គោលនយោបាយ នាំចេញ​អង្ករ​១​លាន​តោន របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ​។​

 

​ប៉ុន្តែ​បើ​ទោះជា​មានក្តី​រំពឹងថា ការបង្កើន​ឃ្លាំង​ស្កុកស្រូវ និង​ឡ​សម្ងួត​ជា​ការរួមចំណែក​ក្នុង​ការគាំទ្រ​គោលនយោបាយ នាំចេញ​អង្ករ​១​លាន​តោន របស់​រាជរដ្ឋាភិបាល​កម្ពុជា អាច​នឹង​ប្រើពេល​យូរ​ជាង​នេះ​។​ប្រើ​ពេល​យូរ ដោយ​អ្នកជំនាញ​យល់ថា​ធនធាន​កសិករ​កម្ពុជា​នៅមានកម្រិត ប្រព័ន្ធ​ធារាសាស្ត្រ​ក៏​មិន​ទាន់​ឆ្លើយតប​នឹង​តម្រូវការ​ស្រោចស្រព និង​ម្យ៉ាងទៀត​ការប្រកួតប្រជែង​ជាមួយ​ប្រទេស​ក្នុង​តំបន់ ដែល​ជា​ប្រទេស​ផលិត​ស្រូវ​ដូចគ្នា ដូចជា​មី​យ៉ាន់​ម៉ា វៀតណាម និង​ថៃ ជាដើម​៕

 

​ដោយ​៖​ខាត់ សុធី​
 

 ពាក្យគន្លឹះ  ឡសម្ងួតស្រូវ

ព័ត៌មានផ្សេងទៀត