សេតវិមានបានប្រកាសថា អាមេរិកនឹងក្រោកឈរប្រឆាំងចិនជុំវិញបញ្ហាសមុទ្រចិនខាងត្បូង។អាមេរិកប្ដេជ្ញាការពារដែនអធិបតេយ្យអន្ដរជាតិ មិនឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ប្រទេសតែមួយឡើយ។ឆ្លើយតបទៅសេតវិមានចិនបានបញ្ជាក់រឿងសមុទ្រចិនខាងត្បូង ជាកិច្ចការរបស់ចិនជាមួយប្រទេសពាក់ព័ន្ធផ្ទាល់គ្មានវត្ដមានអាមេរិកទេ។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មានNBCក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោកលូ កាងលើកឡើង វាជាអ្វីដែលប្រទេសពាក់ព័ន្ធបានឯកភាពផ្ដោតទៅលើការរួមគ្នាអភិវឌ្ឍសន្ដិភាពនិងស្ថេរភាពក្នុងតំបន់។វាមិនមែនជាដែនអធិបតេយ្យអន្ដរជាតិទេ វាជាដែនអធិបតេយ្យរបស់ចិន។
លោកលូ កាងបញ្ជាក់បន្ថែមថា ប្រទេសពាក់ព័ន្ធបានងាកមករកកិច្ចព្រមព្រៀងដើម ដែលនៅពេលនេះអាចបែកចែកដែនកំពុងមានជម្លោះ ហើយផ្ដោតលើការអភិវឌ្ឍរួមគ្នា ដើម្បីរក្សាសន្ដិភាពនិងស្ថេរភាពនៅក្នុងតំបន់។ចំពោះគោលបំណងរបស់ចិន ចង់ស្វែងរកវិធីសាស្ដ្រដោះស្រាយបញ្ហាជាប់គាំង ល្អជាងធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន៕