ដោយសារមានរឿងចម្រូងចម្រាសច្រើនរវាងចិនជាមួយអាមេរិក រដ្ឋមន្ដ្រីការបរទេសចិនបាននិយាយថា ចិនចង់ចរចាជាមួយរដ្ឋាភិបាលថ្មីអាមេរិក ដើម្បីរៀបចំដោះស្រាយជម្លោះនិងបង្កើនទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ប៉ុន្ដែការចរចាត្រូវអនុលោមតាមមូលដ្ឋាននៃការគោរពប្រយោជន៍ស្នូលទៅវិញទៅមក ដូចជាគោលការណ៍ចិនតែមួយជាដើម។
ប្រធានាធិបតីថ្មីអាមេរិកលោកដូណាល់ ត្រាំ បានស្បថចូលកាន់តំណែងកាលពីថ្ងៃ២០ខែមករាឆ្នាំ២០១៧នេះ ប៉ុន្ដែមុនពេលចូលស្បថជាផ្លូវការលោកត្រាំបានធ្វើឲ្យចិនមានមន្ទិលចំពោះគោលនយោបាយចិនតែមួយ ដែលទីក្រុងវ៉ាស៊ីនតោនទទួលស្គាល់គោលជំហររបស់ចិនក្នុងការគ្រប់គ្រងកោះតៃវ៉ាន់។មន្ទិលសង្ស័យគឺលោកត្រាំបានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់បង្ហាញភាពស្និទ្ធស្នាលនឹងគ្នា ដូចចង់គាំទ្រតៃវ៉ាន់ឲ្យផ្ដាច់ខ្លួនចេញពីចិន។មួយវិញទៀតលោកត្រាំធ្លាប់បាននិយាយថានឹងពិចារណាឡើងវិញពីគោលនយោបាយចិនតែមួយ។
សម្រាប់ចិនចាត់ទុកតៃវ៉ាន់ជាខេត្ដមួយរបស់គេ ហើយនឹងត្រូវស្ថិតក្រោមការគ្រប់គ្រងដោយកងកម្លាំងបើសិនចាំបាច់។តែយ៉ាងណាមិញតៃវ៉ាន់បានបង្ហាញថាក្រោមការបង្គាប់បញ្ជាពីចិន តៃវ៉ាន់គ្មានទទួលប្រយោជន៍អ្វីទេ ទើបប្រធានាធិបតីថ្មីទទួចចង់ផ្ដាច់ខ្លួនជាញយដងតែត្រូវចិនគំរាម។
មើលឃើញស្ថានភាពទំនងមិនស្រួល លោកវ៉ាង យីរដ្ឋមន្ដ្រីការបរទេសចិនបាននិយាយមុនពេលចូលឆ្នាំចិនថា អនាគតនៃទំនាក់ទំនងទៅវិញទៅមកចិន-អាមេរិក ជារឿងគួរឲ្យចាប់អារម្មណ៍។លោកបន្ដថា “យើងមានបំណងស្របតាមមូលដ្ឋាននៃគោលការណ៍ចិនតែមួយ និងការគោរពប្រយោជន៍គ្នាទៅវិញទៅមក បង្កើតឲ្យមានការចរចាជាមួយរដ្ឋាភិបាលថ្មីអាមេរិក។”
“ចិនចង់បង្កើនការជឿទុកចិត្ដគ្នា ផ្ដោតលើកិច្ចសហការ រៀបចំនិងគ្រប់គ្រងជម្លោះ រួមទាំងបង្កើនការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកឲ្យល្អប្រសើរ ពាំនាំផលប្រយោជន៍សម្រាប់ប្រជាជនប្រទេសទាំងពីរ។”នេះជាការបញ្ជាក់បន្ថែមរបស់លោកវ៉ាង យី៕