ក្រសួង​អប់រំ​​ចុះហត្ថលេខា​​ជំរុញ​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា​​ក្នុង​វិស័យ​​អប់រំ​​នៅ​​កម្ពុជា​​

24-01-2017 3:55 pm 1366

​លោក​ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​វិទ្យាស្ថាន​បើកទូលាយ និង​មូលនិធិ​WordForge នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​(MoU) ដើម្បី​បន្ត​កិច្ចសហការ​ធ្វើឲ្យ​ប្រសើរ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ក្នុង​វិស័យ​អប់រំ ដែល​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍ​ប្រទេស ក្នុងកា​រ​ពន្លឿន​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​ក្នុង​វិស័យ​អប់រំ​ឲ្យបាន​ប្រសើរឡើង​។​

​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ផ្ដោត​លើ​ការជួយ​គាំទ្រ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​លើ​កម្ពស់​គុណ​ភាព​អប់រំ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​ដោយ​ចាប់ផ្ដើម​ពង្រឹង​ការអនុវត្ត​គោលនយោបាយ បង្កើត​ផែនការ​សកម្មភាព​ដែល​ត្រូវ​អនុវត្ត ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់ ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ក្នុង​ការរៀន បង្រៀន និង​គ្រប់គ្រង​រដ្ឋបាល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​បាន​ធ្វើ​ការកោតសរសើរ​ដល់​អង្គការ​វិទ្យាស្ថាន​បើកទូលាយ ដែល​បាន​សហការ​យ៉ាង​ជិតស្និត​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ លើ​ការងារ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​។

​លោក​ហង់ ជួន​ណារ៉ុន គូសបញ្ជាក់ថា អង្គការ​វិទ្យាស្ថាន​បើកទូលាយ បាន​ផ្ដល់​អនុសាសន៍​បន្ថែម​លើ​ទិសដៅ​អនុវត្ត​បន្ត​លើ​ការងារ​ជា​អាទិភាព​មួយចំនួន​ទៀត​ដូចជា ការសិក្សា​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កម្មវិធី​ថ្មី​ដែល​អាច​ជួយ​សិស្ស​ថ្នាក់ដំបូង​រៀន​សរសេរ និង​អាន​ភាសា​ខ្មែរ ការអភិវឌ្ឍ​កម្មវិធីសិក្សា ផលិត​មាតិកា​អប់រំ​ឌីជីថល និង​សៀវភៅ​សិក្សា​គោល​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ការអនុវត្ត​គោលនយោបាយ និង​បង្កើត​ផែនការ​សកម្មភាព​ដែល​ត្រូវ​អនុវត្ត ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​៕

 ពាក្យគន្លឹះ  ក្រសួង​អប់រំ

ព័ត៌មានផ្សេងទៀត