ក្រសួង​អប់រំ​ចុះ​អនុស្សារណៈ​ជាមួយ WordForge​លើ​វិស័យ​បច្ចេកវិទ្យា​និង​សារគមនាគមន៍​

23-01-2017 5:23 pm 1439

​នា​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៧ លោក​ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​វិទ្យាស្ថាន​បើកទូលាយ និង​មូលនិធិ WordForge បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ (MoU) ដើម្បី​បន្ត​កិច្ចសហការ​ធ្វើឲ្យ​ប្រសើរ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ក្នុង​វិស័យ​អប់រំ ដែល​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍ​ប្រទេស ក្នុងកា​រ​ពន្លឿន​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍​ក្នុង​វិស័យ​អប់រំ​ឲ្យបាន​ប្រសើរឡើង។

​អនុស្សរណៈ នៃ​ការយោគយល់​នេះ ផ្ដោត​លើ​ការជួយ​គាំទ្រ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុងការ​លើ​កម្ពស់​គុណ​ភាព​អប់រំ តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ដោយ​ចាប់ផ្ដើម​ពង្រឹង ការអនុវត្ត​គោលនយោបាយ បង្កើត​ផែនការ​សកម្មភាព​ដែល​ត្រូវ​អនុវត្ត ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់ ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ក្នុង​ការរៀន បង្រៀន និង​គ្រប់គ្រង​រដ្ឋបាល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ក្នុង​ឱកាស​នេះ លោក​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ក៏​បាន​កោតសរសើរ ដល់​អង្គការ​វិទ្យាស្ថាន​បើកទូលាយ ដែល​បាន​សហការ​យ៉ាង​ជិតស្និត​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រយៈពេល ១០​ឆ្នាំ​កន្លងមកនេះ លើ​ការងារ​អភិវឌ្ឍ​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ក្នុង​វិស័យ​អប់រំ និង​ផ្ដល់​អនុសាសន៍ បន្ថែម​លើ​ទិសដៅ​អនុវត្ត បន្ត​លើ​ការងារ​ជា​អាទិភាព មួយចំនួន​។​ ការងារ​អាទិភាព​ទាំងនោះ​រួមមាន ការសិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍ​កម្មវិធី​ថ្មី ដែល​អាច​ជួយ​សិស្ស​ថ្នាក់ដំបូង​រៀន​សរសេរ និង​អាន​ភាសា​ខ្មែរ ការអភិវឌ្ឍ​កម្មវិធីសិក្សា ផលិត​មាតិកា​អប់រំ​ឌីជីថល និង​សៀវភៅ​សិក្សា​គោល​បច្ចេកវិទ្យា​ព័ត៌មាន និង​សារគមនាគមន៍ ការអនុវត្ត​គោលនយោបាយ និង​បង្កើត​ផែនការ​សកម្មភាព​ដែល​ត្រូវ​អនុវត្ត ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប​ច្ចេក​វិទ្យា​ក្នុង​វិស័យ​អប់រំ​នៅ​កម្ពុជា​៕ ដោយៈ​សៅ វិសាល

 ពាក្យគន្លឹះ  ក្រសួងអប់រំ

ព័ត៌មានផ្សេងទៀត