ភ្លើង​ស្តុប​​តំឡើង​​ថ្មី​​តាម​​វិថី​​នៅ​​ក្រុង​ភ្នំពេញ​​គ្រោង​​ដាក់​ឲ្យ​​ប្រើ​ប្រាស់​​ឆាប់ៗ​​នេះ​​

20-01-2017 4:55 pm 2975
ប្រភពរូបភាព សាលាក្រុងភ្នំពេញ

​ស្តុប​តំឡើង​ថ្មី​នៅតាម​បណ្តា​វិថី​នានា​នៅ​រាជធានី​ភ្នំពេញ សម្រេចបាន​ចំនួន ៩០%​ហើយ ដោយ​មាន​ការឧបត្ថម្ភ​ពី​អង្គការ JICA ជប៉ុន និង​គ្រោង​ដាក់ឲ្យ​ប្រើប្រាស់​បណ្ដោះអាសន្ន​នៅ​ចុង​ខែ​មករា ឆ្នាំ​២០១៧​នេះ​។ 

​លោក​ម៉េត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​វិទ្យុ​វាយោ​ថា សា​រៈ សំខាន់​នៃ​ស្តុប​តំឡើង​ថ្មី​នេះ គឺ​អាច​បញ្ជា​នៅនឹងកន្លែង​តែ​មួយ​បាន មិន​ចាំបាច់​មក​ផ្ទាល់ បញ្ជា ឬ​បិទ​បើក​នៅ​កន្លែង ដែល​មាន​បញ្ហា​កកស្ទះ​ចរាចរណ៍​នោះទេ​។ លោក​បាន​ពន្យល់ថា ស្តុប​ថ្មី​ត​ភ្ជាប់​ជា​ប្រព័ន្ធ មក​ជា​បន្ទប់​បញ្ជា​ត្រួតពិនិត្យ​រួម អាច​បិទ​បើក ឬ​អាច​ពន្យា​ពេល​ភ្លើងស្តុប នៅ​ពេល​លោត​ភ្លើង​ក្រហម ឬ​ភ្លើង​ខៀវ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​ដល់​ប្រជាពលរដ្ឋ នៅពេល​មាន​ការកកស្ទះ​ចរាច​រណ៍​កន្លែង​ណាមួយ​……….

​សំឡេង​លោក​ម៉េត មាស​ភក្ដី​៖

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បាន​អះអាង​ថា ស្តុប​តំឡើង​នេះ​គ្មាន​អ្វី​ខុស​ប្លែក​ពីស្តុ​បមុនៗ​នោះទេ គ្រាន់​តែ​ប្រជាពលរដ្ឋ​បើកបរ​គោរព​ទៅតាម​ស្លាក​សញ្ញា​ភ្លើងស្តុប​នោះ ជា​ការ​ស្រេច​។ លោក​ម៉េត មាស​ភក្ដី បន្តថា នៅពេល​ស្តុប​តំឡើង​ថ្មី​រួចរាល់​សាលាក្រុង​នឹង​ធ្វើ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង ឬ​យ៉ាងណា​នោះ សាលាក្រុង​នឹង​សិក្សា​បន្ថែមទៀត​។​

​យ៉ាងណា​ក៏​ដោយ​ស្តុប​តំឡើង​ថ្មី ពិតជា​មិន​អាច​កាត់បន្ថយ​ការកកស្ទះ​បាន​ទាំងស្រុង​នោះ​ទេ ការកកស្ទះ​ដែល​បង្កឡើង​ពី​ច្រើន​កត្តា ដូចជា​ការចត​យាន្ត​យន្ត​គ្មាន​សណ្តាប់ធ្នាប់ និង​យក​ផ្លូវ​សា​ធាណៈ​ទៅ​ប្រើប្រាស់ ឬ​លក់ដូរ ការសង់ រោងការ រោងបុណ្យ ជាដើម​។​ចំណុច​នេះ​លោក​ម៉េត មាស​ភក្ដី ទទួលស្គាល់ថា ពិតជា​នៅ​មាន​ការ​ចន្លោះប្រហោង ដែល​សាលាក្រុង​ទាមទារ​ពេលវេលា​មួយ សម្រាប់​ធ្វើ​ការដោះស្រាយ ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​ច្រើន ដោយ​ពាក់​ពន្ធ័​នឹង​ទម្លាប់​របស់​ប្រជាពលរដ្ឋ​។​គួរបញ្ជាក់​ថា ការកកស្ទះ​ចរាច​រណ៍ នៅ​រាជធានី​ភ្នំពេញ បាន​ធ្វើឲ្យ​មាន​ខាតបង់​ថវិកាជាតិ ប្រមាណ​ជាង ៦​លាន​ដុល្លា​អាមេរិក បើ​តាម​ការប៉ាន់ប្រមាណ​របស់​អ្នកជំនាញ​ជប៉ុន​៕

​ដោយ​៖​សេង បារាំង​

 ពាក្យគន្លឹះ  សាលារាជធានីភ្នំពេញ

ព័ត៌មានផ្សេងទៀត