រដ្ឋាភិបាល​កម្ពុជា​-​ឡាវ​ឯកភាព​គ្នា​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​ប័ណ្ណ​សម្រាប់​ឆ្លងកាត់​ព្រំដែន​

10-01-2017 11:26 am 568

លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា បាន​សម្តែង​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរីកចម្រើន កាន់តែ​ប្រសើរ​នូវ​ចំណងមិត្តភាព ក៏ដូចជា​កិច្ចសហប្រតិបត្តិការ គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​២ កម្ពុជា​-​ឡាវ ដែល​ជា​ប្រទេស​មាន​ភូមិ​ផង​របង​តែមួយ​។

​ប្រមុខ​រដ្ឋាភិបាល​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្នាក់ការ​ត្រួត ពិនិត្យ​ច្រកទ្វារ​អន្តរជាតិ ត្រពាំង​ក្រៀល ខេត្ត​ស្ទឹងត្រែង ប្រទេស​កម្ពុជា និង​ច្រកទ្វារ ណង​ណុ​ក​ខៀន ស្ថិតនៅ​ខេត្ត ចំប៉ា​សាក់ ប្រទេស​ឡាវ នា​ថ្ងៃ​ទី​១០ មករា​នេះ​។​

​ក្រៅពី​លើកឡើង​ពី​ចំណងមិត្តភាព យ៉ាង​ជិតស្និត រវាង​ប្រទេស​កម្ពុជា​-​ឡាវ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំង​២ ដែល​រស់នៅ​តាម​ព្រំដែន ប្រើប្រាស់​ប័ណ្ណ សម្រាប់​ជា​ឯកសារ​ផ្លូវការ ក្នុង​ការចេញចូល​ឆ្លងកាត់​ព្រំដែន ចាប់ពី​ខែ​មករា ឆ្នាំ​២០១៧​នេះ​តទៅ​។ ជាមួយគ្នានេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន នៅតាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំង​២ គួរ​ពន្យល់​ណែនាំ ដល់​ប្រជាពលរដ្ឋ​រៀងៗ​ខ្លួន ឲ្យ​យល់ដឹង​ពី​ការប្រើប្រាស់​ប័ណ្ណ​ព្រំដែន​នេះ​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ជា​ចុងក្រោយ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​សន្យាថា នឹង​អនុញ្ញាត​ឲ្យ​ឡាវ ធ្វើ​ចរាចរណ៍​តាម​ផ្លូវគោក ផ្លូវទឹក និង​កំពង់ផែ​តាម​ទន្លេមេគង្គ កំពង់ផែ​សមុទ្រ​កម្ពុជា ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​របស់​ឡា​វ​ផងដែរ​។ ការ​ផ្តល់​ជូន​នេះ ដោយសារ​កម្ពុជា​យល់ឃើញ​ថា ប្រទេស​ឡាវ ជា​ប្រទេស​ពុំ​មាន​សមុទ្រ​៕ ដោយៈ​សៅ វិសាល​

 ពាក្យគន្លឹះ  កម្ពុជា-ឡាវ

ព័ត៌មានផ្សេងទៀត