មេគណបក្ស​អំណាច​ខ្មែរ​​ចោទ​​ឯកអគ្គរដ្ឋទូត​​អាមេរិក​​នៅ​កម្ពុជា​​ថា​ដើរលេង​​សប្បាយ​​ភ្លេច​​តួនាទី​​

08-01-2017 2:04 pm 8723

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក​សួន សេរី​រដ្ឋា បាន​ចោទ​លោក​វីល្លៀម ហ៊េ​ត (William Heidt) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ថា​កំពុង​ដើរលេង​សប្បាយ​ភ្លេច​តួនាទី​របស់​ខ្លួន​ក្នុង​ការទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ប្រជាពលរដ្ឋ និង​ជួយ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

​លោក​សួន សេរី​រដ្ឋា បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​របស់លោក នៅ​ថ្ងៃ​ទី​៨​មករា​នេះ​ថា «​វា​គឺជា​រឿង​ដ៏​អាម៉ាស់​បំផុត ដែល​រដ្ឋបាល​អូ​បា​ម៉ា តែងតាំង​លោក William Heidt ធ្វើ​ជា​អគ្គរដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​ខ្មែរ ហើយ​អគ្គរដ្ឋទូត​មួយ​នេះ គិតតែ​រឿង​ដើរលេង​ចម្ការ​ពួក​សេដ្ឋី​ឧកញ៉ា​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​បង់សំណាញ់ ច្រៀង​Karaoke និង​ឆ្នាំ​នេះ ស្ថានទូត​ចេញ​សារ​គាំទ្រ​ថ្ងៃ ៧​មករា ១៩៧៩ ដែល​ពលរដ្ឋ​ខ្មែរ អ្នកប្រឆាំង​យួន ប្រឆាំង​កុ​ម្មុយ​នី​ស ពិសេស​អ្នក​ប្រជាធិបតេយ្យ សេរី ប្រឆាំង​ថ្ងៃ​យួន ឈ្លានពាន​នេះ​ដាច់ខាត​នោះ​»​។

​លោក​បន្តថា «​ការ​ដែល​ស្ថានទូត​អាមេរិក ក្នុង​អាណត្តិ​របស់​លោក William Heidt ចេញ​សេចក្តីប្រកាស​គាំទ្រ ថ្ងៃ ៧​មករា ១៩៧៩ នេះ​គឺជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​ដល់ វិញ្ញាណខ័ន្ធ កងទ័ព​អាមេរិកាំង​រាប់​ម៉ឺន​នាក់ ដែល​បាន​ពលី​កម្ម​ក្នុង​សមរភូមិ​សង្គ្រាម​ឥណ្ឌូចិន ដើម្បី​ប្រឆាំង​យួន និង​ប្រឆាំង​កុម្មុយនីស្ត កាលពី​ទស្សវត្ស​៧០ ក្នុង​សតវត្ស​ទី​២០»​។​

​ជា​ការពិត នៅ​ថ្ងៃ​ទី​៧​មករា ទំព័រ​ហ្វេ​សប៊ុក​ផ្លូវការ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​រៀបរាប់​ដូច្នេះ​ថា «​នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ទីក្រុង​ភ្នំពេញ​ត្រូវបាន​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម ដែល​ជា​ការផ្លាស់ប្តូរ​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ និង​ជា​ការចាប់ផ្តើម​នូវ​ផ្លូវ​ឆ្ពោះទៅ​កាន់​អនាគត​ដ៏​ភ្លឺស្វាង​មួយ​សម្រាប់​ជនកម្ពុជា​ទាំងអស់​។ ក្នុងឱកាស​ថ្ងៃ​ខួប​នៃ​ទិវា​ដ៏​សំខាន់​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​សម្តែង​នូវ​ការ​ចងចាំ​ជានិច្ច​ចំពោះ​ជនរងគ្រោះ​ទាំងអស់​នៃ​របប​ខ្មែរក្រហម និង​ការគាំទ្រ​ជានិច្ច​ចំពោះ​ការរក្សា​និង​លើកកម្ពស់​សន្តិភាព ភាព​រីកចម្រើន និង​ការគោរព​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។​

​ជុំវិញ​បញ្ហា​នេះ លោក​សួន សេរី​រដ្ឋា បាន​ចោទ​ឯកអគ្គរដ្ឋទូត​អាមេរិក​ថា «​ជា​អគ្គរដ្ឋទូត​នៃ​ប្រទេស​មហាអំណាច​មួយ​ប្រចាំ​នៅ​ប្រទេស​ខ្មែរ ដែល​ពោ​ពេញ​ដោយ​ការ​រំ​លោទ​សិទ្ធិមនុស្ស និង​រំលោភ​សិទ្ធិ​នយោបាយ​នេះ លោក​អគ្គរដ្ឋទូត William Heidt មិន​បាន​ចំណាយ​ពេលវេលា ជាមួយ​បញ្ហា​នយោបាយ និង​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ខ្មែរ ដើម្បី​ជួយ​ពង្រឹង​ស្មារតី​តស៊ូ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​សកម្មភាព​ទាមទារ​ឲ្យមាន​សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ​ទេ តែ​បែរជា​បាន​កំពុង​សប្បាយ​ជាមួយនឹង​ដំណែង​នេះ​ជាមួយ​ប្រពន្ធ​ជា​ជនជាតិខ្មែរ ហើយ​ភ្លេច​តួនាទី​របស់​ខ្លួន​»​។​

​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូប​នេះ សង្កត់ធ្ងន់​ថា «William Heidt បំពេញ​តួនាទី​ជា​អគ្គរដ្ឋទូត​មិន​បាន​មួយ​ចំរៀក​ត្រ​ចក​ដៃ​របស់​Ambassador William Todd ទេ ដែល​ក្នុង​ឋានៈ​ខ្ញុំ ជា​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ នឹង​មិន​នៅ​ស្ងៀន​ទេ ក្រោយពេល President-elect ចូល​កាន់ដំណែង បន្ទាប់​ពី​ថ្ងៃ​ទី​២០​មករា ២០១៧​នេះ​»​។​

​នៅ​មិនទាន់​មាន​ប្រតិកម្ម​ណាមួយ​ពី​សំណាក់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅឡើយ​ទេ ជុំវិញ​ការចោទប្រកាន់​របស់​លោក​សួន សេរី​រដ្ឋា។

​សូមបញ្ជាក់​ថា លោក​William A. Heidt ត្រូវបាន​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា ជំនួស​លោក William E. Todd ដែល​បាន​កាន់​តំណែង​តាំងពី​ឆ្នាំ​២០១២​។ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​ទទួល​ការយល់ព្រម​ឲ្យធ្វើជាឯ​ក​អគ្គរដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ពី​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០១៥ ហើយ​បាន​ស្បថ​ចូល​បំពេញការងារ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥៕

 ពាក្យគន្លឹះ  លោកសួន សេរីរដ្ឋា

ព័ត៌មានផ្សេងទៀត