បើតាមអង្គភាពព័ត៌មាន Fresh News ថារបាយការណ៍ផ្លូវការ នៃការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាងកន្លះលានតោនហើយ ដែលក្នុងនោះប្រទេសចិនឈរ លំដាប់លេខ១ ដោយបានបញ្ជាទិញអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ជិត១៣ម៉ឺនតោន។
តែយ៉ាងណា របាយការណ៍បានបញ្ជាក់ថា រយៈពេល១២ខែ ចាប់ពីខែមករា ដល់ ខែធ្នូ ឆ្នាំ២០១៦ កម្ពុជា នាំចេញអង្ករបានចំនួន៥៤២,១៤៤តោន ដែលចំនួននេះ កើនឡើងត្រឹមតែ ០.៧%ប៉ុណ្ណោះ បើធៀបនឹងឆ្នាំ២០១៥ ដែលមានចំនួន៥៣៨,៣៩៦តោន។ មានប្រទេសចំនួនង៦៦ ដែលបាននាំចូលអង្ករពីកម្ពុជា ប៉ុន្តែប្រទេសចិនបានឈរនៅលំដាប់លេខ១ ដោយបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេ រហូតដល់ ១២៧,៤៦០តោន ខណៈឆ្នាំ២០១៧នេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន បានចុះកិច្ចព្រមព្រៀងផ្តល់កូតានាំចេញអង្ករឲ្យបានចំនួន២០ម៉ឺនតោន។
បន្ទាប់ពីប្រទេសចិន សហគមន៍អឺរ៉ុប ក៏ជាទីផ្សារដ៏មានសក្តានុពល របស់កម្ពុជាដែរ។ នៅឆ្នាំ២០១៦ ប្រទេសចំនួន២៥នៅតំបន់អឺរ៉ុប បាននាំចូលអង្ករពីកម្ពុជា ចំនួន៣៤១,០៦៦តោន ក្នុងនោះប្រទេសបារាំងនាំមុខគេ ដែលបានទិញអង្ករពីកម្ពុជា ជិត៨ម៉ឺនតោន។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ អង្កររបស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ២ ជាអង្ករដែលមានរសជាតិឆ្ងាញ់បំផុតនៅលើពិភពលោក ដែលលេខ១ បានទៅលើប្រទេសថៃ។ កន្លងមក កម្ពុជាធ្លាប់ឈ្នះពានអង្ករល្អបំផុត នៅឆ្នាំ ២០១២ ដែលរៀបចំឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និង ពីរឆ្នាំបន្តបន្ទាប់ទៀតគឺ ឆ្នាំ២០១៣ នៅទីក្រុងហុងកុង និង ឆ្នាំ២០១៤ ខណៈ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃ (The World Rice Conference)។
បើទោះជាការនាំអង្ករទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា មានការកើនឡើងក្តី ប៉ុន្តែកំណើននេះ នៅមិនទាន់ឆ្លើយតបទៅតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជានៅឡើយទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១១បានដាក់ចេញនូវគោលនយោបាយផលិតកម្មស្រូវ និងជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុងឆ្នាំ២០១៥ ប៉ុន្តែផែនការនេះ ត្រូវបរាជ័យ ដោយកម្ពុជាសម្រេចបានតែ ជាងកន្លះលានតោនប៉ុណ្ណោះ៕
ដោយ៖ខាត់ សុធី