មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបាននិយាយកាលពីថ្ងៃទី០១មករានេះថា ប្រទេសរបស់លោកបិទបញ្ចប់ការធ្វើតេស្ដមីស៊ីលឆ្លងទ្វីប(ICBM)ហើយ។ប៉ុន្ដែការអះអាងរបស់លោកគីម ជុងអ៊ុន ត្រូវលោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតច្រានចោល និងឆ្លើយតបតាមTwitterថា មិនអាចទៅរួចទេ។
លោកដូណាល់ ត្រាំមិនបានបង្ហាញពីគោលនយោបាយណាមួយលើកូរ៉េខាងជើងឡើយ ប៉ុន្ដែក្នុងយុទ្ធនាការឃោសនាបោះឆ្នោត លោកបានបញ្ជាក់ថាចង់ជួបពិភាក្សាជាមួយលោកគីម ជុងអ៊ុន ផ្ដល់ឱកាសដល់កូរ៉េខាងជើង។
ក្រៅតែពីច្រានចោលសាររបស់លោកគីម ជុងអ៊ុន លោកដូណាល់ ត្រាំក៏បានរិះគន់ចិនផងដែរ។កាលពីថ្ងៃចន្ទលោកត្រាំថាចិនបានទទួលប្រយោជន៍ច្រើនណាស់ពីអាមេរិក តាមរយៈចំណងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ប៉ុន្ដែចិនមិនបានប្រើឥទ្ធិពលជួយគ្រប់គ្រងកូរ៉េខាងជើងពីសកម្មភាពនុយក្លេអ៊ែរឡើយ។
ការបន្ទោសចំៗរបស់លោកដូណាល់ ត្រាំ ចិនទ្រាំមិនបានក៏ឆ្លើយតបវិញ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោកGeng Shuanនិយាយថា ចិនបានជំរុញឲ្យរំសាយចោលកម្មវិធីនុយក្លេអ៊ែរចេញពីឧបទ្វីបកូរ៉េ។ចិនចង់ឲ្យមានសន្ដិភាព ស្ថេរភាព ហើយដោះស្រាយបញ្ហាតាមកិច្ចចរចានិងការប្រឹក្សាយោបល់។កិច្ចខិតខំរបស់ចិនគឺធ្វើអស់ពីចិត្ដ ហើយចិនសង្ឃឹមគ្រប់ភាគីជៀសវាងពាក្យសម្ដីឬក៏សកម្មភាពដែលបង្កឲ្យមានភាពតានតឹង និងសង្ឃឹមមានការចូលរួមរុញច្រានបញ្ហានុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ដាក់លើតុចរចាវិញឲ្យបានឆាប់។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបន្ដថា “ក្នុងនាមជាសមាជិកអចិន្ដ្រៃយ៍មួយរូបរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ យើងបានចូលរួមជាវិជ្ជមានក្នុងកាជួយដោះស្រាយបញ្ហា និងពិភាក្សាពីកម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើង និងបានរួមចំណែកអនុម័តសេចក្ដីសម្រេចជាច្រើនជាមួយភាគីពាក់ព័ន្ធ។ខ្ញុំគិតថានេះបង្ហាញឲ្យឃើញពីឥរិយាបថទទួលខុសត្រូវរបស់ចិនហើយ។”
សូមបញ្ជាក់ផងដែរថា កម្មវិធីនុយក្លេអ៊ែរកូរ៉េខាងជើងត្រូវក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មថ្មីបន្ថែម ជាទណ្ឌកម្មសេដ្ឋកិច្ច ក្នុងគោលបំណងមិនឲ្យកូរ៉េខាងជើងមានហិរញ្ញវត្ថុគ្រប់គ្រាន់ យកមកផ្គត់ផ្គង់កម្មវិធីនុយក្លេអ៊ែររបស់គេទៀត៕