ប្រធានាធិបតីអាមេរិកទើបជាប់ឆ្នោតលោកដូណាល់ ត្រាំ បានរិះគន់ចិនដែលមិនបានធ្វើអ្វីបន្ដទៀត ដើម្បីបញ្ឈប់ការអភិវឌ្ឍមីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉េខាងជើង។លោកដូណាល់ ត្រាំបានច្រានចោលការអះអាងរបស់លោកគីម ជុងអ៊ុន ដែលថាកូរ៉េខាងជើងឈានដល់ដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍមីស៊ីលឆ្លងទ្វីបហើយ អ៊ីចឹងទេគ្មានការធ្វើតេស្ដទៀតឡើយ។សាររបស់មេដឹកនាំវ័យជាង៣០ឆ្នាំរូបនេះ ត្រូវលោកដូណាល់ ត្រាំឆ្លើយតបតាមបណ្ដាញ Twitterថា “មិនអាចទៅរួចទេ គឺមិនអាចកើតឡើងបានឡើយ”។
លោកត្រាំបានសរសេរទៀតថា ចិនបានទទួលផលចំណេញជាទឹកប្រាក់ និងទ្រព្យសម្បត្ដិយ៉ាងច្រើនពីអាមេរិកក្នុងវិស័យពាណិជ្ជកម្ម ប៉ុន្ដែចិនមិនបានជួយអ្វីទេពាក់ព័ន្ធជាមួយប្រទេសកូរ៉េខាងជើង។លោកត្រាំបានរិះគន់ពីឱនភាពនៃពាណិជ្ជកម្មអាមេរិកជាមួយចិន និងបានរិះគន់ទីក្រុងប៉េកាំងដែលសាងសង់កោះក្នុងសមុទ្រចិនខាងត្បូង។លោកបានព្រមានពិនិត្យឡើងវិញគោលនយោបាយចិនតែមួយ ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់ចិន ចង់ដឹងចិនឆ្លើយតបយ៉ាងណាជាមួយបញ្ហាទាំងនេះ។
សូមបញ្ជាក់ថា ចិនគឺជាសម្ព័ន្ធមិត្ដជិតស្និទ្ធមួយរបស់កូរ៉េខាងជើង តែងនាំចូលផលិតផលមួយចំនួនពីកូរ៉េខាងជើង ធ្វើឲ្យរដ្ឋនុយក្លេអ៊ែរមួយនេះមានលទ្ធភាពអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ តាមរយៈប្រាក់ដែលបានពីការនាំចេញផលិតផលទៅចិន។ប៉ុន្ដែចិនក៏ត្រូវក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ស្នើឲ្យចូលរួមទប់ស្កាត់សកម្មភាពផ្គើនរបស់កូរ៉េខាងជើងដែរ។
ជាលទ្ធផលចិនបានបិទបណ្ដោះអាសន្នការនាំចូលធ្យូងថ្ម ជាវត្ថុធាតុដើមសំខាន់សម្រាប់សេដ្ឋកិច្ចកូរ៉េខាងជើង ក្នុងគោលបំណងឲ្យកូរ៉េខាងជើងធ្វើតាមការហាមឃាត់របស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ គឺផ្អាកសកម្មភាពនុយក្លេអ៊ែររបស់គេ។យ៉ាងណាមិញកូរ៉េខាងជើងនៅតែមិនស្ដាប់ និងបន្ដធ្វើតេស្ដមីស៊ីលនិងអាវុធនុយក្លេអ៊ែរជាញយដង៕