ថ្នាក់ដឹកនាំ​​និង​មន្ត្រី​គ​.​ជ​.​ប​២៥​នាក់​​បាន​ប្រកាស​​ទ្រព្យសម្បត្តិ​​និង​បំណុល​​រួចរាល់​​ហើយ​​

01-01-2017 10:34 am 1005

​មាត្រា​១៧ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ បានចែង​អំពី​ការកំណត់​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ខ្ពស់ នៃ​រដ្ឋាភិបាល និង​មន្ត្រីរាជការ​សាធារណៈ រួម​ទាំង​ថ្នាក់​ដឹកនាំ​សង្គម​ស៊ីវិល ត្រូវតែ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​រៀងរាល់​២​ឆ្នាំ​ម្តង​។

បើតាម​សេចក្ដីប្រកាស​របស់​គ​.​ជ​.​ប ដែល​ចេញ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៦ បានបញ្ជាក់​ថា គ​.​ជ​.​ប​បាន​បញ្ជូន​សំណុំ​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី គ​.​ជ​.​ប ដែល​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​របប​២​ឆ្នាំ ឆ្នាំ​២០១៧ ចំនួន​២៥​នាក់ ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រួចរាល់​ហើយ​។​

​ជា​ការកត់សម្គាល់ ការបញ្ជាក់​ពី​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុង​របស់គ​.​ជ​.​ប​នាពេលនេះ បន្ទាប់​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ កន្លង​ទៅ​បាន​ជូនដំណឹង​ដល់​មន្ត្រី​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល រួម​ទាំង​ប្រធាន​ក្រុម​ជន​បង្គោល ប្រឆាំង​អំពើពុករលួយ ប្រចាំ​នៅ​គ្រប់​ក្រសួង​-​ស្ថាប័ន និង​រាជធានី​ខេត្ត​ទាំងអស់​ត្រៀម​ខ្លួន​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ដែល​ត្រូវ​ធ្វើឡើង​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​អាទិត្យ រួម​ទាំង​ថ្ងៃ​បុណ្យ ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​៥​ល្ងាច រយៈពេល​ពេញ​មួយខែ ចាប់ពី​ថ្ងៃ​ទី​០១-៣១ ខែ​មករា ឆ្នាំ​២០១៧​។​

​តាម​ច្បាប់​ប្រឆាំង​អំពើពុករលួយ ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ធ្វើឡើង​ដោយ​សម្ងាត់ បិទ​ក្នុង​ស្រោមសំបុត្រ​។ រី​ឯ​លុយ​ក្នុង​ធនាគារ​មិន​តម្រូវ​ឲ្យ​ប្រកាស​ទេ​។

បើ​តាម​មាត្រា​៣៨ ស្ដី​ពី​បទ​មិន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ចែងថា ជន​ណា​មិន​បាន​ប្រកាស​ទ្រព្យសម្បត្តិ​និង​បំណុល ឬ​បាន​ប្រកាស​មិន​ត្រឹមត្រូវ​នូវ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ក្រោយពី​បញ្ចប់​មុខតំណែង ជន​នោះ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ខែ ទៅ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​មួយ​សែន​រៀល​(១០០.០០០) ទៅ​ពីរលាន​រៀល​(២.០០០.០០០) ហើយ​ត្រូវ​បង្ខំ​ឲ្យធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ​ជូន​អង្គភាព​ប្រ ឆាំង​អំពើ​ពុក​លួ​យ​។ ក្នុងករណី​រឹង​រួស​មិន​ព្រម​ប្រកាស​ទ្រព្យសម្បត្តិ​ទៀត ត្រូវ​ផ្តន្ទាទោស​ទ្វេដង​៕

ព័ត៌មានផ្សេងទៀត