លោក​អូ​បា​ម៉ា​​បញ្ជា​ឲ្យ​​មន្ដ្រី​រុស្ស៊ី​៣៥​រូប​​ចេញពី​​អាមេរិក​​សងសឹក​​រឿង​រុស្ស៊ី​​ជ្រៀតជ្រែក​​ការបោះឆ្នោត​

30-12-2016 8:28 am 24882
ប្រធានាធិបតីអាមេរិកលោកបារ៉ាក់ អូបាម៉ា

​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ាក់ អូ​បា​ម៉ា​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ បាន​ប្រកាស​ពី​វិធានការ​សងសឹក​លើ​រុស្ស៊ី ចំពោះ​សកម្មភាព​ជ្រៀតជ្រែក​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក ដោយ​បាន​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត​។​បន្ទាប់ពី​ក្រុម​ស៊ើបការណ៍​អាមេរិក​បញ្ចប់​ការស៊ើបអង្កេត ពួកគេ​បាន​បញ្ជាក់ថា​ការវាយប្រហា​រលើ​អ៊ីមែល​របស់​គណបក្ស​ប្រជាធិបតេយ្យ​និង​បុគ្គលិក​លោក​ស្រីគ្លីន​តុ​ន ពិតជា​មាន​បញ្ជា​ពី​វិមាន​ក្រឹម​ឡាំង​របស់​រុស្ស៊ី ក្នុង​គោលបំណង​ដាក់​លោក​ដូណាល់ ត្រាំ​ឲ្យកាន់កា​ប់​នៅ​សេត​វិមាន ព្រោះតែ​ពេញចិត្ដ​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​រូបនេះ​។​នៅ​ទីបំផុត​លោក​ដូណាល់ ត្រាំ​ក៏​ជាប់​ជា​ប្រធានាធិបតី​។​

​ក្រោយ​ការបញ្ជាក់​យ៉ាង​ច្បាស់លាស់​ពី​ក្រុម​អ្នក​ស៊ើបការណ៍ លោក​អូ​បា​ម៉ា​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី និង​ចាត់​ទុក​ទង្វើ​រុស្ស៊ី​មិនអាច​លើកលែង​បាន ព្រោះ​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​នៅ​អាមេរិក ធ្វើឲ្យ​បាត់បង់​ជំនឿ​លើ​ស្ថាប័ន​រដ្ឋ​អាមេរិក ពិសេស​ជុំវិញ​ការបោះឆ្នោត​តែម្ដង​។​នៅក្នុង​វិធានការ​ដាក់​លើ​រុស្ស៊ី លោក​អូ​បា​ម៉ា​បាន​បញ្ជា​ឲ្យ​មន្ដ្រី​រុស្ស៊ី​ចំនួន​៣៥​រូប​ក្នុងនោះ​មាន​មន្ដ្រី​ទូត​ផង ត្រូវ​ចាកចេញ​ពី​ទឹកដី​អាមេរិក​ក្នុង​រយៈពេល​៧២​ម៉ោង​។​ក្រៅពី​នេះ​ទីតាំង​កាន់កាប់​ដោយ​រុស្ស៊ី​ចំនួន​ពី​កន្លែង​នៅ​អាមេរិក​ត្រូវ​បិទទ្វារ​។​អង្គភាព​ចំនួន​ពីរ​និង​មន្ដ្រី​ស៊ើបការណ៍​បួន​នាក់ រូ​ម​ទាំង​ក្រុមហ៊ុន​គាំទ្រ​សកម្មភាព​វាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត​ចំនួន​៣​ទៀត​ក៏​រង​ទណ្ឌកម្ម​ដូចគ្នា​។​

ទាក់ទង​នឹង​ការចោទប្រកាន់​របស់​អា​មេរិក​កន្លងមក រុស្ស៊ី​ធ្លាប់បាន​ឆ្លើយតប​ដែរ​ថា បើសិន​អាមេរិក​ចាត់​វិមាន​ការ​ណាមួយ​ដាក់​លើ​មន្ដ្រី​របស់​ខ្លួន​កំពុង​បម្រើការ​នៅ​អាមេរិក នោះ​រុស្ស៊ី​នឹង​ចាត់​វិធានការ​ដាក់​មន្ដ្រី​អាមេរិក​កំពុង​បម្រើការ​នៅ​រុស្ស៊ី​ដូចគ្នា​។​អាមេរិក​ធ្វើយ៉ាងណា​ដាក់ខ្លួន រុស្ស៊ី​នឹង​ឆ្លើយតប​បែប​នោះ​វិញ​។​រុស្ស៊ី​ក៏​ធ្លាប់​ប្រកែក មិនបាន​ធ្វើ​អ្វី​ដូច​ការចោទប្រកាន់​របស់​អាមេរិកទេ​។​ចំពោះ​ទណ្ឌកម្ម​ដែល​លោក​អូ​បា​ម៉ា​ទើប​ប្រកាស​ថ្មីៗ​នេះ រុស្ស៊ី​ក៏​នៅ​មិនទាន់​ឆ្លើយតប​អ្វី​ដែរ​៕​

 ពាក្យគន្លឹះ  អាមេរិក

ព័ត៌មានផ្សេងទៀត