នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រះមហាក្សត្រ និងសម្តេចម៉ែ កំពុងយាងតាមរថភ្លើងពីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល២០១៧។ ទន្ទឹមនឹងនេះ ព្រះអង្គបានទតទីតាំងភូមិសាស្ត្រ និងការវិវត្តន៍ថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ការយាងព្រះរាជដំណើរតាមរថភ្លើងរបស់ព្រះអង្គទាំងទ្វេ គឺអមដំណើរដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា រួមទាំងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលជាច្រើនរូបទៀត។
សូមបញ្ជាក់ថា ផ្លូវរថភ្លើងពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ គឺជាស្នាព្រះហស្ថរបស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានកសាងឡើងនៅសម័យសង្គមរាស្ត្រនិយម។ ដោយសារសង្គ្រាមផ្លូវរថភ្លើងកម្ពុជាត្រូវបានបំផ្លាញខូចខាតស្ទើរទាំងស្រុង និងទុកចោលជាច្រើនឆ្នាំ៕