ប្រធានាធិបតី​តៃវ៉ាន់​​សុំ​ចុះចត​នៅ​អាមេរិក​​មុន​ទៅ​អាមេរិក​ឡាទីន​​ទំនង​ធ្វើឲ្យ​​ចិន​ខឹង​?

29-12-2016 5:22 pm 3540
ប្រធានាធិបតីតៃវ៉ាន់លោកស្រីត្សៃ អ៊ីងវិន

ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​ត្សៃ អ៊ីង​វិ​ននឹង​ឆ្លងកាត់​ទឹកដី​អាមេរិក ពេល​លោក​ស្រី​ធ្វើ​ទស្សនកិច្ច​ទៅកាន់​អាមេរិក​ឡាទីន​នៅ​ខែ​មករា​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រី​ការបរទេស​តៃវ៉ាន់​។​ការឆ្លងកាត់​អាមេរិក​ទំនង​ធ្វើឲ្យ​ចិន​ខឹង​ទៀតហើយ និង​អាច​ស្នើ​អាមេរិក​បិទ​មិន​ឲ្យ​សុំ​ចុះចត​មុន​បន្ដដំណើរ​ទៅ​អាមេរិក​ឡាទីន​ក៏​ថា​បាន​។​

​ចិន​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​លោកស្រី​ត្សៃ ព្រោះ​លោក​ស្រី​គិត​ចង់​ជំរុញឲ្យមានឯ​រាជ្យ​ពេញលេញ​សម្រាប់កោះ​តៃវ៉ាន់​។​កន្លង​មក​ចិន​ចាត់ទុក​តៃវ៉ាន់​ត្រឹម​ជា​ខេត្ដ​មួយ​របស់​ខ្លួន​ប៉ុណ្ណោះ គ្មាន​សិទ្ធិ​សម្រាប់ធ្វើ​ទំនាក់ទំនង​រវាង​រដ្ឋ​នឹង​រដ្ឋ​ជាមួយ​ប្រទេស​ផ្សេង​ទេ​។​ប៉ុន្ដែ​លោកស្រី​ប្រធានាធិបតី​ថ្មី​តៃវ៉ាន់​រូបនេះ ធ្លាប់​បាន​ជជែក​ជាមួយ​លោក​ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក​ទើប​ជាប់​ឆ្នោត ដោយ​អបអរ​ជ័យជម្នះ​លោក​ត្រាំ និង​បង្ហាញ​ការ​រឹតបន្ដឹង​ចំណង​មិត្ដភាព​ជា​មួយ​គ្នា​ផង​។​

តៃវ៉ាន់​-​អាមេរិក​បាន​ផ្ដាច់ចំណង​ការទូត​នឹង​គ្នា​តាំងពី​ឆ្នាំ​១៩៧៩ ហើយ​ភ្លាមៗអាមេរិក​បាន​ងាក​រក​ចិន​វិញ ទទួលស្គាល់​តៃវ៉ាន់​ជា​ដែនដី​របស់​ចិន​។​ចិន​ធ្លាប់​អះអាង​ថា​បើសិន​ចង់​រឹតចំណង​ការទូត ឬ​ពិភាក្សា​ការងារ​ផ្សេងៗ​ជាមួយ​ចិន ត្រូវ​ជជែក​ដោយផ្ទាល់​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដោយឡែក​តៃវ៉ាន់​គ្រាន់​ជា​ផ្នែក​មួយ​របស់​ចិន​ប៉ុណ្ណោះ​។​កាល​លោក​ស្រី​ត្សៃ អ៊ីង​វិន​ជួប​តាម​ទូរស័ព្ទ​ជាមួ​យ​លោក​ដូណាល់ ត្រាំ ចិន​ប្រតិកម្ម​ភ្លាមៗ​ព្រមទាំង​បាន​បង្ហាញ​គោលនយោបាយ​របស់​ខ្លួន​ជាមួយ​អាមេរិក​ជាថ្មី​។​ដូច្នេះ​ទើប​មាន​ការសន្និដ្ឋាន​ថា ការសុំ​ចុះចត​នៅ​អាមេរិក​មុន​លោក​ស្រី​ប្រធានាធិបតី​តៃវ៉ាន់​ទៅ​អាមេរិក​ឡាទីន ទំនង​ចិន​ប្រតិកម្ម​ម្ដងទៀត​។​

​យ៉ាងណា​ក៏​ដោយ​ព័ត៌មាន​លម្អិត​នៃ​ការឆ្លងកាត់​ទឹកដី​អាមេរិក នឹង​មាន​ការបញ្ជាក់​ឲ្យដឹង​ឆាប់ៗ​មុន​ចុង​សប្ដាហ៍​នេះ​។​ការសុំ​ចត​នៅ​អាមេរិក​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​តៃវ៉ាន់​តាមដាន​យ៉ាង​ជិតដិត ហើយ​រំពឹង​ថា​លោកស្រី​ត្សៃ​នឹង​សុំ​ជួប​ក្រុម​ផ្ទេរ​អំណាច​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​លោក​ដូណាល់ ត្រាំ មុនពេល​លោក​ត្រាំ​ស្បថ​ចូលកាន់​តំណែង​បន្ដ​ពី​លោក​បា​រ៉ាក់ អូ​បា​ម៉ា​។​

​សូមបញ្ជាក់​ថា​លោកស្រី​ត្សៃ អ៊ីង​វិ​ននឹង​ចេញពី​តៃ​វ៉ាន់នៅ​ថ្ងៃ​ទី​០៧​ខែ​មករា និង​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ទី​១៥​ខែ​មករា​ឆ្នាំ​២០១៧​។​តៃវ៉ាន់​មាន​ទំនាក់ទំនង​ការទូត​ជាមួយ​សម្ព័ន្ធមិត្ដ​ប្រមាណ​៣០​ប្រទេស​ក្នុង​ពាក់កណ្ដាល​ទសវត្ស​ឆ្នាំ​១៩៩០ ប៉ុន្ដែ​បច្ចុប្បន្ន​នៅ​មាន​ទំនាក់ទំនង​ជា​ផ្លូវការ​តែ​២១​ប្រទេស​ទេ ភាគច្រើន​ជា​ប្រទេស​តូចៗ​និង​ក្រីក្រ​នៅ​អាមេរិក​ឡាទីន​និង​នៅ​ប៉ាស៊ីហ្វិក​៕

 ពាក្យគន្លឹះ  តៃវ៉ាន់

ព័ត៌មានផ្សេងទៀត