លោក​អាបេ​ទៅ​​Pearl Harbour​​បង្ហាញ​ពី​ការផ្សះផ្សា​​ជាមួយ​អាមេរិក​​យ៉ាង​ពិតប្រាកដ​

28-12-2016 3:04 pm 1485
លោកអាបេ(ស្ដាំ)​ជាមួយលោកអូបាម៉ា​កំពុងគោរពវិញ្ញាណក្ខន្ធនៅPearl Harbour

​នាយករដ្ឋមន្ដ្រី​ជប៉ុន​លោក​ស៊ីន​ហ្ស៊ូ អាបេ បានធ្វើ​ទស្សនកិច្ច​រយៈពេល​ពីរ​ថ្ងៃ​ពី​ថ្ងៃ​ទី​២៦-២៧ ទៅ​កាន់​កោះ​ហា​វ៉ៃ​សហរដ្ឋអាមេរិក​។​កាលពី​ថ្ងៃ​ទី​២៧​ធ្នូ រូប​លោក​រួម​ជាមួយ​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា បាន​ធ្វើដំណើរ​រួមគ្នា​ទៅកាន់​កំពង់ផែ​Pearl Harbour ដាក់​បាច់ផ្កា​បួងសួង​ដល់​ជនរងគ្រោះ​ស្លាប់​ក្នុង​ហេតុការណ៍​ឆ្នាំ​១៩៤១​។​កាលណោះ​កងកម្លាំង​ជើង​អាកាស​ជប៉ុន​បាន​វាយប្រហារ​ដោយ​ទម្លាក់​គ្រាប់បែក​លើ​មូលដ្ឋានទ័ព​អាមេរិក​នៅ​កំពង់ផែ​Pearl Harbour បណ្ដាលឲ្យ​ខូចខាត​នាវាជា​ច្រើនគ្រឿង និង​មនុស្ស​ស្លាប់​ជាង​០២​ពាន់​នាក់​។​

​ការ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​នៅ​Pearl Harbour បង្ហាញ​ថា​លោក​អាបេ​ចង់​សុំទោស​ចំពោះ​រឿងហេតុ​ដែល​បាន​កើតឡើង​នៅ​ថ្ងៃទី​០៧​ខែ​ធ្នូ​ឆ្នាំ​១៩៤១​។​នៅ​ទីនោះ​លោក​បាន​ថ្លែងថា “​យើង​មិន​ត្រូវ​ធ្វើឲ្យ​មាន​សង្គ្រាម​ដ៏​រន្ធត់​នេះ​កើតឡើង​ម្ដង​ទៀត​ទេ​។​នេះ​ជា​ការប្ដេជ្ញាចិត្ដ​ដ៏​ខ្លាំងក្លា​ដែល​ប្រជាជន​បាន​ធ្វើ​។​ខ្ញុំ​សុំ​ប្ដេជ្ញា​ផ្សះផ្សា​ជាតិ​ឡើងវិញ និង​ស្វែងរក​សន្ដិភាព​ឲ្យបាន​ពេញលេ​ញ​។​”

ទិដ្ឋភាពនៃការទម្លាក់គ្រាប់នៅPearl Harbour

ឥរិយាបថ​របស់​លោក​នាយករដ្ឋមន្ដ្រី​ជប៉ុន​អាបេ ត្រូវបាន​អ្នកឃ្លាំមើល​ស្ថានភាព​នយោបាយ​លើកឡើងថា ជា​ឥរិយាបថ​ចង់​ស្វែងរក​ចំណង​ការទូត​កាន់តែ​ស្អិតល្មួត​ជាមួយ​អាមេរិក​។​លោក​ជា​មេដឹកនាំ​ជប៉ុន​ទីមួយ​ដែល​បាន​ទៅ​ទីតាំង​រម្លឹក​វិញ្ញាណក្ខន្ធ​នៅ​Pearl Harbour​។​តាមរយៈ​សកម្មភាព​លោក​លើក​នេះ ក៏​ជា​សារ​មួយ​បង្ហាញ​ដល់​អន្ដរជាតិ ដែល​តែង​ចង់​ឲ្យ​លោកអា​បេចេញមុខ​សុំ​ទោស​ជា​សាធារណៈ ចំពោះ​រឿងរ៉ាវ​ប្រវត្ដិសាស្ដ្រ​ដែលជ​ប៉ុនបាន​ធ្វើ​។​វា​គឺជា​ចេតនា​ដែល​លោក​អាបេ​ចង់បង្ហាញ​ថា ចង់​បាន​សន្ដិភាព​ពិតប្រាកដ និង​ចង់បាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​ជិតខាង​នៅក្នុង​តំបន់ ដែល​ជប៉ុន​បាន​ធ្វើបាប​ក្នុង​សម័យ​សង្គ្រាម​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​ស៊ីន​ហ្ស៊ូ អាបេ​ទៅ​កោះហា​វ៉ៃ ធ្វើឡើង​ត្រឹម​តែ​រយៈពេល​០៧​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ប្រធានាធិបតី​អាមេរិក​បា​រ៉ាក់ អូ​បា​ម៉ា​បានធ្វើ​ទស្ស​កិច្ច​ទៅ​កាន់​ទីក្រុង​ហ៊ី​រ៉ូស៊ី​ម៉ា កន្លែង​ដែល​អាមេរិក​ទម្លាក់​គ្រាប់បែកបរមាណូ​ធ្វើឲ្យ​ជប៉ុន​ចាញ់​សង្គ្រាមលោកលើកទី​ពីរ​។​លោក​អូ​បា​ម៉ា​ក៏​បាន​ទៅ​កន្លែង​គោរព​វិញ្ញាណក្ខន្ធ គោរព​អ្នកស្លាប់​បាត់បង់​ជីវិត​ក្នុង​ការទម្លាក់​គ្រាប់​កាលណោះ​ដែរ​។​

លោកអាបេ(ឆ្វេង)​ពេលជួបជាមួយលោកអូបាម៉ា

ការទទួលស្គាល់​រៀងខ្លួន​នូវ​មហន្ដរាយ​ក្នុង​សម័យ​សង្គ្រាម ជា​បំណង​អាមេរិក​និង​ជប៉ុន​ពិតជា​ចង់​ចៀសឲ្យផុត​ពី​ប្រវត្ដិសាស្ដ្រ​ច្រំ​ដែល ងាក​មក​រឹតចំណង​មិត្ដភាព​ជា​មួយគ្នា​វិញ​។​ដ្បិត​បច្ចុប្បន្ន​ប្រទេស​ទាំង​ពីរ​ជា​សម្ព័ន្ធមិត្ដ​ហើយ​ក្ដី ប៉ុន្ដែ​ទាំង​ប្រជាជន​អាមេរិក​និង​ប្រជាជន​ជប៉ុន​នៅ​តែ​ចងចាំ​រឿង​ឈឺចាប់​បាន​កើតឡើង​។​ចង់ឲ្យ​ភាពឈឺចាប់​រលាយបាត់​អស់ លុះត្រាតែ​អាមេរិក​-​ជប៉ុន​ទទួលស្គាល់​កំហុស​រៀងៗ​ខ្លួន ហើយ​ចាប់ដៃគ្នា​ជា​ថ្មី​កសាង​សន្ដិភាព​សម្រាប់​ប្រទេសជាតិ​និង​សម្រាប់​ប្រជាជន​៕

 ពាក្យគន្លឹះ  ជប៉ុន-អាមេរិក

ព័ត៌មានផ្សេងទៀត