ជាយុទ្ធនាការទ្រង់ទ្រាយធំដែលពុំធ្លាប់មានពីមុន ដែលសាលារាជធានីភ្នំពេញដាក់គម្រោងថានឹងជួសជុលផ្លូវចំនួន៥៧ខ្សែដែលរងការខូចខាត ឲ្យរួចរាល់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលឈានចូលមកដល់ក្នុងអំឡុងខែមេសា ឆ្នាំ២០១៧ខាងមុខនេះ។ ផ្លូវជាតិចំនួន៥៧ខ្សែ ដែលមានប្រវែងសរុប ៦៤, ៦២០ ម៉ែត្រ ក្នុងរាជធានីភ្នំពេញ ត្រូវបានលោកឃួន ស្រេង អភិបាលរងសាលារាជធានីភ្នំពេញលើកឡើងថា អាចនឹងចំណាយថវិកាអស់ប្រមាណជា ១០លានដុល្លារអាមេរិក។
ថ្លែងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវ នៅក្នុងមូលដ្ឋានរដ្ឋបាលខណ្ឌទួលគោកនាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ លោកឃួង ស្រេង អភិបាលរងសាលារាជធានីភ្នំពេញ បានលើកឡើងថា៖ «នៅចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ ដើម្បីឆ្លើយតបនឹងសំណូមពរ កង្វល់របស់ប្រជាពលរដ្ឋ និងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទីក្រុង រដ្ឋបាលរាជធានីភ្នំពេញនឹងជួសជុលផ្លូវចំនួន៥៧ខ្សែ ដែលជាយុទ្ធនាការជួសជុលផ្លូវខូចបន្ទាន់ ដើម្បីទប់ស្កាត់ការខូចខាតធ្ងន់ធ្ងរនារដូវវស្សាឆ្នាំ ក្រោយ ជួយសម្រួលចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យសមស្របនឹងកំណើនប្រជាពលរដ្ឋ កំណើនរថយន្ដ កើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ»។
ជាមួយគ្នានោះផងដែរ លោកឃួន ស្រេង ក៏បានណែនាំដល់រដ្ឋបាលខណ្ឌ ត្រូវយកចិត្តទុកដាក់ពីគុណភាពផ្លូវ និងត្រួតពិនិត្យតាមដានរាល់សកម្មភាពដែលអសកម្មរបស់ក្រុមហ៊ុនទទួលការស្ថាបនា។ ចំពោះក្រុមហ៊ុនវិញ ក៏ត្រូវបញ្ជៀសការរំខាននានាដែលមានការប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋានកំឡុងពេលជួសជុល បន្ថែមពីនេះ ក៏សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋ ដើម្បីសហការឱ្យដំណើរការជួសជុលមានប្រសិទ្ធភាព និងឆាប់រហ័ស។
គួរជម្រាបថា បញ្ហាផ្លូវថ្នល់នេះ កន្លងមកក៏ធ្លាប់មានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងសង្គមស៊ីវិលមួយចំនួនថា រដ្ឋាភិបាលមិនសូវបានយកចិត្តទុកដាក់ខ្ពស់លើការងារជួសជុលផ្លូវនេះទេ ដោយគ្រាន់តែធ្វើ កុំឲ្យគេថាអត់ធ្វើតែប៉ុណ្ណោះ។ រហូតដល់មានអ្នកខ្លះលើកឡើងថា រដ្ឋាភិបាលបានត្រឹមតែចេញនូវវិធានការខ្យល់ តែការអនុវត្តវិញពុំសូវមានប្រសិទ្ធភាពនោះទេ។ យ៉ាងណាមិញសម្រាប់វិធានការថ្មីដែលពុំធ្លាប់មានពីមុនរបស់សាលាក្រុងនោះពេលនេះ តើនឹងទទួលបានផ្លែផ្កាកម្រិតណា?