សេចក្តី​ព្រាង​​វិសោធនកម្ម​ច្បាប់​​ចរាចរណ៍​ផ្លូវគោក​​បាន​​អនុម័ត ​ទាំង​ប្រទាំង​​ប្រទើស​​

26-12-2016 3:10 pm 13298

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៦​នេះ រដ្ឋសភា​ជាតិ បាន​បើក​កិច្ចប្រជុំ​ពេញអង្គ​របស់​ខ្លួន ដើម្បី​ពិភាក្សា និង​អនុម័ត​ទៅលើ​សេចក្តីព្រាង​វិសោធនកម្ម ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ជា​លទ្ធផល រដ្ឋសភា បានអនុម័ត​ទាំងស្រុង​ហើយ​ក្រោម​សំឡេង​សមាជិក​៩៣ លើ​១០០​រូប​។ ជា​ការកត់សម្គាល់ មុន​នឹង​អនុម័ត​ច្បាប់​នេះ  គេ​ឃើញ​មាន​ការជជែក​ដេញដោល យ៉ាង​តឹង​ស​សៃករ​ដាក់គ្នា រវាង​តំណាងរាស្ត្រគណបក្ស​ធំទាំងពីរ​។ 

​នៅ​កិច្ចប្រជុំ​សភាពេញអង្គ​ថ្ងៃនេះ គឺធ្វើឡើង​ដោយ​មាន​ការចូលរួម​ពី​លោក​ហេង សំរិន ប្រធានរដ្ឋសភា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាងរាស្ត្រ​របស់​គណបក្ស​ទាំង​ពីរ​ផង​ដែរ​។

​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា និង​អនុម័ត​ទៅលើ​សេចក្តីព្រាង​វិសោធនកម្ម​សេចក្តីព្រាង​វិសោធនកម្ម ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​រៀបចំឡើង​ដោយ​រាជរដ្ឋាភិបាល​ដែល​ដឹង​នាំ​ដោយ​គណ​បក្ស​​ប្រជាជន​កម្ពុជា​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ រដ្ឋសភា​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ គឺ​បាន​អនុម័ត​ទៅលើ​សេចក្តីព្រាង​វិសោធនកម្ម ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​។

​បើទោះបីជា​សេចក្តីព្រាង​វិសោធនកម្ម ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី បាន​អនុម័ត​រួច​ហើយ ប៉ុន្តែ​គេ​សង្កេត ឃើញថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មិន​សប្បាយចិត្ត​ចំពោះ​មាត្រា​មួយចំនួន​។ ត្រង់​មាត្រា​៨ ដែល​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន «​សម្រេច​ញ្ឈប់​មិនចាំបាច់​ឲ្យមាន​ប័ណ្ណបើកបរ​ចំ​ពោះ​ម៉ូតូ​ចាប់ពី​កម្លាំង​១២៥​សេ​សេ​ចុះក្រោម​»  ត្រូវបាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លើកយក​ជជែក​ក្នុង​សភា​ពេញអង្គ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ធ្នូ​នេះ​។

​តំណាងរាស្ត្រ​បក្ស​ប្រឆាំង បាន​សម្តែង​ការ​មិន​គាំទ្រ​ចំពោះ​ការសម្រេច​នេះ​ឡើយ ហើយ​បាន​ស្នើឲ្យ​រដ្ឋសភា​សម្រេច​កែសម្រួល​ច្បាប់ ដោយ​តម្រូវឲ្យ​មាន​ប័ណ្ណបើកប​រ​ម៉ូតូ​ឡើងវិញ​។ គណបក្ស​សង្គ្រោះ​ជាតិ យល់ថា ទោះបី​អ្នកបើកបរ​ម៉ូតូ​ក្រោម​១២៥​សេ​សេ ក៏​ត្រូវតែ​មាន​ប័ណ្ណបើកប​រដែរ ព្រោះ​វា​ជា​ផ្នែក​មួយ​ក្នុងការ​រឹតបណ្តឹង​ច្បាប់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។

​លោក​អេង ឆៃអ៊ាង តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើង​ថា ការគ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បង្ក​ដោយ​មនុស្ស ហើយ​មនុស្ស​ដែល​គ្រោះថ្នាក់ គឺ​មិន​ចេះ​ច្បាប់​ចរាចរណ៍ ដូច្នេះ​រដ្ឋាភិបាល គួរតែ​ពិចារណា​លើ​ចំណុច​នេះ​…

​សំឡេង​លោក​អេង ឆៃអ៊ាង​៖

​យ៉ាងណាក្តី បញ្ហា​នេះ​ត្រូវ​បាន​ជជែក​ដេញដោល​តឹង​សសៃក​ដាក់គ្នា​រវាង​តំណាង​គណបក្ស​ទាំង​ពីរ​ក្នុង​រដ្ឋសភា​។ លោក​ហ៊ុន សែន ជា​ប្រមុខ​គណបក្ស​ប្រជាជន និង​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផង លោក​នៅតែ​ប្រកាស​ជំហរ​ការពារ​មាត្រា​៨​នេះ​។ លោក​ហ៊ុន សែន បានបញ្ជាក់​ធ្ងន់ៗ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ពេញចិត្ត មិនបាច់​លើកដៃ​គាំទ្រ​ច្បាប់​នេះ​ទេ បើ​ចង់​តវ៉ា​លើ​បញ្ហា​នេះ អាច​ដាក់​​ក្នុង​គោល​នយោបាយ​គណបក្ស ដើម្បី​ប្រកួតប្រជែង​គ្នា​វិញ​។ សម្រាប់​គណបក្ស​ប្រជាជន​របស់​លោក ត្រូវតែ គាំទ្រ​ចំណុច​នេះ​…

​សំឡេង​លោក​ហ៊ុន សែន​៖

​តែ​យ៉ាងណាក៏ដោយ ការ​តឹង​សសៃក​ដាក់គ្នា​រវាង​តំណាង​គណបក្ស​ទាំង​ពីរ​នេះ ត្រូវបាន​បញ្ចប់​ទៅ​វិញ​។ បញ្ចប់​ក្រោយពី​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​បាន​ថ្លែង​ពី​គោលជំហ​របស់​គណ​បក្ស​​សង្គ្រោះ​ជាតិ​។ លោក​កឹម សុខា លើកឡើងថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​មាន​បំណង​យក​បញ្ហា​នេះ​ទៅ​ដាក់​ក្នុង​គោលនយោបាយ​បក្ស​របស់​ខ្លួន​ឡើយ ហើយ​លោក​ថា ការជំទាស់​ពី​សំណាក់​តំណាងរាស្ត្រ​របស់​ខ្លួន គ្រាន់តែ​ជា​ការបញ្ចេញ​មតិ​តែប៉ុណ្ណោះ​។ ជាមួយគ្នានេះ លោក​កឹម សុខា ក៏​បាន​គាំទ្រ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែរ​…

​សំឡេង​លោក​កឹម សុខា​៖

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា និង​អនុម័ត​ទៅលើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវគោក បន្ទាប់ពី​មាន​ប្រតិកម្ម​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ជុំវិញ​ការអនុវត្ត​ច្បាប់​នេះ ចាប់ពី​ដើមឆ្នាំ​២០១៦​មក​។ ចំណុច​ដែល​បាន​សម្រេច​ធ្វើ​វិសោធនកម្ម​ឡើងវិញ​នោះ មានដូចជា​៖​មាត្រា​៨, មាត្រា​៤០, មាត្រា​៤១, មាត្រា​៤៨, មាត្រា​៧៥, មាត្រា​៧៧, មាត្រា​៩២, មាត្រា​៩០​ជាដើម​៕

(ដោយ គួន សំបូរ​)

ព័ត៌មានផ្សេងទៀត